ជាតិ
មេ​ប៉ូលិស បញ្ជា​ឲ្យ​ធានា​សុវត្ថិភាព នៅ​ថ្ងៃ​បោះឆ្នោត​
15, May 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នាយ​ឧត្ដមសេនីយ៍ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​ទៅ​នគរបាល ឲ្យ​ធានា​សុវត្ថិភាព​នៃ​ដំណើការ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន​។



​មុន​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ដែលជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣ នៃ​ការ​បដិសន្ធិ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា ឈាន​មកដល់  លោក នេ​ត សាវឿន ក៏បាន​ចេញ​សារ​ជូនពរ ដល់​នគរបាល​គ្រប់លំដាប់​ថ្នាក់​។ តាមរយៈ​សារ​ជូនពរ​នោះ លោក បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​មន្ដ្រី​នគរបាលជាតិ​ទាំងអស់ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ដើម្បី​បុព្វហេតុ​ជាតិ និង​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​។​

​ក្រៅពី​ការជូន​ពរ អគ្គស្នងការ​នគរបាល​ជាតិ ឆ្លៀត​ដាស់តឿន​កម្លាំង​នគរបាល​ឲ្យ​យកចិត្តទុកដាក់ ចំពោះ​ការបោះឆ្នោត​នាពេលខាងមុខ​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​នៃ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការគំរាមកំហែង​»​។

​ជាមួយគ្នានេះ សម្ដេចនាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ចេញ​សារ​ជូនពរ​ដល់​នគរបាល​ជាតិ​ផងដែរ ដោយ​បង្កប់​នូវ​ការ​ក្រើនរម្លឹក​ឲ្យ​នគរបាល ធានា​ភាពសុខសាន្ត សន្តិសុខ និង​បរិយាកាស​សុវត្ថិ​ភាពល្អ​ប្រសើរ សម្រាប់​ដំណើរការ​បោះឆ្នោត​៕


Tag:
 បោះឆ្នោត​
 ​នេ​ត សាវឿន​
 ​នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com