ជាតិ
សុខាភិបាល ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ឱសថ​ឈ្មោះ «TRANKAL»
12, May 2018 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ប្រជា​ជល​រដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​ឱសថ TRANKAL ដែល​គ្មាន​ក្នុង​បញ្ជិកា​របស់​ក្រសួង​។ បម្រាម​របស់​ក្រសួងសុខាភិបាល ទៅកាន់​ពលរដ្ឋ​នេះ ក្រោយពី​ឃើញ​គណនេយ្យ​ឈ្មោះ My-Big-Zone ដែល​កំពុង​ផ្សព្វផ្សាយ​ឱសថ TRANKAL ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង នៅ​ថ្ងៃទី​០៩ ខែឧសភា​។

 
​ក្រសួងសុខាភិបាល បាន​អះអាងថា ឱសថ TRANKAL ដែល​បាន​ផ្សព្វផ្សាយ​លើ​គណនេយ្យ​ឈ្មោះ My-Big Zone នោះ ត្រូវបាន​ក្រសួង​លុប​បញ្ជិកា​នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១០ មកម្ល៉េះ​។ ក្រសួងសុខាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ឱសថ​នេះ មិនមែនជា​ឱសថ​បុរាណ​ទេ តែ​ជា​ឱសថ​សម័យ​សុទ្ធសាធ ដោយ​នៅក្នុង​ឱសថ​នោះ​មាន​ផ្ទុក​សារធាតុ Indomethacine Dexamethasone និង​សារធាតុ​ដទៃទៀត​បញ្ចូល​គ្នា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​»​។ ហេតុដូច្នេះ​ហើយ​ទើប​ក្រសួង​សម្រេច​លុប​បញ្ជិកា​ចេញ និង​មិន​អនុញ្ញាត​ឲ្យ​ឱសថ​នេះ ចរាចរណ៍​ក្នុង​កម្ពុជា​តាំងពី​ឆ្នាំ​២០១០»​។ 
 
​ជាមួយគ្នានេះ ក្រសួងសុខាភិបាល កំពុងតែ​ចាត់វិធានការ​យ៉ាង​តឹងរឹង​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ ចំពោះ​ម្ចាស់​គណនេយ្យ My-Big-Zone ដែល​ផ្សព្វផ្សាយ​ឱសថ TRANKAL​នេះ​។ ក្រសួងសុខាភិបាល​នឹង​ត្រួតពិនិត្យ​លើ​គណនេយ្យ​ណា​ដែល​ផ្សព្វផ្សាយ​ទាំងអស់ ហើយ​ប្រសិនបើ​ក្រុមហ៊ុន ឬ​អា​ជីករ បន្ត​ការលក់​ផលិតផល​ប្រភេទ​នេះ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ 
 
​ក្រសួងសុខាភិបាល ក្រើនរំលឹក​ដល់​សាធារណជន​ទាំងអស់ ឈប់​ជឿ​តាម​ការឃោសនា​អកុសល បោកប្រាស់ ភូត​ក​ហុក បំផ្លើស​ពី​ការពិត​របស់​ជនខិលខូច​នេះ​ទៀត ។​ពលរដ្ឋ​ត្រូវ​ឈប់​ទិញ ឬ​ប្រើប្រាស់​ផលិតផល​នេះ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការគ្រោះថ្នាក់ ប៉ះពាល់​ដល់​អាយុជីវិត​ជាយថាហេតុ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com