អន្តរជាតិ
អាមេរិក​ប្ដូរ​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​ផ្លូវការ ក្រោម​សម្រែក​តវ៉ា​ពី​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​
14, May 2018 , 11:19 pm        
រូបភាព
ជនជាតិអ៊ីស្រាអែលរុំទង់ជាតិអាមេរិកក្នុងទីក្រុងហ្ស៊េរុយសាឡិម (រូបភាព AFP)
ជនជាតិអ៊ីស្រាអែលរុំទង់ជាតិអាមេរិកក្នុងទីក្រុងហ្ស៊េរុយសាឡិម (រូបភាព AFP)
​នៅ​ថ្ងៃទី​១៤ ខែឧសភា អាមេរិក​បានធ្វើ​ពិធី​ផ្លាស់ប្ដូរ​ស្ថានទូត​របស់ខ្លួន​នៅ​អ៊ីស្រាអែល​ជា​ផ្លូវការ​ហើយ តាម​ការសន្យា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ នៅឯ​ទឹកដី​របស់​ប៉ា​ឡេ​ស្ទី​ន​ឯណោះ​វិញ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន​នាំ​ចេញទៅ​តវ៉ា​ការផ្លាស់ប្ដូរ​នេះ ដែល​វា​មានន័យ​ស្មើនឹង​ទទួលស្គាល់​ទីក្រុង​ពិសិដ្ឋ​មួយ​នេះ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​រប​ស់​អ៊ីស្រាអែល​។ ប៉ូលិស​អ៊ីស្រាអែល​ជាច្រើន​ក៏ត្រូវ​បាន​ពង្រាយ​ដើម្បី​ទប់ទល់​បាតុកម្ម​នេះដែរ​។​



​ទោះជា​មានការ​ថ្កោលទោស និង​ការតវ៉ា​ជុំ​ទិស​ក្ដី អាមេរិក​នៅតែ​ប្ដូរ​ស្ថានទូត​របស់ខ្លួន​ពី​តែ​ល​អា​វីវ​ទៅកាន់​ហ្ស៊េ​រុយ​សា​ឡិ​ម​ដដែល​។ កម្មវិធី​រើ​ស្ថានទូត​ត្រូវ​រៀបចំ​នៅ​ស្ថាន​កុងស៊ុល​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅ​ថ្ងៃទី​១៤ ខែឧសភា ចំ​ថ្ងៃកំណើត​៧០​ឆ្នាំ​របស់​អ៊ីស្រាអែល​ផង​។ មិនមាន​វត្តមាន​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ពិធី​នេះឡើយ តែ​តំណាង​ដោយ​រដ្ឋមន្ត្រី​រតនាគារ Steven Mnuchin ទីប្រឹក្សា​ជាន់ខ្ពស់​លោក ត្រាំ និង​ត្រូវជា​កូនប្រសារ Jares Kushner និង​កូនស្រី Ivanka Trump ផង​។​

​ការផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក​ទៅកាន់​ហ្ស៊​រុយ​សា​ឡិ​ម ពិតជា​ធ្វើ​ឲ្យ​អ៊ីស្រាអែល​សប្បាយចិត្ត​ខ្លាំង តែ​ក៏​ធ្វើ​ឲ្យ​កំហឹង​របស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ពុះកញ្ជ្រោល​កាន់តែខ្លាំង​ដែរ​។ ពិធី​ប្ដូរ​ស្ថានទូត​នេះ ធ្វើឡើង​ក្រោម​សម្រែក​របស់​បាតុករ​ប៉ា​ឡេ​ស្ទី​ន​ដែល​តវ៉ា​នៅ​ថ្ងៃ​បាត់បង់​ទឹកដី​ទៅ​ឲ្យ​អ៊ីស្រាអែល​។ ការប្រមូលផ្ដុំ​នៃ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​រាប់ពាន់នាក់​នៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ជាពិសេស​នៅ​តំបន់​ត្រើយ​ខាងកើត​ជាប់​ហ្ស៊េ​រុយ​សា​ឡិ​ម​តែម្ដង​។​

​យោងតាម​សារព័ត៌មាន Haaretz នៅ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ផ្សេងទៀត​ដូចជា​ហ្គា​ស្សា រ៉ា​ម៉ា​ឡា និង​ហេ​ប្រោ​ន​ជាដើម ក៏មាន​ការជួបជុំ​តវ៉ា​ដែរ​។ ប៉ូលិស​អ៊ីស្រាអែល​ជាច្រើន​ត្រូវ​ពង្រាយ​នៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​ដើម្បី​ទប់ស្កាត់​ចលាចល​។ បើតាម​ប្រភពព័ត៌មាន​ដដែល​នេះ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​រាប់រយ​នាក់​បាន​រងរបួស​ក្នុងការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​នៅ​ព្រំដែន​ក្បែរ​ហ្ស៊េ​រុយ​សា​ឡិ​ម និង​មាន​របាយការណ៍​អ្នកស្លាប់កើនរហូតដល់ ៤១​។​

​ហ្ស៊េ​រុយ​សា​ឡិ​ម ជាទី​ក្រុង​មួយ​ដែល​ស្ថិតក្នុង​ស្ថាន​ភាពមិន​ដាច់ស្រេច​។ អ៊ីស្រាអែល​បាន​គ្រប់គ្រង​ហ្ស៊េ​រុយ​សា​ឡិ​ម​ពាក់កណ្ដាល និង​បាន​ភ្ជាប់​ជា​ទឹកដី​ភាគ​ខាងលិច​របស់​ទីក្រុង​នេះ​ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៦៧ ។ អ៊ីស្រាអែល​បានទាមទារ​ចំណែក​ទីក្រុង​នេះ​ទាំងមូល និង​បាន​ភ្ជាប់​តំបន់​ភាគ​ខាងកើត ដែល​ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។ ឯ​ប៉ា​ឡេ​ស្ទី​ន​ចាត់ទុក​តំបន់​ខាង​កើតជា​រដ្ឋធានី​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​។​
 
​ដោយសារ​ភាពមិន​ដាច់ស្រេច​បែបនេះ ទើប​ការប្រកាស​ប្ដូរ​សា្ថ​ន​ទូត​របស់លោក ត្រាំ រង​ការរិះគន់​ខ្លាំង ព្រោះ​មានន័យ​ស្មើនឹង​ការទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ទឹកដី​អ៊ីស្រាអែល​ដូច្នោះ​ដែរ​។ ប៉ា​ឡេ​ស្ទី​ន និង​សហគមន៍​អន្តរជាតិ​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​ការប្រកាស​នេះ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​មិនបាន​អើពើ​អ្វី​ឡើយ​។ ចាប់ពីពេលនេះ ប៉ា​ឡេ​ស្ទី​ន​ក៏​លែង​ទទួលស្គាល់​អាមេរិក​ជា​តួអង្គ​គួរ​ឲ្យ​ទុកចិត្ត​ក្នុង​ការជួយ​សម្រុះសម្រួល​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះដែរ​៕
 

Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន​
  ហ្ស៊េ​រុយ​សា​ឡិ​ម
© រក្សាសិទ្ធិដោយ thmeythmey.com