អន្តរជាតិ
អាមេរិក​នឹង​ធានា​សន្តិសុខ​ឲ្យ​របប​ដឹកនាំ​កូរ៉េខាងជើង បើ​សុខចិត្ត​បោះបង់​នុយក្លេអ៊ែរ​
14, May 2018 , 9:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបភាព AFP)
​បន្ទាប់ពី​សន្យា​ជួយ​កូរ៉េខាងជើង​ឲ្យ​មាន​សេដ្ឋកិច្ច​ថ្កុំថ្កើង​ដូច​កូរ៉េខាងត្បូង​មក រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo នៅ​ថ្ងៃទី​១៣ ខែឧសភា ក៏បាន​សន្យា​ជាថ្មី​ទៀតថា អាមេរិក​នឹង​ធានា​សន្តិសុខ​ឲ្យ​របប​ដឹកនាំ​កូរ៉េខាងជើង បើ​សម្រេចចិត្ត​រំសាយ​នុយក្លេអ៊ែរ​នោះ​។ អាមេរិក​ក៏​នឹង​ជំរុញ​អ្នកវិនិយោគ​របស់ខ្លួន​ឲ្យ​ទៅរក​ស៊ី​នៅ​កូរ៉េខាងជើង ឬក៏​អាច​ឈានដល់​លើកលែង​ទណ្ឌកម្ម​ថែមទៀត ក្នុងករណី​កូរ៉េខាងជើង​ធ្វើ​បែប​នោះ​មែន​។



​ខណៈ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅសល់​ជាង​មួយខែ​ទៀត ក្រុង​វ៉ាស៊ីនតោន​បានបង្ហាញ​ពី​លទ្ធភាព​នៃ​ការធ្វើសម្បទាន​របស់ខ្លួន បើ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​សុខចិត្ត​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នោះ​។ ប្រមុខ​ការទូត​អាមេរិក Mike Pompeo ដែល​បាន​ទៅ​ជួប​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ដល់​ទៅ​ពីរដង លើកឡើង​ក្នុង​កិច្ច​សម្ភាស​ពីរ​ដាច់ពីគ្នា ថា អាមេរិក​នឹង​ជួយ​កូរ៉េខាងជើង​ឲ្យ​មាន​រីកចម្រើន ក្រោយ​ការចរចា​នៅ​សិង្ហ​បុរី​មាន​លទ្ធផល​គាប់ប្រសើរ​។​

​លោក Pompeo បាន​និយាយ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News នៅ​ថ្ងៃទី​១៣ ខែឧសភា ថា វិស័យ​ឯកជន​របស់​អាមេរិក​នឹង​ហូរ​ចូល​កូរ៉េខាងជើង​ដើម្បី​ស្ថាបនា​ប្រព័ន្ធ​ថាមពល ព្រោះ​កូរ៉េខាងជើង​ត្រូវការ​អគ្គិសនី​ខ្លាំង​។ ក្រៅពីនេះ អាមេរិក​នឹង​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​ដោះស្រាយ​តម្រូវការ​មូលដ្ឋាន​រប​ស់​ប្រជាជន​កូរ៉េខាងជើង​ដើម្បី​ឲ្យ​ពួកគេ​មាន​សាច់​បរិភោគ និង​រស់នៅ​ជាមួយ​ជីវិត​ល្អប្រសើរ​។ 

​យ៉ាងណាមិញ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ក៏​បញ្ជាក់​ច្បាស់​ថា ការជួយ​ទាំងនេះ​មិនមែន​យកលុយ​ប្រជាជន​អាមេរិក​ឡើយ តែ​រដ្ឋាភិបាល​អាមេរិក​នឹង​ជំរុញ​អ្នកវិនិយោគ និង​សហគ្រិន​អាមេរិក​ឲ្យ​ទៅ​បណ្ដាក់ទុន​នៅ​កូរ៉េខាងជើង​។ បើ​ក្នុងករណី​កូរ៉េខាងជើង​ធ្វើតាម​អាមេរិក គឺ​ត្រូវ​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង មិន​ត្រឡប់​ទៅ​អភិវឌ្ឍ​ម្ដងទៀត និង​អនុញ្ញាត​ឲ្យ​មានការ​ត្រួតពិនិត្យ​ផង​នោះ អាមេរិក​ក៏​អាច​លើកលែង​ទណ្ឌកម្ម​ដើម្បី​អនុញ្ញាត​ឲ្យ​ជនជាតិ​អាម​រិ​ក​ទៅធ្វើ​ជំនួញ​នៅ​ទឹកដី​កូរ៉េខាងជើង​ផង​។​

​អ្វី​កាន់តែ​សំខាន់ អាមេរិក​ក៏​នឹង​ផ្ដល់នូវ​ការធានា​ផ្នែក​សន្តិសុខ​ឲ្យ​របប​ដឹកនាំ​កូរ៉េខាងជើង​ដែរ ដើម្បី​ដោះដូរ​នឹង​ការលុបបំបាត់​នុយក្លេអ៊ែ​រ​នោះ​។ បញ្ហា​សន្តិសុខ​នេះហើយ ជា​ក្ដីបារម្ភ​ខ្លាំង​បំផុត​របស់​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង ដែល​តែង​ចោទ​អាមេរិក​ថា ប៉ុនប៉ង​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​របស់ខ្លួន ហើយ​នេះ​ក៏​ជា​មូលហេតុ​សំខាន់​ដែល​កូរ៉េខាងជើង​ប្រឹងប្រែង​អភិវឌ្ឍ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ពារ​ខ្លួន​នោះឯង​។

​បើ​កូរ៉េខាងជើង​ពិតជា​ចង់បាន​ការធ្វើសម្បទាន​ខាងលើ​ពី​អាមេរិក កូរ៉េខាងជើង​ត្រូវតែ​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ឲ្យ​គេឯង​បានឃើញ​ជាមុនសិន​។ នេះ​ក៏​ព្រោះ​រដ្ឋបាល​លោក ត្រាំ បាន​និយាយ​ទុក​មុន​ជារឿយៗ​ហើយ​ថា ខ្លួន​មិន​ធ្វើ​ដូច​រដ្ឋាភិបាល​មុនៗ ដែល​ផ្ដល់ជំនួយ​នានា​ឲ្យ​កូរ៉េខាងជើង​តែ​មិនមាន​លទ្ធផល​ដុំកំភួន​អ្វី​សោះ​។ លើក​នេះ អាមេរិក​នឹងមិន​ឲ្យ​អ្វី​ដល់​កូរ៉េខាងជើង​ឡើយ បើ​កូរ៉េខាងជើង​និយាយ​តែ​មាត់​នោះ​៕  


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  Mike Pompeo
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com