ជាតិ
បោះឆ្នោត​៖​គ​.​ជ​.​ប នឹង​ទិញ​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ​ពី​ឥណ្ឌា ដែល​គ្រោង​ចំណាយ​ថវិកា​ជិត​១​លាន​ដុល្លារ
09, May 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ទិញ​ទឹក​ថ្នាំ​ពី​ប្រទេស​ឥណ្ឌា ដែល​គ្រោង​ចំណាយ​ថវិកា​ជិត​១​លាន​ដុល្លារ សម្រាប់​យកមកប្រើ​ប្រាស់​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ ។​



​ក្រោយពី​ពិនិត្យឃើញថា ទឹក​ថ្នាំ​ជ្រលក់​ដៃ​ពី​ឥណ្ឌា មានគុណ​ភាពល្អ សម្រាប់​ប្រើការ​បោះឆ្នោត​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​សម្រេច​បញ្ជា​ទិញ​ទឹក​ថ្នាំ​ចំនួន ៥១,០០០​ដប ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​៨០០, ៧០០​ដុល្លារ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប ។​

​លោក សោម សូ​រី​ដា បាន​បន្ថែមថា ចំនួន​ទឹក​ថ្នាំ​ខ្មៅ​ដែល​គ​.​ជ​.​ប គ្រោង​ទិញយក​មកប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​នេះ កើនឡើង​ជាង​៤០០០​ដប បើ​ធៀប​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១៧​កន្លងមក ដែល​គ​.​ជ​.​ប បាន​ទិញ​ចំនួន​៤៦,៥០០ ដប​។ បើតាម​លោក សោម សូ​រី​ដា មូលហេតុ​ដែល​គ​.​ជ​.​ប ទិញ​ទឹក​ថ្នាំ​ច្រើនជាង​មុន​នោះ ដោយសារតែ​ការិយាល័យ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នេះ មាន​ចំនួន ២២,៩៦៧ កន្លែង ខុសពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ដែលមាន​ចំនួន​២២,១៤៨ កន្លែង​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អគ្គលេខាធិការរង​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ត្រូវ​ការចំណាយ​ច្រើនជាង​មុន​ដោយសារតែ​ការិយាល័យ​បោះឆ្នោត​កើនឡើង ។ ហើយ​ទឹក​ថ្នាំ​ដែល​យើង​បញ្ជា​ទិញ​នេះ មានតម្លៃ​១៥,៧០​ដុល្លារ ក្នុង​មួយ​ដប ដែលមាន​ចំណុះ​៧០​មី​លី​លីត្រ ដូច្នេះ​៥១,០០០​ដប​នេះ មានតម្លៃ​សរុប​៨០០,៧០០​ដុល្លារ​»​។​

​តែ​យ៉ាង​ណាគ​.​ជ​.​ប នឹង​យក​ទឹក​ថ្នាំ​ខ្មៅ​នេះ ពិសោធ​បន្ថែមទៀត​ផងដែរ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​។ នេះ​បើតាម​លោក សោម សូ​រី​ដា ដែល​បាន​បន្ថែមថា គ​.​ជ​.​ប នឹង​រៀបចំ​សិក្ខាសាលា​ជា​សាធារណ​មួយ សម្រាប់​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ រួមទាំង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​លើ​កិច្ចការ​បោះឆ្នោត​នេះ បាន​ចូលរួម​ពិនិត្យ និង​សាកល្បង​ជ្រលក់​ដៃ ដើម្បី​ពិសោធ​ទឹក​ថ្នាំ​ខ្មៅ​នេះ​។​

​កាលពី​អំឡុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​កន្លងមក ក៏មាន​មជ្ឈដ្ឋាន​មួយចំនួន មានការ​សង្ស័យ​និង​ព្រួយបារម្ភ ចំពោះ​គុណភាព​ទឹកខ្មៅ​ជ្រលក់​ដៃ​នេះ​ផងដែរ​។ ប៉ុន្តែ​មន្ទិលសង្ស័យ​ទាំងនោះ បាន​ជម្រុះ​ចោល​វិញ បន្ទាប់ពី​គ​.​ជ​.​ប បើក​សិក្ខាសាលា​សាធារណ​ឲ្យ​មានការ​ចូលរួម​ពិសោធ​ទឹក​ថ្នាំ​ខ្មៅ ដែល​ទិញ​ពី​ឥណ្ឌា​នេះ​។​

​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា ។ សម្រាប់​ដំណើរការ​បោះឆ្នោត​នេះ គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​៥៣​លាន​ដុល្លារ ខណៈដែល​រដ្ឋាភិបាល​ចិន និង​ជប៉ុន បានផ្ដល់​ជំនួយ​ថិ​វ​កា និង​បច្ចេកទេស សម្រាប់​ជួយ​ទ្រទ្រង់​ការបោះឆ្នោត​។ នេះ​បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ​៕

Tag:
 សោម សូ​រី​ដា​
  គ​.​ជ​.​ប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com