អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឡាវ ចេញ​បទបញ្ជា​ថ្មី​ដើម្បី​សម្រួល​នីតិវិធី​សុំ​ធ្វើ​អាជីវកម្ម​កាន់​លឿន
20, May 2018 , 8:29 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ កំពុងតែបន្ត​សម្រួល​នីតិវិធី​សម្រាប់​ការធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​ខ្លួន​ឲ្យ​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស ។ ការព្យាយាម​កែសម្រួល​នេះ គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​ក្រុង​វៀងចន្ទន៍​ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស​ឲ្យ​កាន់តែច្រើន ខណៈ​ចំណាត់ថ្នាក់​ស្តីពី​នីតិវិធី​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់ ឡាវ កន្លងមក ស្ថិតនៅក្នុង​លំដាប់​មិនសូវ​ល្អ​ផង ។



​នៅ​ដើមខែ​កុម្ភៈ​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថុង​លួ​ន ស៊ី​សូលី​ត បានចេញ​បទបញ្ជា​មួយ​ដោយបាន​កំណត់​ឲ្យ​គ្រប់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​សម្រួល​នីតិវិធី និង​ដោះស្រាយ​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​វិនិយោគិន​ពិបាក​ក្នុង​ការធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Laotian Times នៅ​ថ្ងៃ​១៤ ឧសភា ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​បន្ថែមថា បច្ចុប្បន្ន​លោកនាយក​រដ្ឋមន្ត្រី ស៊ី​សូលី​ត ក៏បាន​កែសម្រួល​ច្បាប់​ស្តីពី​ការធ្វើ​អាជីវកម្ម ដោយ​តម្រូវ​អាជ្ញាធរ​ត្រូវតែ​ចេញ​អាជ្ញា​បណ្ណ​សម្រាប់​ការចុះបញ្ជី​ធ្វើ​អាជីវកម្ម​ថ្មី​ក្នុង​រយៈពេល​១០​ថ្ងៃ ក្រោយ​នៃ​ការដាក់​ពាក្យ​ស្នើ​។ រដ្ឋាភិបាល​ក៏បាន​បង្កើត​គណៈកម្មាធិកា​រ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​ដើម្បី​ជួយ​ព​ន្លឿ​ន​ការពិចារណា និង​សម្រេច​លើ​សំណើ​របស់​វិនិយោគិន​។ 
 
​តាម​របាយការណ៍​ឆ្នាំ​២០១៧ របស់​ធនាគារពិភពលោក​ស្តីពី​ភាពងាយស្រួល​ក្នុង​ការធ្វើ​អាជីវកម្ម ឡាវ ស្ថិតនៅក្នុង​លំដាប់ ១៤១ ហើយ​បើ​ធៀប​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ ស្ថានភាព​ឡាវ ស្ទើរតែ​នៅ​បាត​តារាង​។ ថៃ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ២៦ ខណៈ វៀតណាម ស្ថិតនៅ​លំដាប់​លេខ ៦៨ និង​កម្ពុជា​ស្ថិតនៅ​លេខ ១៣៥ ។ រីឯ​មី​យ៉ាន់​ម៉ា ស្ថិតនៅ​លំដាប់​លេខ ១៧១ ។ 
​បើ​ឡាវ​ពិតជា​អាច​ដោះស្រាយ​បញ្ហា​ក្នុង​ការធ្វើ​អាជីវកម្ម​កាន់តែ​ងាយស្រួល​ក្នុងប្រទេស​បាន​ពិតមែន​នោះ រដ្ឋ​ក្រីក្រ​របស់​ពិភពលោក​មួយ​នេះ អាចនឹងទទួល​បាន​វិនិយោគ​ច្រើន ដ្បិត​បើ​ប្រៀបធៀប​កម្លាំង​ពលកម្ម ពោលគឺ ប្រាក់​ឈ្នួល​អប្បរ​មា​របស់​ឡាវ ក៏​នៅ​ទាប​ជា​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ​នោះ ៕ 

Tag:
 ឡាវ​
  ពាណិជ្ជកម្ម
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com