ខ្មែរ​ក្រហម
ជាតិ
សៀវភៅ «របប​មច្ចុរាជ» ស្តីពី​ជីវិត​ពិត​នៅ​របប​ខ្មែរក្រហម បានចេញ​ផ្សាយ​ជា​ផ្លូវការ
03, Jun 2013 , 4:52 pm        
រូបភាព
សៀវភៅ​ដែលមាន​ចំណងជើង​ថា «របប​មច្ចុរាជ» ត្រូវបាន​ដាក់​ឲ្យ​ចេញផ្សាយ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី៣ ខែមិថុនា​នេះ។ សៀវភៅ​នេះ ជា​រឿងរ៉ាវ​ពិត របស់​អ្នកនិពន្ធ ដែល​បាន​ឆ្លងកាត់​​ក្នុង​របប​ខ្មែរក្រហម។


ក្នុង​គោលបំណង ដើម្បី​ចែករំលែក​ជា​មេរៀន​ដ៏​សែន​ជូរចត់ ក្នុង​របប​ប្រល័យពូជសាសន៍​ដែល​ពុំ​អាច​នឹង​បំភ្លេចបាន​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​នោះ លោក ឡុង កែម ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​គូ​វែ​ត បាន​ឆ្លៀតពេល​ដ៏​មាន​សារសំខាន់​របស់គាត់ រៀបចំ​ចងក្រង​ជា​ឯកសា​នេះ​ឡើង។

លោក ឡុង កែម បាន​សហការ​ជាមួយ​អ្នកកាសែត​ជើងចាស់​នៅ​កម្ពុជា គឺ​លោក ឆាយ សុផល ក្នុងការ​ចងក្រង​សៀវភៅ​ថ្មី​មួយ ដែល​និយាយ​ពីបទ​ពិសោធ​នានា​របស់​រូបលោក​ផ្ទាល់ និង​បញ្ហា​ជួបប្រទះ​មួយចំនួនទៀត ក្នុង​របប​ខ្មែរក្រហម ដែល​លោក​បាន​ជួបប្រទះ​រយៈពេល​ជាង​បី​ឆ្នាំ​នោះ។

លោក ឆាយ សុផល បាន​ឲ្យ​ដឹងថា  សៀវភៅ​នេះ ត្រូវបាន​បោះពុម្ព ជា​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ក្នុងនោះ​ក៏មាន​លក់​នៅតាម​បណ្ណាគារ​មួយចំនួន​ហើយ​នៅ​រាជធានី​ភ្នំពេញ។
 
លោក​បាន​បន្តថា សៀវភៅ​នេះ សរសេរ​រៀបរាប់​ពី​ជីវិត​អ្នកនិពន្ធ​ផ្ទាល់​ក្នុង​របប​ខ្មែរក្រហម ហើយ​វា​ខុសពី​សៀវភៅ​ដទៃ​មួយចំនួន ដែល​បាន​សរសេរ​ឡើង​ពី​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​ពី​បុគ្គល​ផ្សេង​នោះ។

លោក ឆាយ សុផល បាន​ពន្យល់ថា សៀវភៅ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ការសិក្សា ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​ប្រព្រឹត្ត​អំពើ​សាហាវយង់ឃ្នង កាប់សម្លាប់ មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ក្មេង​ចាស់ ប្រុស​ស្រី នៅ​ប្រទេស​កម្ពុជា។
លោក​ថា សៀវភៅ​នេះ ក៏​អាច​ឲ្យ​កូនចៅ​ខ្មែរ​គ្រប់រូប​អាច​បានដឹង ហើយ​ត្រូវ​ធ្វើយ៉ាងណា​ចៀស​កុំ​ឲ្យ​មាន​គ្រោះមហន្តរាយ​បែបនេះ កើតមាន​មកលើ​ប្រទេស​កម្ពុជា​យើង​សារជាថ្មី​ម្តងទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com