អន្តរជាតិ
បក្ស​បំបែក​សំឡេងឆ្នោត​,​គណៈកម្មការ​បោះឆ្នោត​ល​ម្អៀ​ង ធ្វើ​ឲ្យ​បក្សប្រឆាំង​របស់ មហា​ធៀ ពិបាក​ឈ្នះឆ្នោត​
08, May 2018 , 5:21 pm        
រូបភាព
​ប្រជាជន​ម៉ាឡេស៊ី​នឹង​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នៅ​ថ្ងៃ​៩ ខែឧសភា​។ ការបោះឆ្នោត​ដែល​នឹងមាន​ការប្រកួតប្រជែង​យ៉ាង​តឹងតែង​បំផុត​មិន​ធ្លាប់មាន​ចាប់ពី​ប្រទេស​នេះ​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ឆ្នាំ ១៩៥៧​។ ខណៈដែល​មានការ​រំពឹង​ចង់​ឲ្យ​បក្សប្រឆាំង​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​មហា​ធៀ មហាម៉ាត់ ឈ្នះឆ្នោត អ្នកស្រាវជ្រាវ និង​តាមដាន​ស្ថានការណ៍​នយោបាយ​ជាពិសេស​ការបោះឆ្នោត​ម៉ាឡេស៊ី​នៅតែ​មើលឃើញ​វា​ជា​រឿង​លំបាក​សម្រាប់​បក្សប្រឆាំង​ក្នុងការ​យកជ័យ​ជម្នះ​នេះ​។​



​ប្រជាជន​ជិត ១៥​លាន​នាក់​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​សាកល​លើក​ទី ១៤ ហើយ​ក្មេងៗ និង​ប្រជាជន​វណ្ណៈ​កណ្តាល​នៅ​ទីក្រុង​ហាក់​ត្រៀមខ្លួន​បោះឆ្នោត​ឲ្យ​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់​ផង​។  នេះ​ក៏​ព្រោះថា បក្សប្រឆាំង​ប្រើ​គោលនយោបាយ​ជំរុញ​ស្មារតី​ជាតិនិយម​ដូចជា​ចង់​រឹតត្បិត​ការវិនិយោគ​របស់​ចិន​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បក្ស​នេះ​ក៏បាន​សន្យា​កែទម្រង់​នយោបាយ​កំណត់​អាណត្តិ និង​បន្ថយអំណាច​នាយករដ្ឋមន្ត្រី និង ព្យាម​ដោះស្រាយ​បញ្ហា​សង្គម លើកស្ទួយ​ជីវភាព​ប្រជាជន​ក៏ដូចជា​លុបបំបាត់​បញ្ហា​ពុករលួយ និង លើក​មុខមាត់​ប្រទេសជាតិ​ឡើងវិញ​ផង​។

​ខណៈ​បក្ស​កាន់អំណាច​ឯណោះ​វិញ​ព្យាយាម​ទាញ​សំឡេង​ពី​ប្រជាជន​នៅតាម​ជនបទ​ដែល​ក្រីក្រ​តាមរយៈ​ការសន្យា​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា ផ្តល់​សេវា​ធានារ៉ាប់រង​ដល់​កសិករ និង​ពលករ ហើយ​ថែមទាំង​ធានា​រក្សា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ថែមទៀត​។ ប៉ុន្តែ​បក្ស​នេះ​បន្ត​យុទ្ធសាស្ត្រ​ព្រមាន​ប្រជាជន​កុំ​ឲ្យ​ជឿជាក់​លើ​ការផ្លាស់ប្តូរ​ព្រោះ​វា​អាច​នាំ​ឲ្យ​ខូចប្រយោជន៍​ជាតិ​ផង​។ 

-​សមរភូមិ​នយោបាយ​សំខាន់ៗ​កំណត់​លទ្ធផល​បោះឆ្នោត​

​លោក Iga Tsukasa អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សិក្សា​អាស៊ីអាគ្នេយ៍ (CEAS) ប្រចាំ​សាកលវិទ្យាល័យ​ក្យូ​តូ  បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  សម្ព័ន្ធ​គណបក្សប្រឆាំង Pakatan Harapan មាន​មូលដ្ឋាន​រឹងមាំ​ន​តាម​ទីក្រុង ប៉ុន្តែ​ពួកគេ​ពិបាក​ទាញ​សំឡេង​ពី​ក្រុង​អ្នករស់នៅ​ជនបទ​ណាស់​។ ដូច្នេះហើយ​ខាង​សម្ព័ន្ធ​បក្ស​កាន់អំណាច Barisan Nasional មាន​មូលដ្ឋាន​រឹងមាំ​នៅ​ទីនោះ​។ ក្រៅពី​បក្ស​ទាំងពីរ​នេះ បក្ស​ឥស្លាម​ម៉ាឡេស៊ី (PAS) នោះ​ក៏មាន​មូលដ្ឋាន​រឹងមាំ​នៅ​តំបន់​មួយចំនួន​ដូចគ្នា​។

​បើតាម​ការមើលឃើញរ​ប​ស់លោក Tsukasa សមរភូមិ​សំខាន់​សម្រាប់​ការបោះឆ្នោត​នេះ​គឺ​នៅ​រដ្ឋ Kedah, Johor និង Perak​។ Kedah ជា​មណ្ឌលបោះឆ្នោត​លោក មហា​ធៀ និង​កូនប្រុស​ខ្លួន​ឈរឈ្មោះ​។ រដ្ឋ Johor ជា​មណ្ឌល​ដែល​អតីត​ឧបនាយករដ្ឋមន្ត្រី Muhyiddin Yassin ដែល​បច្ចុប្បន្ន​ជា​សមាជិក​សម្ព័ន្ធ​បក្សប្រឆាំង​ឈរឈ្មោះ​។ ចំណែក​នៅ​រដ្ឋ Perak វិញ​ជា​មណ្ឌល​ដែល​បក្សប្រឆាំង​ទាញ​បានការ​គាំទ្រ​ច្រើន​កាលពី​ការបោះឆ្នោត​ឆ្នាំ ២០០៨​។

​ក្រៅពី​សមរភូមិ​សំខាន់​ទាំងបី អ្នកជំនាញ​ខាងលើ​បាន​ព្យាករ​ផងដែរ​ថា​រដ្ឋ Selangor និង Penang អាច​នឹង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បក្សប្រឆាំង ព្រោះ​ប្រជាជន​នៅ​ទីនោះ​មិន​ពេញចិត្ត​លោក ណា​ជីប ទេ​។ ប៉ុន្តែ បញ្ហា​មួយ​នៅត្រង់ថា ប្រជាជន​វ័យ​ក្រោម ៤០​ឆ្នាំ​ភាគច្រើន​នៅ​មិនទាន់​សម្រេចចិត្ត​ច្បាស់លាស់​នៅឡើយ​ថា​គួរ​ជ្រើសរើស​អ្នកណា​ព្រោះ​គេ​មិន​ពេញចិត្ត​ទាំង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​ដែរ​។

​បើតាម​លោក Tsukasa សម្រាប់​ប្រជាជន​ម៉ាឡេស៊ី លោក មហា​ធៀ និង លោក ណា​ជីប គ្មានអ្វី​ខុសគ្នា​ប៉ុន្មាន​ទេ​គ្រាន់តែ​គេ​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​បាន​ម៉ត់ចត់​បន្តិច​ថា តើ​អ្នក​ទាំងពីរ​មួយណា​អាក្រក់​ជាង​មួយណា​ប៉ុណ្ណោះ​។

​លោក Tsukasa និយាយ​បែបនេះ​៖« អ្នកនយោបាយ​ទាំងពីរ​ជា​បិសាច​ដូចគ្នា ប៉ុន្តែ​មាន​ម្នាក់​អាក្រក់​ខ្លាំង  ហើយ​មួយទៀត​មិនសូវ​អាក្រក់​តែប៉ុណ្ណោះ​»​។
​តាមពិតទៅ​លោក មហា​ធៀ ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ផ្តាច់ការ​ដោយ​លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ២២​ឆ្នាំ ហើយ​ក្រោម​ការដឹកនាំ​របស់លោក​អ្នកប្រឆាំង​គឺ​មិន​នៅបាន​សុខ​ឡើយ​។ ជា​ឧទាហរណ៍​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែលជា​មេដឹកនាំ​បក្សប្រឆាំង​និង​ក្លាយជា​សម្ព័ន្ធមិត្ត​របស់​លោក​មហា​ធៀ​នោះ ធ្លា​ប់លោក មហា​ធៀ ដកតំណែង និង​ចាប់​ញាត់​គុក​ម្តង​រួចទៅហើយ​។  

​ចំណែក​លោក ណា​ជីប វិញ​នោះ​ល្បីល្បាញ​ដោយសារ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​លុយ​រដ្ឋ​រាប់រយ​លាន​ដុល្លារ (1MDB) ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​អ្នកនយោបាយ​រូបនេះ​ត្រូវបាន​គេ​ចាត់​អ្នកនយោបាយ​ផ្តាច់ការ​ស្រលាញ់​អំណាច​មិន​ខុសពី​លោក មហា​ធៀ ដែរ​។​

-​ប្រជាជន​ចង់​ផ្លាស់ប្តូរ តែ​បក្សប្រឆាំង​ពិបាក​យកឈ្នះ​បក្ស​កាន់អំណាច​

​ទោះជា​មានការ​រំពឹង​ចង់បាន​ការផ្លាស់ប្តូរ​ក៏ដោយ អ្នក​ដែល​ឈ្នះ​ការបោះឆ្នោត​ថ្ងៃស្អែក​នៅតែ​ជា​រឿង​ស្រពេចស្រពិល​។ អ្នកជំនាញ​ក៏​មើលឃើញ​ផងដែរ​ថា ថ្វីបើ​មាន​ប្រជាប្រិយភាព​ខ្ពស់​ក៏ដោយ បក្សប្រឆាំង​នេះ​ប្រឈម​បញ្ហា​ច្រើនណាស់ ហើយក៏​ពិបាក​ផ្តួល​បក្ស​កាន់អំណាច​ដែរ​។​

​លោក Tsukasa យល់ឃើញថា ការយក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​របស់​ប​ក្ស​ប្រឆាំង​ជា​រឿង​លំបាក​បំផុត​មួយ​។ លោក​បាន​លើក​ហេតុផល​ច្រើន​ជាពិសេស​ភាពលម្អៀង​រប​ស់​គណៈកម្មការ​បោះឆ្នោត​, គណបក្ស​ថ្មី​បំបែក​សំឡេងឆ្នោត និង​បញ្ហា​ប្រឈម​ផ្សេងទៀត​ផងដែរ​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​សម្រាប់​ការ វា​ជា​រឿង​លំបាក​ណាស់​សម្រាប់​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ដែល​យកឈ្នះ​សមរភូមិ​ត្រីមុខ​ដែល​ក្នុងនោះ​មាន​សម្ព័ន្ធ​គណបក្សកាន់អំណាច Barisan Nasional ផង និង​គណបក្សប្រឆាំង​ឥស្លាម​ម៉ាឡេស៊ី (PAS) ផង​។ បក្សប្រឆាំង PAS ជា​បក្ស​ដែល​បំបែក​សំឡេង​អ្នកគាំទ្រ​បក្សប្រឆាំង​»​។​

​តាមពិតទៅ​បក្ស​ឥស្លាម​ម៉ាឡេស៊ី​នេះ​ធ្លាប់​ស្ថិតក្រោម​សម្ព័ន្ធ​បក្សប្រឆាំង​មុនពេល​បោះឆ្នោត​ឆ្នាំ ២០១៣​។ ដោយសារ​មាន​បញ្ហា​ផ្ទៃក្នុង​បក្សប្រឆាំង​មួយ​នេះ​បំបែក​ខ្លួន​ដោយ​នាំ​អាសនៈ​ទៅជា​មួយ​ខ្លួន​ជាង ២០​ផង​។ ទោះ​សិ្ថ​ត​ក្នុងនាម​ជា​បក្សប្រឆាំង​ក្តី បក្ស​នេះ​មាន​និន្នាការ​ទៅរក​បក្ស​កាន់អំណាច​ដែរ​។​

-​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ល​ម្អៀ​តទៅ​បក្ស​កាន់អំណាច​?   

​អ្នកស្រាវជ្រាវ​ខាងលើនេះ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា បញ្ហា​ធំ​មួយទៀត​គឺ គណៈកម្មការ​បោះឆ្នោត​ល​ម្អៀ​ង​ទៅ​បក្ស​កាន់អំណាច​។ ដូច្នេះ​វា​គ្មាន​យុត្តិធម៌ និង​ភាពត្រឹមត្រូវ​ក្នុងការ​បោះឆ្នោត​នេះឡើយ​។

​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​បោះឆ្នោត​នេះ លោក Tsukasa លើកយក ការកំណត់​បន្ទាត់​ព្រំដែន​មណ្ឌលបោះឆ្នោត​ថ្មី​ទាំង​បន្ទាន់​បង្ខំ មុនពេល​ដែល​សភា​ត្រូវ​រំលាយ​។ ខាង​ស្ថាប័ន​បោះឆ្នោត​នេះ​អះអាងថា វា​ជាការ​ដោះស្រាយ​បញ្ហា​ប្រជាសាស្ត្រ និង​សម្រួល​ដល់​ការបោះឆ្នោត​របស់​ប្រជាជន​។ បើទោះជា​មានការ​បកស្រាយ​ក៏ដោយ បញ្ហា​ជាក់ស្តែង​វា​មិន​ដូច្នោះ​ទេ​។ គេ​វាយតម្លៃថា បើសិនជា​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដូច​ឆ្នាំ ២០១៣ បក្ស​កាន់អំណាច​អាច​កើន​អាសនៈ​ប្រហែល ៨ ឯណោះ​។

​បន្ទាប់មកទៀត គណៈកម្មការ​ដែល​តាំងខ្លួន​ជា​ស្ថាប័ន​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ​នោះ​កំណត់​យក​ថ្ងៃ​ពុធ​ដែលជា​ថ្ងៃ​ធ្វើការ​ដើម្បី​រៀបចំ​ការបោះឆ្នោត ដែល​ខុសប្លែក​ពី​ពេលមុនៗ​ដែល​ការបោះឆ្នោត​ធ្វើ​ចំ​តែ​ថ្ងៃ​ចុង​សប្តាហ៍​ប៉ុណ្ណោះ​។ បក្សប្រឆាំង​រិះគន់​ការសម្រេចចិត្ត​នេះ​ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​មិន​ទៅ​បោះឆ្នោត​ព្រោះ​ខ្លួន​ធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​តំបន់​ដែល​ខ្លួន​បោះឆ្នោត​។​

​លោក Tsukasa  បន្ថែមទៀតថា គណៈកម្មការ​បោះឆ្នោត​នេះ​ក៏បាន​បដិសេធ​បេក្ខភាព​តំណាងរាស្ត្រ​របស់​សម្ព័ន្ធ​បក្សប្រឆាំង​មួយចំនួន​កាលពី​ថ្ងៃ​តែងតាំង​បេក្ខជន​បក្ស​ថ្ងៃ ២៨ ខែមេសា​នោះដែរ​។ គណបក្ស​រួបរួម​ជនជាតិភាគតិច​ម៉ាឡេស៊ី (PPBM ) ស្ថិតក្រោម​សម្ព័ន្ធ​បក្សប្រឆាំង និង​ជា​របស់លោក មហា​ធៀ ផ្ទាល់​នោះ​ក៏​ត្រូវបាន​អង្គភាព​នេះ​បដិសេធ​ចុះឈ្មោះ​ផងដែរ​។ ប៉ុន្តែ​ក្រោយមក តុលាការ​កំពូល​ម៉ាឡេស៊ី បានសម្រេច​ចេញ​សាលដីកា​រក្សាទុក​វត្តមាន​របស់​បក្សប្រឆាំង​នេះ​វិញ ក្រោយ​មានការ​ប្តឹងតវ៉ា​៕


Tag:
 បោះឆ្នោត​ម៉ាឡេស៊ី​
  មហា​ធៀ មហា​ម៉ា​ត​
  ណា​ជីប រ៉ា​ហ្សា​ក់​
  Iga Tsukasa
© រក្សាសិទ្ធិដោយ thmeythmey.com