ជាតិ
សេដ្ឋកិច្ច
Eurocham ផ្ដល់​បរិយាកាស​ទំនាក់​ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​ធុរកិច្ច​ជន​អឺរ៉ុប​នៅ​កម្ពុជា​
18, May 2018 , 4:38 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (Eurocham Cambodia) នៅ​ថ្ងៃទី​១៧​ខែឧសភា បានរៀបចំ​កម្មវិធី​ជួបជុំ​សមាជិក​របស់ខ្លួន ដើម្បី​បង្កើត​បរិយាកាស​ទំនាក់​ទំនង​ធុរកិច្ច​កាន់តែ​ជិតស្និត​ក្នុងចំណោម​បណ្ដា​សមាជិក​ទាំងនោះ ក៏ដូចជា​អ្នក​មិនមែន​សមាជិក​។ កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​អគារ​បុរាណ Mansion Heritage Bar ក្នុង​រាជធានី​ភ្នំពេញ​។​



​កម្មវិធី​ជួបជុំ​ដែល​រៀបចំ​ដោយ Eurocham  ត្រូវធ្វើ​ឡើងជា​រៀងរាល់ខែ ហើយ​ប្រធានបទ​នៃ​កម្មវិធី​ជួបជុំ​តែងតែ​ផ្លាស់ប្ដូរ​។ សម្រាប់​ការជួបជុំ​ក្នុង​ខែឧសភា  ដែល​ទើប​កន្លងផុត​ថ្មីៗ​នេះ Eurocham បានជ្រើសរើស​ប្រធានបទ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប​។ ដោយសារ​ជា​ប្រធានបទ​បែប​វប្បធម៌ ម្ហូបអាហារ​អឺរ៉ុប​មកពី​ភោជនីយដ្ឋាន​ចំនួន​១០ បាន​មាន​វត្តមាន​នៅក្នុង​កម្ម​វិធី​នេះ​។​



​លោក គី​លី​យ៉ង់ ប្លែ​ស នាយក​ប្រតិបត្តិ​ស្ដីទី Eurocham Cambodia ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​យើង​រៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលដៅ​ឲ្យ​អ្នករកស៊ី​អាច​ជួបជុំគ្នា​បង្កើត​ទំនាក់ទំនង​»​។ ក្នុង​កម្មវិធី​នេះ​មាន​សមាជិក Eurocham Cambodia ប្រមាណ​១៤០​នាក់​ចូលរួម រួមទាំង​តំណាង​មកពី​សមាគម​ពាណិជ្ជកម្ម​ផ្សេង​មួយចំនួន​ផងដែរ​។​

​ក្រៅពី​កម្មវិធី​ជួបជុំ​បែបនេះ Eurocham Cambodia មានកម្ម​វិធី​ជាច្រើន ទាក់ទង​ទៅនឹង​ការចែករំលែក​ចំណេះដឹង​អំពី​ច្បាប់ ទីផ្សារ​ជាដើម ដល់​សមាជិក​របស់ខ្លួន​។ Eurocham ក៏បាន​ធ្វើការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​ជំរុញ​បរិយាកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​។ នេះ​បើតាម​លោក ប្លែ​ស ៕







Tag:
 Eurocham
© រក្សាសិទ្ធិដោយ thmeythmey.com