ជាតិ
អាជ្ញាធរ​អប្សរា​គ្រោង​ចុះ​អនុស្សរណៈ​ជាមួយ​ចិន លើ​ការ​ចងសម្ព័ន្ធភាព​តំបន់​អង្គរ និង​ខេត្ត​សាន​ស៊ី​
10, May 2018 , 7:59 am        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា និង​ចិន គ្រោង​ចុះ​អនុស្សរណៈ​ស្ដីពី​ការ​ចងសម្ព័ន្ធភាព រវាង​រមណីយដ្ឋាន​អង្គរ ជាមួយ​ខេត្ត​សាន​ស៊ី​។ គម្រោង​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​ជំនួប​មួយ​រវាង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​ប្រតិភូ​ខេត្ត សាន​ស៊ី​។​



​ប្រតិភូ​ក្រុង ដា​តុង (Datong) នា​ខេត្ត សាន​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក Feng Sujing ដែលជា​អភិបាលក្រុង បានបង្ហាញ​ពី​ឆន្ទៈ​ចង់​ចងសម្ព័ន្ធ​មេត្រីភាពរ​វា​ង​តំបន់​អង្គរ និង​ខេត្ត សាន​ស៊ី​។ លោក​អភិបាល​បន្ថែមថា ខេត្ត ដា​តុង មានសម្បត្តិ​បេតិកភណ្ឌ ដែល​រួមមាន​ប្រាសាទ អ៊ីង​កាង ដែលជា​ប្រាសាទ​ពុទ្ធសាសនា​ធំជាងគេ​លើ​ពិភពលោក កសាងឡើង​នៅ​សតវត្សរ៍​ទី​៤​។  លោក​បន្ថែមថា ខេត្ត ដា​តុង និង​ក្រុង​សៀមរាប បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រី​រួចហើយ ហើយ​លោក​ក៏មាន​បំណង​ដូចគ្នា​ជាមួយ​រមណីយដ្ឋាន​អង្គរ​ផងដែរ ដើម្បី​ជំរុញ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​វិស័យ​ទេសចរណ៍ ការជួសជុល និង​ការអភិរក្ស​ប្រាសាទ​។ នេះ​បើ​យោងតាម​ខ្លឹមសារ ការចុះផ្សាយ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៨ ឧសភា​។​

​ឆ្លើយតប​ទៅនឹង​បំណង​របស់​ភាគី​ចិន លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៧ ឧសភា នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្ដែង​អារម្មណ៍​រីករាយ​ចំពោះ​គោលបំណង​ចងសម្ព័ន្ធ​មេត្រីភាព​រប​ស់​ទីក្រុង ដា​តុង​។ លោក​បន្ថែមថា បំណង​នៃ​កិច្ចសហប្រតិបត្តិការ​នេះ គឺ​រួមចំណែក​អភិរក្ស​ប្រាសាទ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការគ្រប់គ្រង​បេតិកភណ្ឌ​ពិភពលោក​ឱ្យ​កាន់តែ​ប្រសើរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com