អន្តរជាតិ
ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​៖ សមយុទ្ធ​ជាមួយ​អាមេរិក​បន្តធ្វើ​ដដែល ទោះជា​កូរ៉េខាងជើង​តវ៉ា​
17, May 2018 , 9:19 am        
រូបភាព
យន្តហោះចម្បាំងអាមេរិកនៅកូរ៉េខាងត្បូង (រូបភាព AFP)
យន្តហោះចម្បាំងអាមេរិកនៅកូរ៉េខាងត្បូង (រូបភាព AFP)
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៦ ខែឧសភា បានប្រកាសថា សមយុទ្ធ​យោធា​ដែនអាកាស​របស់​ទាហាន​កូរ៉េខាងត្បូង និង​អាមេរិក នឹង​បន្ត​ធ្វើឡើង​តាម​ផែនការ​ដដែល ទោះជា​កូរ៉េខាងជើង​មិន​ពេញចិត្ត​ក្ដី​។ ដោយសារ​មិន​ពេញ​ចិត្តនឹង​សមយុទ្ធ​នេះ ក្រុង​ព្យុងយ៉ាង បាន​លុបចោល​ជំនួប​ថ្នាក់ខ្ពស់ ជាមួយ​ក្រុង​សេ​អ៊ូ​ល​យ៉ាង​ទាន់ហន់​បំផុត និង​គំរាម​ពិចារណា​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង នៅ​ខែក្រោយ​ទៅទៀត​។ សេ​អ៊ូ​ល នៅតែ​អះអាងថា សមយុទ្ធ​នេះ មិនមែនជា​ការត្រៀម​ប្រយុទ្ធ​ឡើយ​។



​កូរ៉េខាងត្បូង មិនបាន​ខ្វល់ខ្វាយ​ខ្លាំង​ឡើយ ចំពោះ​ការតវ៉ា​របស់​កូរ៉េខាងជើង ជុំវិញ​សមយុទ្ធ Max Thunder ជាមួយ​កងទ័ព​អាមេរិក​។ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការតវ៉ា​របស់​កូរ៉េខាងជើង រហូតដល់​មានការ​ផ្អាក​ការចរចា​ថ្នាក់ខ្ពស់​មួយ នៅ​តំបន់​គ្មាន​កងទ័ព (DMZ) នោះ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ក៏​បញ្ជាក់ថា សម្ព័ន្ធមិត្ត​ទាំងពីរ​នឹង​នៅតែ​បន្តធ្វើ​សមយុទ្ធ​រួមគ្នា​នេះ​ទៀត ដោយ​មិនមាន​បញ្ហា​រអាក់រអួល​អ្វី​ទាំងអស់​។

​កូរ៉េខាងជើង​ខឹងសម្បារ​នឹង​សមយុទ្ធ​នេះ​យ៉ាងខ្លាំង ដោយ​ចាត់ទុកជា​ការប្រុងប្រៀប​ឈ្លានពាន​ខ្លួន  និង​ប៉ះពាល់​បរិយាកាស​ល្អប្រសើរ នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង​។ សមយុទ្ធ Max Thunder ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១១ ខែឧសភា និង​មាន​រយៈពេល​ពីរ​សប្ដាហ៍​នោះ មាន​វត្តមាន​ចូលរួម​ពី​យន្តហោះ​ចម្បាំង​ប្រមាណ​១០០​គ្រឿង ដូចជា F-22, F-15K និង​F-16 ។ សារព័ត៌មាន​កូរ៉េខាងជើង​ផ្សាយ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ក៏មាន​ចូលរួម​សមយុទ្ធ​នេះដែរ ហើយ​នេះ​ធ្វើ​ឲ្យ​កូរ៉េខាងជើង​កាន់តែ​ខឹង​ខ្លាំង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង អះអាង​នៅ​ថ្ងៃទី​១៦ ខែឧសភា ថា លំ​ហាត់​រួមគ្នា នឹង​បន្តដំណើរ​ការ​ដដែល ហើយ​កូរ៉េខាងត្បូង និង​អាមេរិក មិនមាន​អ្វី​ខុសគ្នា​ទេ​លើ​បញ្ហា​នេះ​។ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ក៏​ពន្យល់​ដែរ​ថា សមយុទ្ធ​នេះ​មាន​គោលដៅ​ពង្រឹងសមត្ថភាព​របស់​អាកាសយានិក​ប៉ុណ្ណោះ មិនមែនជា​ការអនុវត្ត​ផែន​ការធ្វើ​ប្រតិបត្តិការ ឬ​ការត្រៀម​ប្រយុទ្ធ​ឡើយ​។

​បន្ទាប់ពី​កូរ៉េខាងជើង​រិះគន់​ខ្លាំងៗ មក​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង Song Yong-moo ក៏បាន​ជជែក​បន្ទាន់ ជាមួយ​ឧ​ត្ត​ម​សេនីយ៍ Vincent K. Brook មេបញ្ជាការ​កងទ័ព​អាមេរិក នៅ​កូរ៉េខាងត្បូង លើ​ការលុបចោល​ជំនួប​អន្តរ​កូរ៉េ​ដោយ​ឥត​ព្រៀងទុក​ពី​សំណាក់​កូរ៉េខាងជើង​។ ការតវ៉ា​របស់​កូរ៉េខាងជើង បង្ក​ជាការ​បារម្ភ លើ​ការចរចា​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង​។​

​ការប្រកាស​តវ៉ា​ជា​សាធារណៈ​របស់​កូរ៉េខាងជើង​ពេលនេះ ហាក់​ផ្ទុយ​ពី​ការលើកឡើង​របស់​មន្ត្រី​កូរ៉េខាងត្បូង ដែល​បាន​ទៅ​ជួប​លោក គីម ជុង​អ៊ុន នៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ខែមីនា​។ ទីប្រឹក្សា​សន្តិសុខ​កូរ៉េខាងត្បូង Chung Eui-yong បាន​ស្រង់​សម្ដី​លោក គីម ថា លោក​យល់​ពី​ភាពចាំបាច់ នៃ​ការ​បន្តធ្វើ​សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​។ សម្ដី​របស់លោក គីម ពេលនោះ​ធ្វើ​ឲ្យ​គេ​ជឿថា កូរ៉េខាងជើង​ទំនងជា​មិន​ប្រឆាំង​សមយុទ្ធ នៅ​ឧបទ្វីប​កូរ៉េ​ទៀតឡើយ​៕

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com