ប្រមុខ​រដ្ឋាភិបាល​៖ គ្រួសារ​ល្អ គឺជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការកសាង​សីលធម៌​សង្គម
ជាតិ
ប្រមុខ​រដ្ឋាភិបាល​៖ គ្រួសារ​ល្អ គឺជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការកសាង​សីលធម៌​សង្គម
16, May 2018 , 10:39 pm        
រូបភាព
«​គ្រួសារ​ល្អ​មាន​តួនាទី​សំខាន់​ក្នុងការ​លើកកម្ពស់​សីល​ធម៌​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​»​។ នេះ​ជា​ប្រធានបទ នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្ដីពី​គ្រួសារ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨​។ សម្តេច ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​កម្ពុជា បានចេញ​សារលិខិត​មួយ សម្រាប់​ទិវា​នេះ​។ សម្តេច លើកឡើង​ក្នុង​សារលិខិត​ថា គ្រួសារ គឺជា​កោសិកា​មួយ​ដ៏​សំខាន់ ដែល​ដើរតួនាទី​ជា​កម្លាំងចលករ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ពិសេស​ការរក្សា​នូវ​សន្តិភាព និង​ជំរុញ​ក្នុងការ​ថែរក្សា​តុល្យភាព​សង្គម រួមទាំង​ស្ថិរភាព​ប្រទេសជាតិ​។​



​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា មើលឃើញថា ក្រុមគ្រួសារ​ទាំងឡាយ តែងតែ​ពលិកម្ម និង​លះបង់​គ្រប់បែបយ៉ាង​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនចៅ​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ សម្រាប់​គ្រួសារ សហគមន៍ និង​សង្គមជាតិ ព្រមទាំង​ការចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា និង​លើកស្ទួយ សាសនា ប្រពៃណី ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ប្រទេសជាតិ​។ នាយករដ្ឋមន្ដ្រី បាន​បន្តថា ក្រុមគ្រួសារ​ទាំងអស់ នឹង​បន្ត​អនុវត្ត​ប្រពៃណី​ដ៏​ល្អ​ផូរផង់ ដើម្បី​ចូលរួមចំណែក​ថែរក្សា​និង​កសាង​សមិទ្ធផល​នានា​បន្ថែមទៀត សម្រាប់​ឧត្តមភាព​ជាតិ សាស​សនា ព្រះមហាក្សត្រ​។​

​តាមរយៈ​សារលិខិត សម្តេច ហ៊ុន សែន លើកឡើងថា នៅក្នុង​ពិភពលោក ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា គ្រួសារ​ជា​តួអង្គ​មួយ​ដ៏​សំខាន់ និង​ចាំបាច់ ពីព្រោះ​វា​ជា​កន្លែង​ដែល​មនុស្ស​គ្រប់រូប​បានចាប់កំណើត​រីក​ធំធាត់ និង​ទទួល​នូវ​ការអប់រំ ភាពកក់ក្ដៅ និង​សេចក្ដីស្រឡាញ់​ជាប់​ជា​ចាំបាច់​។​

«​គ្រួសារ និង​សហគមន៍​នីមួយៗ ត្រូវ​បន្ត​ពង្រឹង​នូវ​ស្មារតី​សាមគ្គី​ភាពល្អ យកចិត្តទុកដាក់​អប់រំ​សីលធម៌ និង​ប្រពៃណី​ទំនៀម​ទំ​ម្លា​ប់​ល្អ ហើយ​និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​សមាជិកគ្រួសារ​របស់ខ្លួន តាមរយៈ​ការផ្ដល់​ការអប់រំ រៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយា​ធម៌ ជំ​ណេះ​ដឹង​ទូទៅ និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​»​។ នេះ​ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​ជំរុញ​យ៉ាង​ដូច្នេះ​ថា​៖«​ការពង្រឹង និង​ការអភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស ក្នុង​គ្រួសារ​ប្រកបដោយ​ភាពរឹងមាំ​សេចក្ដីថ្លៃថ្នូរ  និង​ភាព​ស​ក្កិ​សិទ្ធ គឺអាច​នាំ​ឲ្យ​សង្គមជាតិ​មាន​ភាពរុងរឿង ថ្កុំ​ថ្កើ​ន និង​សុភមង្គល ហើយ​បន្ត​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​មាន​ភាព​ត្រសុះ​ត្រសាយ​ឡើង​នៅក្នុង​ឆាក​ជាតិ​-​អន្តរជាតិ​»៕


Tag:
 គ្រួសារ​
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com