សង្គមអន្តរជាតិ​
អន្តរជាតិ
Meghan និង​ស្ត្រី​១៨​រូប​ផ្សេងទៀត៖ ពី​នារី​សាមញ្ញ ក្លាយជា​ម្ចាស់​ក្សត្រិយ៍​
20, May 2018 , 9:30 pm        
រូបភាព
ដោយ: ធីតា
ពិធី​អភិសេក​ព្រះអង្គម្ចាស់ ហារី (Harry) និង​នាង Meghan Markle បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម កាលពី​ថ្ងៃ​សៅរ៍​ទី​១៩ ខែឧសភា​។ ក្រោយ​ពិធី​អភិសេក​នេះ Meghan ជា​អតីត​តារាភាពយន្ត​អាមេរិក បាន​ក្លាយជា​ព្រះ​នាង Duchess of Sussex ចំណែក​ព្រះអង្គម្ចាស់ ហារី ជា Duke of Sussex នៃ​ចក្រភព​អង់គ្លេស​។​

 
​ក្រៅពី Meghan ក្នុងនាម​ជានា​រី​សាមញ្ញ​ម្នាក់ ដែល​បាន​ក្លាយខ្លួនជា​សមាជិក​នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស មាន​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅលើ​ពិភពលោក ដែល​បានប្រែក្លាយ​ជីវិត​ដូចគ្នា​ផងដែរ​។ ស្ត្រី​១៨​រូប​ផ្សេងទៀត​រួមមាន​៖
 
១. Grace Kelly — ម្ចាស់​ក្សត្រិយ៍​ម៉ូ​ណា​កូ​


​តារា​សម្តែង​អាមេរិក Grace Kelly បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល តាមរយៈ​ពិធី​អភិសេក​ជាមួយ​ព្រះអង្គម្ចាស់​ម៉ូ​ណា​កូ Rainier III នៅ​ខែឧសភា ឆ្នាំ​១៩៥៥ ។ បើទោះបី​ក្លាយជា​ម្ចាស់​ក្ស​ត្រី​ម៉ូ​ណា​កូ​ក៏ដោយ ប៉ុន្តែ​គាត់​នៅតែ​បន្ត​អាជីព​របស់ខ្លួន​។ គួរ​ឲ្យ​សោកស្តាយ​បំផុត គាត់​បានទទួល​មរណភាព​ក្នុង​អាយុ​៥២​ឆ្នាំ ក្នុង​គ្រោះថ្នាក់​រថយន្ត​មួយ​នៅ​ឆ្នាំ​១៩៨២ ។​
 
២. Charlene Wittstock — ម្ចាស់​ក្សត្រិយ៍​ម៉ូ​ណា​កូ​


Charlene Wittstock បាន​រៀប​អភិសេក​ជាមួយ​ព្រះអង្គម្ចាស់ Albert II ដែលជា​បុត្រ​របស់ Grace Kelly នៅ​ឆ្នាំ​២០១១ ។ មុន​ក្លាយជា​ម្ចាស់​ក្ស​ត្រី ស្ត្រី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ ជា​អតីត​កីឡាការិនី​ហែល​ទឹក​អូឡាំពិក​ម្នាក់​។​
 
៣. Letizia Ortiz — មហាក្សត្រិយ៍​អេ​ស្ប៉ា​ញ​


Ortiz ជា​អតីត​អ្នកកាសែត និង​ជា​អ្នកអាន​ព័ត៌មាន​នៅ​អេ​ស្ប៉ា​ញ និង​ធ្លាប់​យកការណ៍​ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០០០​ផងដែរ​។ គាត់​បាន​រៀប​អភិសេក​ជាមួយ​ព្រះអង្គម្ចាស់ Felipe នៅ​ឆ្នាំ​២០០៤ ហើយ​១០​ឆ្នាំ​ក្រោយមក បាន​ក្លាយជា​ព្រះមហា​ក្សត្រិយ៍ ក្រោយ​ព្រះ​ស្វាមី​ឡើង​គ្រង​រាជ​ជា​ព្រះមហាក្សត្រ​។​
 
៤. Rania Al-Yassin — ព្រះមហា​ក្សត្រិយ៍​ហ្ស៊​កដា​នី​


​មុន​ជំនួប​ជាមួយ​ព្រះអង្គម្ចាស់ Abdullah II bin Al-Hussein ក្នុង​ឆ្នាំ​១៩៩២ Al-Yassin បានបញ្ចប់​ការសិក្សា​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ​អាមេរិក នៅ​ក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​។ ពួកគាត់​បាន​រៀប​អភិសេក​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៩៣​។ ចាប់ពី​ឆ្នាំ​១៩៩៩ Al-Yassin ក្លាយជា​ម្ចាស់​ក្សត្រិយ៍ ក្រោយ​ស្វាមី គ្រោង​រាជសម្បត្តិ​។​

៥. Hope Cooke — អតីត​មហេសី (Queen Consort) របស់​ស្តេច​រដ្ឋ Sokkim


​ជា​អ្នកធ្វើការងារ​សង្គម Hope Cooke បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា ហើយ​បាន​ជួប​ស្តេច Palden Thondup Namgyal នៃ​រដ្ឋ Sikkim និង​បាន​រៀប​អភិសេក​នៅ​ឆ្នាំ​១៩៦៣​។ ក្រោយមក ឥណ្ឌា​បាន​គ្រប់គ្រង​ទាំងស្រុង​។ Cook បាន​នាំ​កូន​ទាំងបី​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​បាន​លែងលះ​នៅ​ឆ្នាំ​១៩៨០ ។​
 
៦. Jetsun Pema — ព្រះមហា​ក្សត្រិយ៍​ប៊ូ​តង់​


​នៅ​ឆ្នាំ​១៩៩៧ ពោល​នៅពេល​មាន​អាយុ​៧​ឆ្នាំ Jetsun Pema បាន​ជួប​ស្តេច Jigme Khesar Namgyel Wangchuck​។ ពិធី​អភិសេក​តាម​ប្រពៃណី ត្រូវបាន​រៀបចំ​នៅ​ឆ្នាំ​២០១១​។ ព្រះ​នាង Jetsun ក៏​ជា​អ្នក​អភិរក្ស​បរិស្ថាន​ផងដែរ​។​
 
៨. Kate Middleton — ព្រះ​នាង Duchess Of Cambridge នៃ​ចក្រភព​អង់គ្លេស​


Kate បាន​ជួប​ព្រះអង្គម្ចាស់ William នៅ​ឆ្នាំ​២០០១ នៅ​សាកលវិទ្យាល័យ St. Andrews University ក្នុងប្រទេស​ស្កុ​ត​ឡេ​ន​។ នៅ​ខែមេសា ឆ្នាំ​ដដែល ពិធី​រៀប​អភិសេក​ដ៏​អធិកអធម ត្រូវបាន​រៀបចំឡើង​។ បច្ចុប្បន្ន ព្រះ​នាង និង​ស្វាមី មាន​បុត្រ​៣​អង្គ​។​
 
៨. Mary Elizabeth Donaldson — អ្នក​ម្នាង​នៃ​រជ្ជទាយាទ​ដា​ណឺ​ម៉ាក 


​ដំណើរ​ទៅកាន់​អូឡាំពិក​ក្រុង​ស៊ីដនី​នៅ​ឆ្នាំ​២០០០ បាន​កែប្រែ​ជីវិត​របស់ Donaldson ដោយនៅ​ទីនោះ គាត់​បាន​ជួប​ព្រះអង្គម្ចាស់​ដា​ណឺ​ម៉ាក Frederik​។ ទីបំផុត​នៅ​ឆ្នាំ​២០០៤ អតីត​បុគ្គលិក​ក្រុមហ៊ុន Microsoft រូបនេះ បាន​រៀបការ​ជាមួយ​ព្រះអង្គ​ដែល​ត្រូវ​ស្នង​តំណែង​ព្រះមហាក្សត្រ​។​
 
៩. Sofia Hellqvist — ម្ចាស់​ក្សត្រិយ៍​ស៊ុយអែត ឬ Duchess Of Värmland


​ព្រះ​នាង​អង្គ​នេះ ជា​អតីត​តារា​បង្ហាញ​ម៉ូដ និង​ជាតា​រា​ទូរទស្សន៍ មុន​ពិធី​អភិសេក​ជាមួយ​ព្រះអង្គម្ចាស់ Carl Philip នៃ​ប្រទេស​ស៊ុយអែត កាលពី​ឆ្នាំ​២០១៥​។ ព្រះអង្គ​ទាំង​ទ្វេ បច្ចុប្បន្ន មាន​បុត្រ​ពីរ​អង្គ​គឺ ព្រះអង្គម្ចាស់ Alexander និង ព្រះអង្គម្ចាស់ Gabriel​។​
 
១០. Marie Agathe Odile Cavallier — ម្ចាស់​ក្សត្រិយ៍​ដា​ណឺ​ម៉ាក​


​ជា​អ្នកជំនាញ​ផ្នែក​ទីផ្សារ​នៅ​ក្រុងប៉ារីស មុនពេល​ជួប​ព្រះអង្គម្ចាស់​ដា​ណឺ​ម៉ាក Joachim នា​ពិធីជប់លៀង​របស់​មិត្តភក្តិ​ម្នាក់​។ ព្រះអង្គ​ទាំងពីរ​មាន​បុត្រ​សរុប​៤​អង្គ ដែល​ក្នុងនោះ ២​អង្គជា​បុត្រ​របស់​ព្រះអង្គ Joachim ជាមួយ​ព្រះ​នាង​មុន​។​
 
១១. Sonja Haraldsen — មហាក្សត្រិយ៍​ន័​រវេ​ស​


Haraldsen និង​ព្រះអង្គ Harald បាន​ជួបគ្នា​នៅ​ឆ្នាំ​១៩៥៩ ប៉ុន្តែ​ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំ​១៩៦៨ ទើប​ពិធី​អភិសេក​ដំណើរការ​ទៅបាន ដោយសារតែ​មានការ​ខ្វែង​យោបល់​មួយចំនួន​។ នៅ​ឆ្នាំ​១៩៩១ Haraldsen បាន​ក្លាយជា​មហាក្សត្រិយ៍ ក្រោយ​ព្រះអង្គ Harald ឡើង​គ្រោង​រាជ្យ​បន្ត​ពី​ស្តេច Olav​។​
 
១២. Mette-Marit Tjessem Høiby — ព្រះ​នាង​នៃ​រជ្ជទាយាទ​ន័​រវេ​ស 


​ដូចជា​ព្រះ​មាតា​ក្មេក មហាក្សត្រិយ៍ Sonja ផងដែរ ព្រះ​នាង Mette-Marit ជា​អតីត​ពលរដ្ឋ​សាមញ្ញ​ម្នាក់​ដែល​បាន​ជួប​ព្រះអង្គ Haakon នា​ពិធី​ប្រគំ​តន្ត្រី​មួយ​។ ពិធី​អភិសេក​បាន​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០០១ ហើយ​បច្ចុប្បន្ន​ព្រះអង្គ​ទាំងពីរ​មាន​បុត្រ​៣​អង្គ​។​
 
១៣. Silvia Sommerlath — មហាក្សត្រិយ៍​ស៊ុយអែត


Silvia បាន​ចូលរួម​ក្នុង​កម្មវិធី​អូឡាំពិក​រដូវក្តៅ​កាលពី​ឆ្នាំ​១៩៧២​ក្នុងនាម​ជា​អ្នកបកប្រែ​ម្នាក់​។ នៅ​ទីនោះ គាត់​បាន​ជួប​ស្តេច Carl XVI Gustaf នៃ​ប្រទេស​ស៊ុយអែត មុននឹង​ឈានដល់​ព្រះ​រាជពិធី​អភិសេក​នៅ​ខែមិថុនា ឆ្នាំ​១៩៧៦ ។​
 
១៤. Tatiana Blatnik — ម្ចាស់​ក្សត្រិយ៍​ក្រិ​ក និង​ដា​ណឺ​ម៉ាក 


Blatnik មាន​ដើមកំណើត​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ដែលជា​អតីត​អ្នករៀបចំ​ព្រឹត្តិការណ៍ និង​ជា​អ្នក​ច្នៃ​ម៉ូត​។ គាត់​បាន​រៀបការ​ជាមួយ​ព្រះអង្គម្ចាស់​ដា​ណឺ​ម៉ាក Nikolaos​។ ហេតុអ្វី​បាន​គាត់​ជាប់​ឈ្មោះ​ជា​ម្ចាស់​ក្សត្រិយ៍​ក្រិ​ក​ផង និង​ដា​ណឺ​ម៉ាក​ផង​? ពីព្រោះថា ព្រះ​ស្វាមី​របស់​ព្រះ​នាង ជា​កូន​របស់​ស្តេច Constatine II ដែលជា​អតីត​ស្តេច​ក្រិ​ក​រហូតដល់​ឆ្នាំ​១៩៧៣ រីឯ​មាតា ព្រះនាម Anne-Marie ជា​បុត្រី​របស់​ស្តេច​ដា​ណឺ​ម៉ាក Frederick IX​។​
 
១៥. Máxima Zorreguieta – ព្រះមហា​ក្សត្រិយ៍​ហូ​ឡង់​


​ស្ត្រី​រូបនេះ ជា​អតីត​អនុប្រធាន​ផ្នែក​លក់​នៅ​ធនាគារ​មួយ​នៅ​ញូវយ៉ក ដោយ​គាត់​មាន​ដើមកំណើត​អា​ហ្ស​ង់​ទីន​។ គាត់​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ Alexander នៅ​ឆ្នាំ​១៩៩៩ ដោយ​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​ពិតប្រាកដ​។ ក្រោយ​ស្រឡាញ់​យល់ចិត្ត​គ្នា ទើប​ដឹងថា ជា​ព្រះអង្គម្ចាស់ Willem-Alexander នៃ​ប្រទេស​ហូ​ឡង់​។ ពិធី​អភិសេក​បាន​ប្រព្រឹត្ត​នៅ​ឆ្នាំ​២០០២ ។​
 
១៦. Masako Owada — ព្រះ​នាង​នៃ​រជ្ជទាយាទ​ជប៉ុន​


Owada ជា​អ្នកជំនាញ​សេដ្ឋកិច្ច​ម្នាក់​ដែល​រៀន​ចប់​នៅ Harvard និង​បន្ត​ការសិក្សា​ច្បាប់​នៅ​ជប៉ុន​។ នា​ពិធី​មួយ​នៅ​ឆ្នាំ​១៩៨៦ គាត់​បាន​ជួប​រជ្ជទាយាទ Naruhito​។ ពិធី​អភិសេក​ត្រូវបាន​រៀបចំឡើង​កាលពី​ឆ្នាំ​១៩៩៣ ។​
 
១៧. Michiko— ព្រះ​ចៅ​អធិរាជិនី​ជប៉ុន​


​ជា​ស្ត្រី​ដំបូង​បំផុត​ដែល​បាន​រៀបការ​នៅក្នុង​រាជវង្សានុវង្ស​នៃ​អធិរាជ​ជប៉ុន​។ ទោះបី​ជាមាន​រនាំង​យ៉ាង​ក៏ដោយ ព្រះអង្គ Akihito បច្ចុប្បន្ន​ជា​ព្រះ​ចៅ​អធិរាជ និង Michiko បាន​រៀប​អភិសេក​នៅ​ឆ្នាំ​១៩៥៩ ពោលគឺ​ប្រមាណ​២​ឆ្នាំ ក្រោយ​ជំនួប​នា​ការប្រកួត​កីឡា​វាយ​សី​មួយ​។​
 
១៨. Daniel Westling — ម្ចាស់​ក្សត្រិយ៍​ស៊ុយអែត 


​ជា​អតីត​ម្ចាស់​ហាង​កាយសម្ព័ន្ធ​មួយ Daniel Westling បាន​ជួប​ព្រះ​ម្ចាស់​ស៊ុយអែត Daniel ឬ Duke of Vastergotland នៅ​ឆ្នាំ​២០០១ ក្នុងនាម​ជា​គ្រូបង្វឹក​ផ្ទាល់ខ្លួន​។ ក្រោយ​ពិធី​រៀប​អភិសេក​នៅ​ឆ្នាំ​២០១០ Westling មាន​ព្រះនាម​ថា Princess Victoria ហើយ​បុត្រ​ពី​ព្រះអង្គ គឺ​បុត្រី Estelle និង​បុត្រា Oscar៕
 

© រក្សាសិទ្ធិដោយ thmeythmey.com