អន្តរជាតិ
ទី​ប្រឹក្សា​សន្តិសុខ​អាមេរិក​៖ នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវ​ដឹក​ទៅ​ទុក​នៅ​អាមេរិក ជាថ្នូរការ​ព្យួរ​ទណ្ឌកម្ម​
15, May 2018 , 9:39 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខអាមេរិក John Bolton (រូបភាព AFP)
ទីប្រឹក្សាសន្តិសុខអាមេរិក John Bolton (រូបភាព AFP)
​ទីប្រឹក្សា​សន្តិសុខ​អាមេរិក John Bolton ចង់​ឲ្យ​កូរ៉េខាងជើង​ជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៅ​ទុក​នៅ​ទឹកដី​អាមេរិក បើ​កូរ៉េខាងជើង​ពិត​ជាមាន​ឆន្ទៈ​បោះបង់​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​មែន​នោះ​។ បន្ទាប់ពី​រំសាយ​នុយក្លេអ៊ែរ​រួច អាមេរិក​នឹងធ្វើ​សម្បទាន​តាម​ក្រោយ​ដែរ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ជួបគ្នា​នៅ​ខែក្រោយ​នៅ​សិង្ហ​បុរី​ដើម្បី​ជជែក​ពី​បញ្ហា​នុយក្លេអ៊ែរ​នេះ​។​



​ក្នុង​កិច្ច​សម្ភាស​នៅ​ចុង​សប្ដាហ៍​មុន លោក John Bolton ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ លើកឡើងថា នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវកម្ទេច​ទាំងស្រុង រួច​បញ្ជូនទៅ​រក្សាទុក​នៅ​រដ្ឋ Tennessee បើ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចង់ឃើញ​ការលើកលែង​ទណ្ឌកម្ម​នោះ​។ ការរំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺជា​របៀបវារៈ​ធំ​ក្នុងជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក គីម និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមិថុនា​ខាងមុខ​។​

​ក្នុង​កម្មវិធី This Week របស់​ទូរទស្សន៍ ABC លោក Bolton បញ្ជាក់ថា ការរំសាយ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង​មានន័យ​ស្មើនឹង​ការបំផ្លាញ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង និង​យក​អាវុធ​ទាំងនោះ​ទៅ​ទុក​នៅ Oak Ridge ក្នុង​រដ្ឋ Tennessee ភាគ​ខាងកើត​ប្រទេស​។ លោក​សង្កត់ធ្ងន់ថា ការលុបបំបាត់​នេះ​រាប់បញ្ចូល​ទាំង​ការលុបបំបាត់​ការ​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម និង​ដំណើរការ​ចម្រាញ់​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម ព្រមទាំង​កម្ទេច​មី​ស៊ី​ល​បាលី​ស្ទិ​ក​ផង​។​

​យ៉ាងណាមិញ មន្ត្រី​ទទួល​កិច្ចការ​សន្តិសុខ​ជាន់ខ្ពស់​រូបនេះ​មិនបាន​បញ្ជាក់ថា នុយក្លេអ៊ែរ​កូរ៉េខាងជើង​នឹងត្រូវ​ទុក​នៅ​មន្ទីរពិសោធន៍​ជាតិ Oak Ridge ឬក៏​ទីតាំង​សន្តិសុខ​ជាតិ Y-12 ដែល​ទទួលខុសត្រូវ​លើ​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ មូលដ្ឋាន Y-12 នេះហើយ​ដែលជា​ទីតាំង​រក្សាទុក​ស​ម្ភា​រ និង​ឯកសារ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​លី​ប៊ី បន្ទាប់ពី​អតីត​មេដឹកនាំ Muammar Gaddafi សម្រេចចិត្ត​បោះបង់​មហិច្ឆតា​របស់ខ្លួន​ក្នុង​ឆ្នាំ​២០០៣ ។​



ទីតាំងផលិតគ្រាប់នុយក្លេអ៊ែរអាមេរិក Y-12 (រូបភាព Reuters)

​តាមពិតទៅ កូរ៉េខាងជើង​បានបង្ហាញ​ជំហរ​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​ហើយ ដោយ​លើកលែង​ពី​ភាពចាំបាច់ និង​ងាក​ទៅ​ពង្រឹង​សេដ្ឋកិច្ចជាតិ​វិញ​។ ការប្រកាស​របស់​កូរ៉េខាងជើង ជា​សញ្ញា​ល្អ​មុន​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ប៉ុន្តែ​ភាគី​ហាក់​ជំហរ​ខុសគ្នា​លើ​ដំណើរការ​រំសាយ​អាវុធ​នេះ​។ ព្យុងយ៉ាង​ចង់​ធ្វើតាម​ដំណាក់កាល និង​ចាត់វិធានការ​ព្រម​គ្នាៗ ឯ​វ៉ាស៊ីនតោន​ចង់​ឲ្យ​ដំណើរការ​មួយ​ដែល​ធ្វើឡើង​តែម្ដង មានការ​ត្រួតពិនិត្យរ​បស់​អន្តរជាតិ ជាពិសេស​ធានាថា មិនអាច​ត្រឡប់ក្រោយ​ឡើយ​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្នុងន័យ​បង្ហាញ​ឆន្ទៈ​របស់ខ្លួន កូរ៉េ​ខាង​ជើងក៏បាន​ប្រកាស​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំ​របស់ខ្លួន ហើយ​ថែមទាំង​អញ្ជើញ​អ្នកសារព័ត៌មាន​អន្តរជាតិ​ធ្វើ​សាក្សី​ផង​។ នៅក្រោយ​ការចរចា​នៅ​ខែក្រោយ បើ​កូរ៉េខាងជើង​សម្រេចចិត្ត​ផ្អាក​នុយក្លេអ៊ែរ​មែន អាមេរិក​ឯណេះ​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​កូរ៉េខាងជើង​ឡើងវិញ​តាមរយៈ​ការជំរុញ​វិស័យ​ឯកជន​ឲ្យ​ទៅរក​ស៊ី​នៅ​រដ្ឋ​ឯកោ​មួយ​នេះ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  John Bolton
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com