កីឡាជាតិ
ជាតិ
យុវជន សាន គឹម​ហេង សម្រេចបាន​ពីរ​គ្រាប់ ដើម្បី​ជួយ​ឲ្យ​វិសាខា​ឈ្នះ​ក្រុម​ជើងឯក​រង​ទ័ព​
20, May 2018 , 11:17 am        
រូបភាព
ដោយ:
​ខ្សែបម្រើ សាន គឹម​ហេង អតីត​យុវជន​របស់​សាលា​បាល់ទាត់​ជាតិ​បាទី បាន​ជួយ​ឲ្យ​ក្រុម​វិសាខា យកឈ្នះ​ក្រុម​ជើងឯក​រង​ក្រសួងការពារជាតិ ក្រោយ​រូបគេ​សម្រេចបាន​ពីរ​គ្រាប់​ម្នាក់ឯង នា​ប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ឧសភា​។ ចំណែក​អាស៊ី​អឺរ៉ុប​និង​អង្គ​រថា​យ​ហ្គឺ​រ​ទទួលបាន​ម្នាក់​១​ពិន្ទុ ក្រោយ​ក្រុម​ពីរ​រក្សា​លទ្ធផល​ស្មើ ២-២​។

 
 
​អតីត​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី សាន គឹម​ហេង បានបង្ហាញ​ភាព​អស្ចារ្យ​តាមរយៈ​ការសម្រេចបាន​ពីរ​គ្រាប់​ម្នាក់ឯង ដើម្បី​ជួយ​ឲ្យ​ក្រុម​ចំណូល​ថ្មី​វិសាខា​យកឈ្នះ​ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៧ ក្រសួងការពារជាតិ ២-០ នា​ជំនួប​សប្តាហ៍​ទី​៦​នៃ​ក្របខណ្ឌ​កំពូល​កម្ពុជា​។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​វិសាខា​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៣​ជា​បណ្តោះអាសន្ន​ដោយមាន​១៣​ពិន្ទុ​ស្មើ​ក្រុម​កំពូល​ណាហ្គា​វើ​ល និង​ក្រុម​លេខ​២​បឹងកេត​។ 
 
​នា​ការប្រកួត​លើ​ទឹកដី​កណ្តាល​នា​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ ឧសភា ខ្សែបម្រើ​ម​វ័យក្មេង សាន គឹម​ហេង បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​វិសាខា​នៅ​បន្ថែម​នៃ​តង់​ទី​១ ក្រោយ​ការលើក​យ៉ាង​ល្អ​របស់ Kim Kyong-hun​។ នៅ​នាទី​ទី​៧៥ បម្រើ​វ័យក្មេង​រូបនេះ​បានសម្រេច​គ្រាប់​ទី​២​សម្រាប់​វិសាខា ក្រោម​ការបញ្ជូន​របស់​ខ្សែបម្រើ​កូរ៉េខាងជើង Kim Kyong-hun​។ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ២-០ សម្រាប់​វិសាខា​លើ​ក្រសួងការពារជាតិ​ផងដែរ​។​
 
​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​ឯនេះ​វិញ ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​បាន​វាយបក​តាម​ស្មើ​ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ២-២​។ កីឡាករ​ជប៉ុន Kazuteru Okamoto បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​នៅ​នាទី​ទី​៣៤ មុន Refolo Mbarga Jean Marie Privat រក​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​ម្ចាស់ផ្ទះ​នៅ​នាទី​ទី​៤១​។ 
 
​នៅ​នាទី​ទី​៦០​កីឡាករ Ryota Hayashi បា​នរក​គ្រាប់​បាល់​នាំមុខ ២-១ សារជាថ្មី​សម្រាប់​ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​។ តែ​ពីរ​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Okereke Timothy សម្រេច​គ្រាប់​បាល់​តាម​ស្មើ ២-២ សម្រាប់​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ដើម្បី​ទទួលបាន​ម្នាក់​១​ពិន្ទុ​រៀងៗ​ខ្លួន​៕    
 

Tag:
 Cambodian League 2018
  សាន គឹម​ហេង​
  វិសាខា​
  ទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com