ភ្នំពេញ៖
ជនណាដែលរារាំងពលរដ្ឋបោះឆ្នោត នឹងរងពិន័យពី៥ ទៅ២០លានរៀល ដោយពុំទាន់គិតទោសព្រហ្មទណ្ឌផ្សេងៗទៀត ។
ការផាកពិន័យនេះ មានចែងនៅក្នុងច្បាប់ស្តីពីការជ្រើសរើសតំណាងរាស្ត្រ ត្រង់ជំពូកទី១០ ស្តីពីទោសបញ្ញត្តិ នៃមាត្រា៤២ ចែងថា«ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០រៀល (ប្រាំលាន)រៀល ទៅ២០,០០០,០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត»។
ចំណុច ដែលចាត់ទុកជាការល្មើសច្បាប់ ដែលត្រូវផាកពិន័យនោះ រួមមាន៖ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
-បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។
-ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោត ប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សា ទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ។
-រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត។
-រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោតតាមការកំណត់។
-ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។
-ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។
-បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។
-បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន។
-ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត។
-ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស។
ត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលមានចែងក្នុងកថាខណ្ឌទី១ ខាងលើ ចំពោះជនដែលប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើនេះ។
ត្រង់ចំណុចនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើឲ្យមេដឹកនាំ និងសកម្មជនគាំទ្រនយោបាយ កុំប្រព្រឹត្តសកម្មភាពមិនគប្បីណាមួយ ដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតខាងមុខនេះ។ បន្ថែមពីនេះ លោក ហង្ស ពុទ្ធា ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការបោះឆ្នោត ដោយមិនត្រូវជឿលើការ អុចអាលរបស់អ្នកនយោបាយឡើយ។
មកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៣ហើយ ដែលបានមកដាក់ពាក្យនៅគ.ជ.ប ដើម្បីចូលរួមឈរបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ។ គណបក្សទាំង៣នេះ មានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា៕