អន្តរជាតិ
មន្ត្រី UN៖ អាមេរិក មិន​ខ្វល់​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ស្លូតត្រង់​ដែល​ត្រូវ​អ៊ីស្រាអែល​សម្លាប់​រង្គាល​ឡើយ​
15, May 2018 , 3:46 pm        
រូបភាព
​អតីតមន្ត្រី​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​ទិតៀន​អាមេរិក​ដែល​មិន​ខ្វាយខ្វល់​ចំពោះ​ការប្រើ​ហិង្សា​សម្លាប់​រង្គាល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​ការប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​។ បាតុករ​ភាគច្រើន​គ្មាន​អាវុធ​យ៉ាងហោចណាស់ ៥៥ នាក់​ស្លាប់​ដោយសារ​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ពី​សំណាក់​អ៊ីស្រាអែល​។



​សាស្ត្រាចារ្យ​ច្បាប់​អន្តរជាតិ និង​ជា​អតីត​បេសកជន​ពិសេស​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្សលោក​បណ្ឌិត John Dugard បាន​ថ្លែង​រិះគន់ រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ ចំៗ ដោយ​លោក​អះអាងថា មិន​ខ្វាយខ្វល់​ពី​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ឡើយ​។​

​លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​រុស្ស៊ី RT ដូច្នេះ​ថា​៖ អ៊ីស្រាអែល​ប្រើប្រាស់​កម្លាំង​សម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជា​បាតុករ​ច្រើនសិប​នាក់​នៅ​ថ្ងៃ​ចន្ទ​។​ប៉ុន្តែ​សេត​វិមាន​អាមេរិក​គឺ​មិន​បារម្ភ​បន្តិច​សោះ​ពី​ជីវិត​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​»​។

​លោក​បាន​បន្ថែមថា រដ្ឋបាល​អាមេរិក​ដឹង​ច្បាស់​ថា វា​មាន​ភាគរយ​ច្រើន​ដែល​ចលនា​បាតុកម្ម ប្រឆាំងនឹង​ការផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​កើតមានឡើង​នោះ​។ ដូច្នេះហើយ​អាមេរិក​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រាល់​អ្វីដែល កើតឡើង​នៅ​តំបន់​ហ្កា​ស្សា​។​

​អ្នកច្បាប់​អន្តរជាតិ​រូបនេះ​មិន​សង្ឃឹមថា ពិភពលោក​នាំគ្នា​ចេញមុខ​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​ប្រឆាំង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ឡើយ ហើយ​បើទោះជា​មានការ​អំពាវនាវ ឬ​ទាមទារ​ឲ្យ​មានការ​បញ្ចប់​ឧក្រិដ្ឋកម្ម​នេះ​ក៏ដោយ​ក៏​អ៊ីស្រាអែល និង​អាមេរិក​មិន​ខ្វាយខ្វល់​ដែរ​។

​ក្នុង​ចលនា​បាតុកម្ម​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់ ៥៥ នាក់​បាន​ស្លាប់ ហើយ​ជាង​ពីរពាន់​នាក់​ផ្សេងទៀត​បាន​រងរបួស​ដោ​យ​សារ​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល​។

​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បាតុករ​នេះដែរ ប្រមុខ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស UNHRC លោក Zeid Ra’ad Al Hussein បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម twitter របស់ខ្លួន​ថា ការសម្លាប់​ប្រជាជន​ច្រើនសិប​នាក់ និង​បង្ក​ឲ្យ​របួស​រាប់រយ​នាក់​ពី​សំណាក់​អ៊ីស្រាអែល​ដែល​ប្រើប្រាស់​អាវុធ​នៅ​ហ្កា​ស្សា​ត្រូវតែ​ឈប់​ឥឡូវនេះ​។​

​សូមបញ្ជាក់ថា ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់ពាន់នាក់​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ការប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែលជា​ការសម្រេចចិត្តរ​ប​ស់លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែធ្នូ​កន្លងទៅ​។​

 ការ​ប្តរ​ទីតាំង​ស្ថានទូត វា​ស្មើនឹង​ការទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែល​ឋានៈ​មិនទាន់​ត្រូវ​បានកំណត់​ដាច់ស្រេច​នោះ​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ​។ ទីក្រុង​ពិសិដ្ឋ​ហ្ស៊េ​រុយ​សា​ឡិ​ម ជា​ចំណុច​ចម្រូងចម្រាស​បំផុត​ក្នុង​ការចរចា​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល ប៉ា​ឡេ​ស្ទី​ន​។  អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​មួយផ្នែក​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម​ប្រាំមួយ​ថ្ងៃ​រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ ។

​ត្រឡប់មកវិញ ពេល​លោក ត្រាំ ប្រកាស​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​កាលពីដើម​ខែធ្នូ ប្រទេស​ជាច្រើន​បាននាំគ្នា​ថ្កោលទោស​អាមេរិក​។  គេ​ឃើញ​សមាជិក​អង្គការសហប្រជាជាតិ ១២៨ បាន​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​ដែល​ថ្កោលទោស​ការសម្រេចចិត្តរ​ប​ស់លោក ដូ​ណា​ល់ ត្រាំ​ផងដែរ​៕


Tag:
 អាមេរិក​
  ហ្ស៊េ​រុយ​សា​ឡិ​ម​
  ដូ​ណា​ល់ ត្រាំ​
  UNHRC
© រក្សាសិទ្ធិដោយ thmeythmey.com