អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេបក្ស​ប្រឆាំង អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​ដោះលែង ក្រោយ​ជាប់ពន្ធនាគារ​អស់បី​ឆ្នាំ​
16, May 2018 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​គេ​ដោះលែង​ហើយ ក្រោយ​ចំណាយ​ពេលវេលា​បី​ឆ្នាំ​ក្នុង​ពន្ធនាគារ ដោយសារ​លោក​រង​ការចោទប្រកាន់​ក្នុង​បទល្មើស​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​។ ក្រោយ​ចេញពី​ពន្ធនាគារ​លោក​ត្រូវ​ស្វែងរក​តំណែង​សមាជិកសភា ហើយ​លោក​ក៏​អាច​ទទួលបាន​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​ផង​។​
​ដូច​ការរំពឹងទុក មេបក្ស​ប្រឆាំង​ដ៏​ល្បីឈ្មោះ​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​គេ​ដោះលែង​ហើយនៅថ្ងៃពុធទី ១៦ ខែឧសភា ​ក្រោយ​បានទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ពុធ​ទី ១៦ ខែឧសភា​នេះ​។ 

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Malaysiakini លោក អាន់​វ៉ា បាន​ចាក​ចេញពី​មន្ទី​ពេទ្យ​ដែលជា​កន្លែង​លោក​ព្យាបាល​ជំងឺ ទៅកាន់​រាជវាំង​នៅ​ម៉ោង ១១ នាទី​ព្រឹក​ថ្ងៃ ពុធ ដើម្បី​ទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​។ លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ក៏​ស្ថិតនៅ​រាជវាំង​ផងដែរ​នៅពេលដែល​ព្រះមហាក្សត្រ​ផ្តល់​ការលើកលែងទោស​នោះ​។   

​ស្ថិតក្នុង​វ័យ ៧០​ឆ្នាំ លោក អាន់​វ៉ា ធ្លាប់ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ក្រោម​អាណត្តិ​លោក មហា​ធៀ​។ លោក​ត្រូវបាន​លោក មហា​ធៀ ដកតំណែង​ឆ្នាំ ១៩៩៨ ហើយ​ក្រោយមក​ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ដោយសារ​បទល្មើស​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​ថែមទៀត​។ 

​លោក​ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ម្តងទៀត​កាលពី​ឆ្នាំ ២០១៥ ដោយ​លោក​រង​ការចោទប្រកាន់​ជាថ្មី​ពាក់ព័ន្ធ​ការរួម​ភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​ទៀត ពេល​លោក ណា​ជីប ធ្វើជា​នាយករដ្ឋមន្ត្រី​។ លោក អាន់​វ៉ា ហៅ​ការចាប់ខ្លួន​លោក​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ​។​

​ក្រោម​កិច្ចព្រមព្រៀង​របស់​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan លោក មហា​ធៀ នឹង​ផ្ទេរតំណែង​ជូន​លោក អាន់​វ៉ា ក្នុង​រយៈពេល​មិនយូរ​ជាង​ពីរ​ឆ្នាំ​ឡើយ​។ ម្សិលមិញ លោក មហា​ធៀ បាន​បញ្ជាក់ដែរថា លោក​នឹង​កាន់អំណាច​ចន្លោះ​ពីមួយ​ឆ្នាំទៅ​ពីរ​ឆ្នាំ ហើយ​លោក​នឹង​ដោះស្រាយ​បញ្ហាសំខាន់ៗ​ជាពិសេស​ពុករលួយ​កេងប្រវ័ញ្ច​លុយ​រដ្ឋ​។ ក្រោយ​ចុះ​ចេញពី​តំណែង លោក មហា​ធៀ នឹង​នៅមាន​តួនាទី​សំខាន់​ប្រឹក្សា​យោបល់​ដល់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ម៉ាឡេស៊ី​ដដែល​។​

​ពាក់ព័ន្ធ​នឹង លោក អាន់​វ៉ា វិញ លោក មហា​ធៀ បាន​បង្ហើប​ថា លោក​ត្រូវ​ស្វែងរក​អាសនៈ​សភា​ជាមុនសិន ហើយ​បន្ទាប់មក​លោក​ប្រហែលជា​អាចនឹងទទួល​បាន​តំណែង​ណាមួយ​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី​ផងដែរ​៕ 
 

Tag:
 អាន់វ៉ា អ៊ីប្រាហ៊ីម
  ម៉ាឡេស៊ី
  មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com