អន្តរជាតិ
ម៉ាឡេស៊ី​៖​មេ​អង្គភាព​ប្រឆាំង​ពុករលួយ​ចុះ​ពី​តំណែង ក្រោយ​លោក មហា​ធៀ ចោទថា​មិន​ឯករាជ្យ​
14, May 2018 , 11:59 pm        
រូបភាព
រូបភាព Malaysian Insight
រូបភាព Malaysian Insight
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) បានសម្រេច​ចុះចេញ​ពី​តំណែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ១៤ ខែឧសភា​។ ប្រធាន​ស្ថាប័ន​រូបនេះ​សម្រេច​ចាកចេញ ក្រោយ​រង​ការចោទប្រកាន់​ពី​សំណាក់​លោក មហា​ធៀ រឿង​មិន​ចាត់ការ​អំពើពុករលួយ​ក្នុង​រដ្ឋាភិបាល​។



​លោក Dzulkifli Ahmad ប្រធាន​គណៈកម្មការ​ប្រឆាំង​ពុករលួយ​ម៉ាឡេស៊ី​បានសម្រេច​ចុះចេញ​ពី​តំណែង​។ ការសម្រេច​នេះ​ធ្វើឡើង ក្រោយ​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ទើប​ជាប់ឆ្នោត មហា​ធៀ មហាម៉ាត់ និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​នៅ Putrajaya​។​

​សារព័ត៌មាន​ម៉ាឡេស៊ី Malaysiakini បាន​ស្រង់​សម្តី​ប្រភព​មួយ​ថា​៖« លិខិត​លាលែង​របស់លោក Dzulkifli ត្រូវបាន​ដាក់ជូនទៅ​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ​ហើយ​។ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា អ្នកណា​នឹង​ជំនួស​តំណែង​លោក​ឡើយ​»​។​

​ប្រភព​មួយ​ផ្សេងទៀត​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ដដែល​ថា ប្រធាន​អង្គភាព​ពុករលួយ​នេះ​នឹងត្រូវ​ត្រឡប់​ទៅកាន់​ស្ថាប័ន​អយ្យការ​វិញ ដូចដែល​លោក​ធ្លាប់ធ្វើ​មុន​ឡើង​ធ្វើជា​ប្រធាន​អង្គភាព​។​

​តាមពិតទៅ ការសម្រេច​ចុះចេញ​ពី​តំណែង​ប៉ុន្មាន​ថ្ងៃក្រោយ​បក្សប្រឆាំង​ឈ្នះឆ្នោត​នេះ​មិនមែនជា​រឿង​ចម្លែក​ឡើយ​។ បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​លោក មហា​ធៀ បានប្រកាសថា ប្រធាន​ស្ថាប័ន និង​អាជ្ញាធរ​មួយចំនួន​នឹង​អស់តំណែង​។

​អង្គភាព​ប្រឆាំង​ពុករលួយ​ស្ថិតក្នុង​បញ្ជី​ដែរ​ព្រោះ​ជា​លោក​មហា​ធៀ ធ្លាប់​ចោទថា អង្គភាព​រដ្ឋ​នេះ​មិន​ឯករាជ្យ ហើយ​មិនមាន​វិធានការ​ចំពោះ​អំពើពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ដែល​កំពុង​កើតឡើង​ឡើយ​។​

«​យើង​នឹងសិក្សា​មើល​ឲ្យ​ច្បាស់​ថា តើ​អង្គភាព​ពុករលួយ​នេះ​មាន​យុត្តិធម៌​ឬ​អត់​។ បើសិនជា​យើង​រកឃើញថា ស្ថាប័ន​នេះ​លម្អៀង​ទៅរក​ភាគី​ណាក៏ដោយ​ទាំង​បក្ស​កាន់អំណាច​ឬ​បក្សប្រឆាំង  យើង​នឹង​ផ្លាស់ប្តូរ​ពួកគេ​។ ដូច​បាន​សន្យា​ហើយ រាល់​ប្រធាន​ថ្មី​នៃ​ទីភ្នាក់ងារ​ធំៗ​របស់​រដ្ឋាភិបាល​នឹងត្រូវ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​លម្អិត​ពីស​ភា​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩២ ឆ្នាំ​។​

​ក្រៅពី​មេ​ស្ថាប័ន​ប្រឆាំង​ពុករលួយ រដ្ឋាភិបាល​ថ្មី​របស់លោក មហា​ធៀ នឹង​ផ្តោត​សំខាន់​លើ​ការស៊ើបអង្កេត​ករណី​ពុករលួយ​លុយ​រដ្ឋ 1MDB ដែល​ពាក់ព័ន្ធ​អតីត​នាយករដ្ឋមន្ត្រី​លោក ណា​ជីប រ៉ា​ហ្សា​ក់​ផងដែរ​។ បច្ចុប្បន្ន​លោក ណា​ជីប រ៉ា​ហ្សា​ក់ ស្ថិតក្រោម​បម្រាម​ចាកចេញ​ពី​ប្រទេស ហើយ​លោក​អាច​នឹង​ប្រឈមមុខ​ការចោទប្រកាន់​ជាថ្មី​ផង ថ្វីដ្បិតតែ​លោក​ត្រូវបាន​ស្ថាប័ន​តុលាការ​បញ្ជាក់ថា ស្អាតស្អំ​ពេល​កំពុង​មានអំណាច​ក៏ដោយ​។​

​ចំណែក​ប្រធាន​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​អគ្គ​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​ស្ថិតនៅក្នុង​បញ្ជី​មន្ត្រី​ដែល​ត្រូវ​ប្រឈម​ការ​ដុសក្អែល​ផងដែរ​ព្រោះ​ស្ថាប័ន​ទាំងនេះ​មាន​ចំណែក​ជួយ​បក្សប្រឆាំង​ក្នុងការ​បោះឆ្នោត​កន្លងមក​ផង និង​ជួយ​ការពារ​មន្ត្រី​ពុករលួយ​ផងដែរ​៕


Tag:
 ម៉ាឡេស៊ី​
  អង្គភាព​ប្រឆាំង​ពុករលួយ​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com