ជាតិ
CDC ចេញ​ច្បាប់​ឲ្យ​ក្រុមហ៊ុន​២​បើក​រោងចក្រ​កាត់ដេរ ដែលមាន​ទុន​សរុប​ជាង​៧​លាន​ដុល្លារ
19, May 2018 , 11:00 pm        
រូបភាព
លោក សុខ ចិន្តា ប្រធានCDC
លោក សុខ ចិន្តា ប្រធានCDC
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដល់​ក្រុមហ៊ុន​២ ដែលមាន​ទុនវិនិយោគ​សរុប ៧.៦០​លាន​ដុល្លារ ដើម្បី​ដំណើរការ​សាងសង់​រោង​ចក្រ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បង្កើត​ការងារ​ជាង​៣​ពាន់​កន្លែង​។


​បើតាម CDC ក្រុមហ៊ុន​ទាំង​២ គឺ​ក្រុមហ៊ុន WEDGE GLOBAL APPAREL CO.,LTD មាន​ទុនវិនិយោគ ២.៥៦​លាន​ដុល្លារ អាចបង្កើត​ការងារ​បាន ៦៤៧​កន្លែង មាន​ទីតាំង នៅ​ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។  ក្រុមហ៊ុន​មួយទៀត​ឈ្មោះ FASHIONTEX APPAREL CO.,LTD មាន​ទុនវិនិយោគ ៥.០៤ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ២,៦២៨​កន្លែង មាន​ទីតាំងនៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត     កណ្តាល​។ 
​សូមបញ្ជាក់ថា កាលពីដើម​ខែឧសភា​នេះ CDC បានចេញ​ច្បាប់​ឲ្យ​ក្រុមហ៊ុន​៤  បើក​រោងចក្រ​នៅ​កម្ពុជា ដែលមាន​ទុនវិនិយោគ​សរុប​ជិត​១៦​លាន​ដុល្លារ   និង​បង្កើត​ការងារ​ជាង​១,៦០០​កន្លែង​៕

Tag:
 ​រោងចក្រ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com