ជាតិ
ចិន​ផ្តល់​រថយន្ត​គ្លីនិក​ចល័ត ២០​គ្រឿង ដល់​មន្ទីរ​សុខាភិបាល​កម្ពុជា​
22, May 2018 , 8:39 am        
រូបភាព
រូបភាព បានពីអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល​
រូបភាព បានពីអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល​
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានផ្ដល់​រថយន្ត​គ្លីនិក​ចល័ត ២០​គ្រឿង ទៅដល់​មន្ទីរ​សុខាភិបាល​១១​ខេត្ត ដែលជា​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ការចែកជូន​នេះ​ធ្វើឡើង បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់​រថយន្ត​គ្លីនិក​ចល័ត និង​សម្ភារ​បរិក្ខារ​ពេទ្យ​ដែល​ត្រូវ​បំពាក់​ក្នុង​រថយន្ត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​


 
​អ្នកស្រី យក់ សម្បត្តិ  អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ក្រសួង​នឹង​ផ្ដល់​រថយន្ត​គ្លីនិក​ចល័ត ទៅដល់​មន្ទី​សុខាភិបាល​គ្រប់​បណ្ដា​ខេត្ត​ទៀត ក្រោយពី​ទទួលបាន​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​។ «​រថយន្ត​គ្លីនិក​ចល័ត​២០​គ្រឿង​នេះ គឺជា​ជំហាន​ដំបូង​ក្នុង​ការចែកជូន​ដល់​មន្ទីរ​សុខាភិបាល ១១​ខេត្ត​សិន និង​ជំហាន​បន្ទាប់ ក្រសួងសុខាភិបាល​នឹង​ចែកជូន​២៥​ខេត្ត​-​ក្រុង នៅពេល​រដ្ឋាភិបាល​ចិន ប្រគល់​ឲ្យ​ក្រសួង ២០​គ្រឿង​បន្ទាប់​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី យក់ សម្បត្តិ​។​

​នៅក្នុង​រថយន្ត​គ្លី​និ​ត​ចល័ត​ទាំងនោះ មាន​បំពាក់​នូវ​គ្រឿង សម្ភារ​បរិក្ខារ​ពេទ្យ ដូចជា ម៉ាស៊ីន​កាំរស្មីអ៊ិច​ឌីជីថល អេកូ​ឌីជីថល ឧបករណ៍​វិភាគ​ទឹកនោម​, វិភាគឈាម ម៉ូនីទ័រ​តាមដាន​គភ៌​ទារក និង​ម្តាយ ជញ្ជីង​ថ្លឹង​ទម្ងន់ និង​វាស់កម្ពស់ ឧបករណ៍​ឆែក​មុខងារ​សួត ឧបករណ៍​វិភាគ​ជីវគីមី​ដោយ​ស្វ័យប្រវត្តិ និង​ឧបករណ៍​មួយចំនួនទៀត ព្រមទាំង​គ្រឿងបន្លាស់​សរុប ៥% នៃ​សម្ភារ​បរិក្ខារ​ពេទ្យ​ទាំងអស់​៕


Tag:
 ចិន​
  មន្ទីរ​សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com