ជាតិ
សេដ្ឋកិច្ច
CDC ចេញ​ច្បាប់​ឲ្យ​ក្រុមហ៊ុន​៤ ដែលមាន​ទុនវិនិយោគ​សរុប​១៦​លាន​ដុល្លារ បើក​រោងចក្រ​នៅ​កម្ពុជា
04, May 2018 , 9:39 pm        
រូបភាព
លោក សុខ ចិន្តាសោភា ប្រធានCDC
លោក សុខ ចិន្តាសោភា ប្រធានCDC
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដល់​ក្រុមហ៊ុន​ចំនួន​៤ ដែលមាន​តម្លៃ​ទុនវិនិយោគ​សរុប​ជិត​១៦​លាន​ដុល្លារ ដើម្បី​ដំណើរការ​សាងសង់​រោង​ចក្រ និង​បង្កើត​ការងារ​ជាង​១,៦០០​កន្លែង​។​



​ទីតាំង​រោងចក្រ​របស់​ក្រុម​ទាំង​៤​នេះ គឺ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​, អូរ​នាង ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​បើតាម CDC ក្រុមហ៊ុន​ទាំង​៤​រួមមាន​៖ ១. ក្រុមហ៊ុន MASSFLAME ENERGY (CAMBODIA) CO., LTD គ្រោង​បង្កើត​រោងចក្រ​ផលិត​ជីវម៉ាស​ឥន្ធនៈ មាន​ទុនវិនិយោគ​១​លាន​ដុល្លារ អាចបង្កើត​ការងារ​បាន​ជាង​១០០​កន្លែង​។ ២. ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO., LTD បង្កើត​ចក្រ​ផលិត​ទឹកបរិសុទ្ធ មាន​ទុនវិនិយោគ​ចំនួន ៥,១​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជាង ៦០០​កន្លែង​។ ៣. ក្រុមហ៊ុន SVF FIT (CAMBODIA) CO., LTD បង្កើត​រោងចក្រ​ផលិត​ប្រដាប់​ដាក់​បំពង់​ទឹក ទុនវិនិយោគ​ចំនួន ៧​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជាង​១០០​ន្លែ​ង​។ ៤. ក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD បង្កើត​រោងចក្រ​ផលិត​ប្រអប់​ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ និង​បង្គុំ​សម្ភារ បរិក្ខារ​អេឡិចត្រូនិក មាន​ទុនវិនិយោគ​ប្រមាណ ៣, ៤៣​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង​៧៧០​កន្លែង​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​MASSFLAME ENERGY (CAMBODIA) CO., LTD, ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO., LTD និង​ក្រុមហ៊ុន SVF FIT (CAMBODIA) CO., LTD មាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​។ ចំណែក​ក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD មាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​, អូរ​នាង ខេត្តបន្ទាយមានជ័យ​៕


Tag:
 CDC
 ​រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com