ក្រោយការឈ្នះឆ្នោតរបស់សម្ព័ន្ធភាពប្រឆាំង Pakatan Harapan នៅម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ ដែលក្លាយជានាយករដ្ឋមន្ត្រីថ្មីបានប្រកាសចាត់វិធានការលើមន្ត្រីរដ្ឋាភិបាលមុនដែលជាប់ពាក់ព័ន្ធសំណុំរឿងពុករលួយ និងភាពមិនប្រក្រតីផ្សេងទៀត។ ការប្រកាសរបស់លោក មហាធៀ ធ្វើឲ្យមានការលើកឡើងថា អ្នកថ្មីសងសឹកអ្នកចាស់ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ឬការផ្លាស់ប្ដូរនាំឲ្យមានការបែកបាក់ក្នុងសង្គមជាដើម។
នៅម៉ាឡេស៊ី ជ័យជម្នះគួរឲ្យភ្ញាក់ផ្អើលរបស់សម្ព័ន្ធភាពប្រឆាំង Pakatan Harapan លើសម្ព័ន្ធភាពកាន់អំណាច Barisan Nasional ដែលកាន់អំណាចជាង៦០ឆ្នាំ គឺជាប្រធានបទជជែកថ្មីនៃការផ្លាស់ប្ដូរ។ លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីថ្មីវ័យ៩២ឆ្នាំ បានប្រកាសចាត់វិធានការតឹងរ៉ឹងលើមន្ត្រីរដ្ឋាភិបាលមុនដែលមានឈ្មោះក្នុងសំណុំរឿងពុករលួយ ដែលសូម្បីតែអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ក៏ទំនងជាមិនរួចខ្លួនដែរ។
លោក ណាជីប ជាប់ឈ្មោះក្នុងសំណុំរឿងពុករលួយដ៏ធំជុំវិញការកិបកេងលុយពីមូលនិធិរដ្ឋ 1MDB (1Malaysia Development Berhad) រាប់ពាន់លានដុល្លារ។ តាំងពីក្នុងយុទ្ធនាការរកសំឡេងឆ្នោតមក លោក មហាធៀ បាននិយាយថា លោកនឹងស៊ើបអង្កេតរឿងនេះឲ្យឃើញសខ្មៅ និងប្រមូលលុយចូលឃ្លាំងរដ្ឋមិនឲ្យខ្វះមួយកាក់មួយសេនឡើយ។ ដោយឡែក មន្ត្រីមួយចំនួនដែលសង្ស័យថា ជួយលោក ណាជីប ក៏មិនអាចរួចខ្លួនបានដែរ។ អគ្គរាជអាជ្ញាម៉ាឡេស៊ីដែលប្រកាសថាលោក ណាជីប គ្មានកំហុស បានអស់តំណែងហើយ។
លោក មហាធៀ ក៏បានចេញបញ្ជាហាមប្រាមលោក ណាជីប និងភរិយារបស់លោកចាកចេញពីប្រទេសដែរ ដែលនេះអាចជាវិធានការមុននឹងរដ្ឋាភិបាលម៉ាឡេស៊ីថ្មីអាចបើកការស៊ើបអង្កេតលើសំណុំរឿងពុករលួយដ៏ធំឡើងវិញ។ សម្រាប់ករណីនេះ តើវាជាការអនុវត្តនីតិរដ្ឋដែលអ្នកបំពានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ឬជាការសងសឹកលើបក្សកាន់អំណាចដែលគ្រប់គ្រងប្រទេសរាប់សិបឆ្នាំពីសំណាក់សម្ព័ន្ធភាពប្រឆាំង ដែលតស៊ូដើម្បីការផ្លាស់ប្ដូរអស់ពេលជាច្រើនឆ្នាំមកហើយនោះ?
ពាក់ព័ន្ធសំណុំរឿងកិបកេងលុយរដ្ឋនេះ បញ្ហាចាប់ផ្ដើមផ្ទុះឡើងនៅក្នុងឆ្នាំ២០១៥ ។ បង្កើតក្នុងឆ្នាំ២០០៩ មូលនិធិ 1MDB ត្រូវបានបង្កើតក្នុងគោលដៅប្រែក្លាយទីក្រុងគួឡាឡាំពួរទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយ និងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការវិនិយោគយុទ្ធសាស្ត្រ។ មកដល់ឆ្នាំ២០១៥ ក៏មានព័ត៌មានថា មូលនិធិនេះខកខានបង់ប្រាក់ជំពាក់ប្រហែល១១ពាន់លានដុល្លារទៅធនាគារ និងម្ចាស់បណ្ណបំណុលរបស់ខ្លួន។
បន្ទាប់ពីសារព័ត៌មានអាមេរិក The Wall Street Journal ផ្សាយថា ខ្លួនបានឃើញឯកសារមួយដែលបង្ហាញពីការផ្ទេរទឹកប្រាក់ជិត៧០០លានដុល្លារពីមូលនិធិទៅកាន់គណនីផ្ទាល់ខ្លួនលោក ណាជីប ។ សំណុំរឿងក៏ត្រូវស្ថិតក្រោមការស៊ើបអង្កេតនៅប្រទេសមួយចំនួនដែរ។ នៅអាមេរិក រដ្ឋមន្ត្រីយុត្តិធម៌ Jeff Sessions បានហៅរឿងអាស្រូវនេះជាការកិបកេងដ៏អាក្រក់បំផុត ហើយអាមេរិកក៏ចង់ផ្អឹបទុកលុយច្រើនជាង១.៧ពាន់លានដុល្លារដែលសង្ស័យថា ត្រូវបានលួចចេញពី 1MDB ។
ជុំវិញរឿងនេះ បើជាការអនុវត្តច្បាប់នោះ គេមិនអាចចាត់ចូលជាការសងសឹកឡើយ។ ប៉ុន្តែវាអាចជាផ្នែកមួយនៃកែទម្រង់ ពង្រឹងច្បាប់ប្រទេស ហើយក៏ដើម្បីដុសក្អែលអ្នកមានអំណាចបំពានអំណាច ហើយមិនបានបម្រើរាស្ត្រត្រឹមត្រូវប៉ុណ្ណោះ។ ចំណែកឯការដកតំណែង ឬការកាត់ទោសអ្នកនយោបាយយ៉ាងណានោះ គឺត្រូវធ្វើក្រោយការស៊ើបអង្កេតប៉ុណ្ណោះ។ បើពួកគេប្រព្រឹត្តខុសមែន ពួកគេសមនឹងទទួលទោសទៅ ប៉ុន្តែបើគ្មានកំហុស គឺពួកគេរួចខ្លួន។
អ្វីដែលគេត្រូវតាមដានបន្តនោះ គឺករណីរកឃើញថា មិនមានកំហុសអ្វីឡើយ ហើយត្រូវបានកាត់ទោសដោយបំពាន នោះទើបវាចូលក្នុងទស្សនៈទាន ទឹកឡើងត្រីស៊ីស្រមោច ឬជាការសងសឹកនយោបាយតែម្ដង។ អ្នកនយោបាយដឹងច្បាប់ តែរំលោភបំពានច្បាប់ គឺជារឿងមិនគួរលើកលែងទេឡើយ ហើយដែលត្រូវតែអនុវត្តដាច់ខាតតាមគោលការណ៍នីតិរដ្ឋ។ ការកេងចំណេញថវិការដ្ឋដើម្បីប្រយោជន៍ខ្លួន ឬក្រុមរបស់ខ្លួន មិនមែនរឿងអត់ឱនឡើយ។
បញ្ហានឹងកាន់តែសាំញាំពិបាកដោះស្រាយ បើរដ្ឋាភិបាលថ្មីមិនព្រមជីកកាយការពិតឲ្យច្បាស់លាស់ទេនោះ ព្រោះវាក្លាយជាមេរៀនសម្រាប់មេដឹកនាំជំនាន់ក្រោយទៀត។ ការការពារអ្នកនយោបាយ ឬមន្ត្រីមានកំហុស ជាពិសេសអំពើពុករលួយ មិនគួរត្រូវលើកទឹកចិត្តឡើយ ព្រោះវានឹងក្លាយជាការជំរុញឲ្យមានការប្រព្រឹត្តអំពើបែបនេះក្នុងសង្គមកាន់តែច្រើន។ ការយោគយល់ ឬការអត់ឱនច្រើនពេកមិនមែនជារឿងល្អឡើយ។
ការអនុវត្តច្បាប់តាមគោលការណ៍នីតិរដ្ឋដោយមិនរើសអើង ទើបជារឿងគួរលើកទឹកចិត្ត ស្របពេលការដាក់ទោសទណ្ឌនឹងក្លាយជាមេរៀនសម្រាប់ប្រជាជនគ្រប់រូប នៅពេលប្រព្រឹត្តខុសច្បាប់ រួមទាំងអ្នកនយោបាយទាំងឡាយផង។ កាន់តែសំខាន់ទៅទៀតនោះ ការដាក់ទោសទណ្ឌលើជនបង្កកំហុស ក៏ជាវិធីសាស្ត្រជួយរំឭកដាស់តឿនអារម្មណ៍អ្នកមានអំណាចក្នុងដៃបានច្រើនដែរ ព្រោះពួកគេមិនអាចគេចវេសពីការទទួលខុសត្រូវឡើយ៕