អន្តរជាតិ
អឺរ៉ុប​នឹង​នៅតែ​បន្ត​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ទោះ​ប្រឈមមុខ​ទណ្ឌកម្ម​អាមេរិក​
19, May 2018 , 10:30 pm        
រូបភាព
​នៅ​ថ្ងៃទី​១៩ ខែឧសភា ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​ថាមពល Miguel Arias Canete បាន​ទៅដល់​ទីក្រុង​តេ​ហេ​រ៉ង់​ដើម្បី​បង្ហាញ​ផែនការ​រកស៊ី​ជាមួយ​អ៊ីរ៉ង់ និង​ការពារ​ក្រុមហ៊ុន​អឺរ៉ុប​រកស៊ី​នៅ​អ៊ីរ៉ង់ ខណៈ​ប្រឈមមុខ​ទណ្ឌកម្ម​របស់​អាមេរិក​ក្ដី​។ លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ បាន​គំរាម​ដាក់ទណ្ឌកម្ម​ដ៏​ធំ​លើ​រដ្ឋ​មជ្ឈិមបូព៌ា​មួយ​នេះ ដែល​ធ្វើ​ឲ្យ​អឹ​រ៉ុ​ប​បារម្ភ​ខ្លាំង​។

 
 
​បន្ថែម​ពីលើ​ការដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​អ៊ីរ៉ង់​ដែរ​។ អឺរ៉ុប ដែលមាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​រកស៊ី​នៅ​អ៊ីរ៉ង់ បាន​ស្វះ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​អូសទាញ​អ៊ីរ៉ង់​ឲ្យ​បន្ត​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ​ផង និង​រៀបចំ​ផែន​ការបន្ត​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ផង ព្រោះ​អឺរ៉ុប​ត្រូវការ​ថាមពល​មានតម្លៃ​ថោក​របស់​អ៊ីរ៉ង់​យ៉ាងខ្លាំង​។ 
 
​លោក Miguel Arias Canete ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​ថាមពល បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់​នៅ​ថ្ងៃទី​១៩ ដើម្បី​បង្ហាញ​អ៊ីរ៉ង់​នូវ​ផែនការ​បន្ត​ទិញ​ប្រេង និង​ឧស្ម័ន ក៏ដូចជា​វិធានការ​ការពារ​ក្រុមហ៊ុន​អឺរ៉ុប​កំពុង​រកស៊ី​នៅ​អ៊ីរ៉ង់​។ លោក Canete ជា​មន្ត្រី​លោកខាងលិច​ទីមួយ​ដែល​ធ្វើដំណើរ​ទៅកាន់​អ៊ីរ៉ង់ ក្រោយ​ការដកខ្លួន​របស់​អាមេរិក​។ លោក​បាន​ជួប​ជាមួយ​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អ៊ីរ៉ង់ Ali Akbar Salehi ហើយ​គ្រោង​ជួប​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​មួយចំនួនទៀត​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Canete និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​មូលដ្ឋាន​សម្រាប់​សន្តិភាព​តំបន់ ប៉ុន្តែ​លោក​ទទួលស្គាល់ថា វា​ជា​កិច្ច​លំបាក​មួយ​។ ខណៈ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​នឹងដាក់​ទណ្ឌកម្ម​លើ​ក្រុង​តេ​ហេ​រ៉ង់​ឡើងវិញ​នោះ លោក Canete បញ្ជាក់ថា អឺរ៉ុប​ស្នើសុំ​ការលើកលែង​ពី​អាមេរិក​ក្នុងការ​អនុវត្ត​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​បោះទុន​រកស៊ី​អ៊ីរ៉ង់​។​
 
​អ៊ីរ៉ង់​កំពុង​រង់ចាំ​មើល​ផែនការ​ស្រោចស្រង់​ដែល​លើកឡើង​ដោយ​អឺរ៉ុប មុននឹង​សម្រេចចិត្តថា ត្រូវ​ដើរចេញ​តាម​អាមេរិក​។ លោក Selehi បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា អ៊ីរ៉ង់​ទទួលស្គាល់​ការប្រឹងប្រែង​របស់​អឺរ៉ុប​ដែល​បាន​សន្យា​ការពារ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ។ កន្លងមក អ៊ីរ៉ង់​ក៏បាន​ប្រកាស​រួចហើយ​ថា បើ​អឺរ៉ុប​អាច​ផ្ដល់​ការធានា​ឲ្យ​ខ្លួន​នោះ អ៊ីរ៉ង់​នឹង​បន្ត​ការប្ដេជ្ញាចិត្ត​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ដូចដើម​។   
 
​តាមពិតទៅ អ៊ីរ៉ង់​ចង់​ឲ្យ​អឺរ៉ុប​ធានាថា អ៊ីរ៉ង់​នៅតែ​អាច​ទទួលបាន​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​បាន​ឯកភាពគ្នា​កាលពី​អ៊ីរ៉ង់​យល់ព្រម​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​។ ឯ​អឺរ៉ុប​វិញ ដែល​ព្យាយាម​បញ្ចុះបញ្ចូល​អ៊ីរ៉ង់​កុំ​ទាន់​ដើរចេញ​នោះ ក៏​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ដែរ​។ អឺរ៉ុប និង​អ៊ីរ៉ង់​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​២០​ពាន់​លាន​អឺរ៉ូ​។ ទំនិញ​អឺរ៉ុប​ទិញ​ពី​អ៊ីរ៉ង់​មាន​៩០​ភាគរយ​ជា​ប្រេង ដែល​នាំចូល​ទៅកាន់​អេ​ស្ប៉ា​ញ ហូ​ឡង់ អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ក្រិច​ផង​៕

Tag:
 អឺរ៉ុប​
  អ៊ីរ៉ង់​
  អាមេរិក​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com