អន្តរជាតិ
អឺរ៉ុបប្រឹងសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ក្រោយអាមេរិកដើរចេញ រូបភាព AFP
× នៅថ្ងៃទី១៥ ខែឧសភា សហភាពអឺរ៉ុបបានចាប់ផ្ដើមធ្វើការលើគម្រោងសេដ្ឋកិច្ចចំនួន៩ចំណុចដើម្បីរក្សាដង្ហើមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីអាមេរិកប្រកាសដកខ្លួនរួចមក។ អ៊ីរ៉ង់ក៏បានគំរាមដើរចេញពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែព្យាយាមរកការធានាពីសមាជិកសេសសល់នៃកិច្ចព្រមព្រៀងនេះជាមុនសិន។ ប្រមុខការទូតអ៊ីរ៉ង់បានទៅដល់ទីក្រុងព្រុចសែលដើម្បីសួរបញ្ជាក់ជំហររបស់អឺរ៉ុប និងសម្បទានដែលអឺរ៉ុបអាចផ្ដល់ឲ្យខ្លួនបាន។
ក្រោយការដើរចេញរបស់អាមេរិកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA មកនោះ អឺរ៉ុបបានចេញមុខរកផ្លូវទប់ស្កាត់អ៊ីរ៉ង់ដកខ្លួនពីកិច្ចព្រមព្រៀងនេះតាមអាមេរិកដែរ។ អឺរ៉ុបចង់ឲ្យអ៊ីរ៉ង់បន្តជាភាគីនៃកិច្ចព្រមព្រៀងនេះ ប៉ុន្តែអ៊ីរ៉ង់បានព្រមានទុករួចហើយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងទ្រង់ទ្រាយឧស្សាហកម្មឡើងវិញ ដោយមិនអាចប្រទេសណាមកដាក់កំហិតលើខ្លួនបានទៀតឡើយ។
តាមពិតទៅនោះ អ៊ីរ៉ង់ក៏ចង់ធ្វើតាមអាមេរិក និងដកថយពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ នេះដែរ ប៉ុន្តែដោយមានការប្ដេជ្ញាចិត្តរបស់ហត្ថលេខី៥ប្រទេសទៀត អ៊ីរ៉ង់មិនទាន់សម្រេចភ្លាមឡើយ។ អ៊ីរ៉ង់ចង់បានការធានាថា ខ្លួននឹងនៅតែទទួលបានប្រយោជន៍ផ្នែកសេដ្ឋកិច្ចដដែល ទោះជាអាមេរិកចាកចេញក្ដី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បានធ្វើដំណើរទៅជួបសមភាគីនៃប្រទេសទាំង៥ ដើម្បីសាកសួរពីជំហររបស់ពួកគេ។
លោក Zarif បានធ្វើដំណើរពីចិន ទៅរុស្ស៊ី រួចទៅកាន់គោលដៅចុងក្រោយនៅបែលហ្ស៊ិក។ នៅទីក្រុងព្រុចសែល លោកបានជួបជាមួយប្រមុខការទូតអឺរ៉ុប Federica Mogherini និងសមភាគីបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលសុទ្ធតែបានប្ដេជ្ញាការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Mogherini និយាយថា អ្នកជំនាញអឺរ៉ុបបានចាប់ផ្ដើមធ្វើការដើម្បីសម្រេចឲ្យបានផែនការជាក់ស្ដែងមួយ។
ផែនការសេដ្ឋកិច្ចរបស់អឺរ៉ុបសម្រាប់អ៊ីរ៉ង់មានដូចជា ការធានាឲ្យអ៊ីរ៉ង់អាចលក់ប្រេង និងឧស្ម័នរបស់ខ្លួន និងអាចប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបាន ទោះជាអាមេរិកដាក់ទណ្ឌកម្មក្ដី។ លើសពីនោះ តាមរយៈផែនការនេះ អឺរ៉ុបនឹងបន្តរកស៊ីជាមួយអ៊ីរ៉ង់ ក៏ដូចជាការពារក្រុមហ៊ុនដែលរកស៊ីនៅអ៊ីរ៉ង់ផងដែរ។ អឺរ៉ុបក៏កំពុងស្វែងរកលទ្ធភាពនៃការបង្កើតមធ្យោបាយហិរញ្ញវត្ថុពិសេសសម្រាប់ពាណិជ្ជកម្មជាមួយអឺរ៉ង់ដែរ សំដៅចៀសវាងទណ្ឌកម្មពីសំណាក់រដ្ឋបាលលោក ត្រាំ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនៅព្រុចសែល លោក Zarif ចាត់ទុកការចរចាជាមួយអឺរ៉ុបជាការចាប់ផ្ដើមល្អមួយ ទោះជាមិនអាចដើរដល់គោលដៅក្ដី។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះបាននិយាយព្រមានទុកមុនថា ក្រុងតេហេរ៉ង់ចង់ឃើញដំណើរការនៃការធានាទាំងឡាយរបស់អឺរ៉ុបនៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ មុននឹងសម្រេចចិត្តតាមក្រោយទៀត។ ប៉ុន្តែលោកស្រី Mogherini ទទួលស្គាល់ថា មានបញ្ហាប្រឈមច្រើនក្នុងការដោះស្រាយទណ្ឌកម្មរបស់អាមេរិកដែលអនុវត្តពេញពិភពលោក៕
Tag:
អឺរ៉ុប
អ៊ីរ៉ង់
អាមេរិក
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com