ជាតិ
អាជីវករផ្សារដើមក្រឡាញ់ផ្ទុះការតវ៉ាជាថ្មី ពាក់ព័ន្ធនឹងបញ្ហាកន្លែងលក់ រូបភាព៖ លោក ស៊ាន សុផាត
× សៀមរាប៖ ក្រុមអាជីវករផ្សារដើមក្រឡាញ់ ក្រុងសៀមរាប បានផ្ទុះការតវ៉ាជាថ្មី ដោយទាមទារឱ្យម្ចាស់ផ្សាររៀបចំតូចលក់ដូរដល់ពួកគេ។ តាមការលើកឡើងរបស់ក្រុមអាជីវករ ពួកគេជាអ្នកលក់ចាស់ មុនពេលផ្សារត្រូវបានឆេះ និងរៀបចំថ្មីឡើងវិញ ។ ប៉ុន្តែបច្ចុប្បន្នពួកគេមិនទាន់មានកន្លែងលក់នៅឡើយ។
អាជីវករប្រមាណ ៣០នាក់ បានលើកបដា ដោយមានរូបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានបិទកំណាត់ផ្លូវនៅផ្ដុំផ្សារដើមក្រឡាញ់ នៅព្រឹកថ្ងៃទី១០ ឧសភា នេះ ដើម្បីឱ្យអាជ្ញាធរ និងម្ចាស់ផ្សារ រកដំណោះស្រាយលើបញ្ហាអត់តូចលក់ដូររបស់ពួកគេ។
អាជីវករម្នាក់ដែលបានចូលរួមតវ៉ាបាននិយាយថា ពួកគេជាអាជីវករចាស់នៅផ្សារដើមក្រឡាញ់ ហើយតាំងពីផ្សារធ្វើថ្មីរួចមក ពួកគេមិនទាន់អាចចូលទៅលក់ក្នុងផ្សារនៅឡើយ ដោយហេតុថា គេតម្រូវឱ្យលក់នៅជាន់ខាងលើនៃផ្សារ ។ បើតាមការអះអាងរបស់អាជីវករ ពួកគេមិនពេញចិត្តនឹងការរៀបចំបែបនេះ ព្រោះជាន់ខាងលើជាកន្លែងមិនសូវមានមនុស្ស ឬកន្លែងមិនល្អ។ ដូច្នេះ ឆ្លើយតបទៅនឹងការជំទាស់នេះ អាជីវករទាំងនោះបានបង្ខំចិត្តលក់នៅលើចិញ្ចើមផ្លូវមុខផ្សារ ដោយរង់ចាំដំណោះស្រាយត្រឹមត្រូវពីម្ចាស់ផ្សារ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ ម្ចាស់ផ្សារដើមក្រឡាញ់ លោក សុខ តុញ បានឱ្យដឹងថា គឺវាមិនដូចការលើកឡើងរបស់ក្រុមអាជីវករទាំងនោះឡើយ។ ផ្ទុយទៅវិញ ខាងលោកបានរៀបចំ កំណត់ផ្នែកនៃរបរលក់ និងផ្ដល់ការចាប់ឆ្នោតរើសតូចលក់ហើយ តែក្រុមអាជីវករខាងលើមិនបានទៅចាប់ឆ្នោត គឺជំទាស់ទៅនឹងគោលការណ៍រៀបចំផ្សារនេះតែម្ដង ដោយទាមទារដាច់ណាត់ដើម្បីបានលក់នៅជាន់ខាងក្រោម។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៣ ផ្សារដើមក្រឡាញ់ ដែលបច្ចុប្បន្នមានឈ្មោះថា «ផ្សារសម្តេចតេជោ» ដើមក្រឡាញ់ ត្រូវបានភ្លើងឆេះទាំងស្រុង ហើយត្រូវបានប្រមុខថ្នាក់ដឹកនាំសម្តេច ហ៊ុន សែន ចេញមុខជួយសាងសង់ផ្សារនេះឡើយវិញ។ ផ្សារនេះមានចំនួនជាង ១០០០តូប៕
© រក្សាសិទ្ធិដោយ thmeythmey.com