ជាតិ
ពលរដ្ឋនៅមណ្ឌលគិរី ដែលសង្ស័យថាពុលទឹក កើនឡើងដល់ជាង៨០នាក់ រូបពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគីរី
× ចំនួនប្រជាពលរដ្ឋក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលសង្ស័យថាពុលទឹក បានកើនឡើងជាបន្តបន្ទាប់។
កាលពីព្រឹកមិញ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានថ្មីៗថា មុនដំបូងប្រជាពលរដ្ឋ ដែលមានជំងឺ ដូចជា ឈឺភ្នែក ឈឺដៃជើង ចុកក្នុងឆ្អឹង និងអស់កម្លាំង ជាដើម មានតែជាង១០នាក់ប៉ុណ្ណោះ និងបន្ទាប់មកក៏កើនឡើងដល់៤០នាក់។
ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ ដែលសង្ស័យថាពុលទឹក និងត្រូវបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងដល់ជាង៨០ហើយ។ នេះបើតាមការលើកឡើងរបស់លោក នួន សារ៉ន អភិបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fresh News។
គួររម្លឹកថា ថ្មីៗនេះ ក៏មានករណីពុលទឹកផ្ទុះឡើង នៅក្នុងខេត្តក្រចេះ ដែលនាំឲ្យប្រជាពលរដ្ឋជាង២០០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ដោយក្នុងនោះបណ្ដាលឲ្យប្រជាពលរដ្ឋ១៣នាក់ បានបាត់បង់ជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com