ពីនេះ ពីនោះ
ត្រី​កញ្ចុះថ្ម មាន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម ជាពិសេស​ទន្លេសេកុង​
05, May 2018 , 4:59 pm        
រូបភាព
Thach Phanara / http://ffish.asia
Thach Phanara / http://ffish.asia
ដោយ:
 ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្រោម និង​នៅក្នុង​ដៃទន្លេ​សំខាន់ៗ​របស់​វា​ផងដែរ ដូចជា​ទន្លេសេកុង​ជាដើម​។



 
ត្រី​កញ្ចុះថ្ម មានឈ្មោះ​វិទ្យាសាស្ត្រ (Pseudomystus siamensis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Asian bumblebee catfish ជា​ប្រភេទ​ត្រី​ទឹកសាប ដែលមាន​រស់នៅ​ពាសពេញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម ទន្លេ​មេ​ក្លង ទន្លេ​ចៅ​ប្រា​យ៉ា ប្រព័ន្ធ​ទន្លេ​នៅ​សងខាង​ជម្រាល​នៃ​ឧបទ្វីប​ម៉ា​ឡេ និង​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​នា​ភាគ​អាគ្នេយ៍​ក្នុងប្រទេស​ថៃ ជាដើម​។ ត្រី​កញ្ចុះថ្ម មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៥​ស​.​ម​។

វា​ស៊ី​កូនតូចៗ របស់​វារិ​សត្វ ព្រមទាំង​កន្ទុំរុយ​ផងដែរ​ជា​អាហារ​។ ត្រី​កញ្ចុះថ្ម ពង​-​កូន អំឡុងពេល​រដូវវស្សា​ចាប់ផ្តើម​ចូលមក​ដល់ ដោយ​យើង​អាច​ឃើញ​កូនតូចៗ​របស់​វា​ជាប់​មង​របស់​អ្នកនេសាទ នៅក្នុង​ខែឧសភា​។ ត្រី​កញ្ចុះថ្ម ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែល​រងគ្រោះ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ មិនត្រូវ​បាន​គេ​ដឹង​ឡើយ​។

ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត និង​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ ការប្រើប្រាស់​រំសេវ​ផ្ទុះ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​មច្ឆជាតិ​ទូទៅ​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដែល​អាច​និយាយបានថា ត្រី​មួយចំនួនធំ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​បាត់​រូបរាង សល់​ត្រឹមតែ​ឈ្មោះ​សម្រាប់​ក្មេងជំនាន់ក្រោយ​ហៅ​ប៉ុណ្ណោះ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ទាំងអស់គ្នា​នោះទេ​។​

© រក្សាសិទ្ធិដោយ thmeythmey.com