ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​ឥណ្ឌា មិនទាន់មាន​ទិសដៅ​ទំហំ​ពាណិជ្ជកម្ម តែ​នឹង​ជំរុញ​បន្ថែមទៀត​
22, May 2018 , 5:35 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ឥណ្ឌា មិនទាន់​ឈានដល់​ការកំណត់​ទិសដៅ​ទំហំ​ទឹកប្រាក់​ជួញដូរ​ទំនិញ ដូចដែល​កម្ពុជា​បានធ្វើ​ជាមួយ​ប្រទេស​មួយចំនួន​ផ្សេងទៀត​នៅឡើយ​ទេ​។ តែ​ក្រសួងពាណិជ្ជកម្ម​អះអាងថា ប្រទេស​ទាំងពីរ​នឹង​ខិតខំ​ជំរុញ​សកម្មភាព​ដោះដូរ​ទំនិញ វិនិយោគ និង​ទេសចរណ៍​ទ្វេភាគី​បន្ថែមទៀត​។



​កម្ពុជា​រំពឹង​យ៉ាង​មុតមាំ លើ​កំណើន​ដោះដូរ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​បន្ថែមទៀត ជាមួយ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​កិច្ច​ជំនួប​ពាណិជ្ជកម្ម ឥណ្ឌា​-​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម លើក​ទី​៥ (The 5th India-CLMV) ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១-២២ ខែឧសភា នៅ​រាជធានី​ភ្នំពេញ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅក្រោយ​កិច្ចប្រជុំ​ខាងលើនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ មានប្រសាសន៍ថា ដោយសារ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌា នៅមាន​ចំនួន​តិចតួច​នៅឡើយ ប្រទេស​ទាំងពីរ​មិនទាន​ឈានដល់​ការកំណត់​ផែនការ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅឡើយ​ទេ​។​

​ទឹកប្រាក់​ជួញដូរ​ពាណិជ្ជកម្ម​កម្ពុ​ជា និង​ឥណ្ឌា ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ១២៦ លាន​ដុល្លារ​អាមេរិក​។ រីឯ​តួលេខ​វិនិយោគ​របស់​ឥណ្ឌា​មក​កម្ពុជា កាលពី​ឆ្នាំ​២០១៦ មាន​ចំនួន​ត្រឹមតែ ២០​លាន​ដុល្លារ​។ ទំនិញ​នាំចូល​ពី​ឥណ្ឌា​ភាគច្រើន​ជា​ផលិតផល​វេជ្ជសាស្ត្រ ខណៈ​កម្ពុជា​នាំ​ចេញទៅ​ឥណ្ឌា​វិញ​នូវ​ផលិតផល​កសិកម្ម​។​



​ចំណែក​ទេសចរ​ឥណ្ឌា​មក​កម្សាន្ត​នៅ​កម្ពុ​ជាមាន​ចំនួន​ជិត ៦​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៧  កើនឡើង ២៩​ភាគរយ​។ ហើយ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ លំហូរ​ទេសចរ​នេះ​មាន​ចំនួន ១,៦​ម៉ឺន​នាក់​កើនឡើង ១៧​ភាគរយ​។​

​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នេះដែរ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹងថា ការហោះហើរ​ត្រង់​ឥណ្ឌា និង​កម្ពុជា អាច​នឹង​សម្រេចបាន​នៅ​ឆ្នាំនេះ ឬ​ក្នុង​ឆ្នាំក្រោយ ខណៈ​ប្រទេស​ទាំងពីរ​កំពុង​ជំរុញ​ផ្នែក​នេះ ដែល​នឹង​គាំទ្រ​បន្ថែមទៀត​ដល់​លំហូរ​ភ្ញៀវទេសចរ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​នេះ សហព័ន្ធ​ឧស្សាហកម្ម​ឥណ្ឌា CII នឹង​ចុះ​អនុស្សារណៈ​ជាមួយ​សហ​ភា​ពាណិជ្ជកម្ម​កម្ពុជា នាពេលខាងមុខ ដើម្បី​ជួយ​គាំទ្រ​ផ្នែក​ឯកជន​នៅ​កម្ពុជា​។ នេះ​បើតាម​លោក ប៉ាន សូរ​ស័ក្ដិ ។​

​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រទេស CLMV ទាំងអស់ ចាប់អារម្មណ៍​ពិសេស​ទៅលើ​ការរីកចម្រើន​វិស័យ​បច្ចេកវិទ្យា​របស់​ឥណ្ឌា ហើយ​រដ្ឋាភិបាល​នឹង​ខិតខំ​ទាញយក​ប្រយោជន៍​ពី​ផ្នែក​នេះ​។ លោក ប៉ាន សូរ​ស័ក្ដិ ថ្លែង​ដូច្នេះ​ថា​៖«​យើង​រំពឹង​លើ​បច្ចេកវិទ្យា​ខ្ពស់​របស់​ឥណ្ឌា បន្ថែម​លើ​ផ្នែក​ថ្នាំពេទ្យ រួមទាំង​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​ដែល​គេ​នឹង​បញ្ចូល​ទុន​មក​ប្រទេស CLMV »​។ លោក​រដ្ឋមន្ត្រី​បន្ថែមថា ឥណ្ឌា​នឹង​ជួយ​គាំទ្រ​ចំពោះ​ការបង្កើត​អាជីវកម្ម​ថ្មី​ផ្នែក​លើ​មូលដ្ឋាន​បច្ចេកវិទ្យា (ICT Startup) នៅ​កម្ពុជា​៕

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com