អន្តរជាតិ
UN៖ គិត​ត្រឹម​ឆ្នាំ​២០៥០ មនុស្ស​ដែល​ប្តូរ​ទៅ​រស់នៅ​តំបន់​ក្រុង​កើន​៦៨​ភាគរយ​
19, May 2018 , 7:30 pm        
រូបភាព
ដោយ: ធីតា
​មនុស្ស​៦៨​ភាគរយ​ទូទាំង​ពិភពលោក នឹង​ប្តូរ​ទៅ​រស់នៅ​តំបន់​ទីក្រុង​ដោយ​គិត​ត្រឹម​ឆ្នាំ​២០៥០ ។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ ពោលគឺ​កើន​ពី​៥៥​ភាគរយ​នាពេល​បច្ចុប្បន្ន​។​

 
​របាយការណ៍ UN បាន​ព្យាករ​ថា មនុស្ស​ប្រមាណ​២.៥​ប៊ី​លាន​នាក់​បន្ថែមទៀត នឹង​រស់នៅ​តំបន់​ទីក្រុង​នា​រយៈពេល​៣០​ឆ្នាំ​ខាងមុខ ដោយ​កំណើន​ទាំងនេះ មាន​រហូតដល់​៩០​ភាគរយ សម្រាប់​ទ្វីបអាស៊ី និង​អាហ្វ្រិក​។​
 
​កំណើន​មនុស្ស​ទៅ​នៅ​ទីក្រុង មាន​៣៥​ភាគរយ​នៅ​ឥណ្ឌា ចិន និង​នី​ហ្សី​រី​យ៉ា ចន្លោះ​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០៥០ ។ នេះ​បើតាម​ការ​លម្អិត​ព័ត៌មាន​របស់ AFP​។ បើទោះបីជា​មានការ​ធ្លាក់​ចុះ​នៃ​អាត្រា​នគរូបនីយកម្ម​ក៏ដោយ ប៉ុន្តែ​ទ្វីបអាស៊ី មាន​ចំនួន​៥៤​ភាគរយ​នៃ​មនុស្ស​ដែល​រស់នៅ​ទីក្រុង​ជុំវិញ​ពិភពលោក ខណៈ​អឺរ៉ុប និង​អាហ្វ្រិក មាន​១៣​ភាគរយ​។​
 
​បច្ចុប្បន្ន តូ​ក្យូ​ជាទី​ក្រុង​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក​ដែលមាន​មនុស្ស​រស់នៅ​ប្រមាណ​៣៧​លាន​នាក់ បន្ទាប់មក​មាន ញូ​វ​ដេលី ២៩​លាន​នាក់ សៀង​ហៃ ២៦​លាន​នាក់​។ ទីក្រុង​ផ្សេងទៀត​រួមមាន Sao Paulo, Mexico City, គែរ ម៉ុម​បៃ ប៉េកាំង និង​ដា​កា​។​
 
​បើតាម​ការសិក្សា​របស់ UN នៅ​ឆ្នាំ​២០២៨ ខាងមុខ ក្រុង​ញូ​វ​ដេលី របស់​ឥណ្ឌា នឹង​ដណ្តើម​តំណែង​ពី​ក្រុង​តូ​ក្យូ​របស់​ជប៉ុន​ក្នុងនាម​ជា​ក្រុង​ដែលមាន​មនុស្ស​ច្រើនជាងគេ​លើ​លោក​។ អត្រា​មនុស្ស​នៅ​តូ​ក្យូ​នឹង​បន្ត​ធ្លាប់ជា​លំដាប់​៕
 

Tag:
 ​ទីក្រុង​
  អង្គការសហប្រជាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com