អន្តរជាតិ
ម៉ា​ឌូ​រ៉ូ បណ្តេញ​មន្ត្រី​ទូត​អាមេរិក​ពីរ​នាក់​ដោយ​ចោទថា​ពួកគេ​រៀបចំ​គម្រោង​ប្រឆាំង​រដ្ឋាភិបាល​
23, May 2018 , 2:13 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​អាមេរិក​រឹតបន្តឹង​ទណ្ឌកម្ម​ប្រឆាំង​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បានសម្រេច​បណ្តេញ​មន្ត្រី​ទូត​អាមេរិក​ពីរ​នាក់​នៅ​ថ្ងៃ​អង្គារ​ទី ២២ ខែឧសភា​។ អាមេរិក​បានប្រកាស​ឆ្លើយតប​វិញ​ដែរ ក្រោយ​មានការ​បណ្តេញ​មន្ត្រី​ទូត​របស់ខ្លួន​នោះ​។​



​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ទើប​ជាប់ឆ្នោត​លោក នី​កូ​ឡាស ម៉ា​ឌុយ​រ៉ូ បានប្រកាស​ទុកពេល​៤៨ ម៉ោង​ឲ្យ​មន្ត្រី​ទូត​អាមេរិក​ពីរ​នាក់​ចាក​ចេញពី​ប្រទេស​នៅ​ថ្ងៃ​អង្គារ​។ វេ​ណេ​ស៊ុយ​អេ​ឡា​ចោទប្រកាន់ថា មន្ត្រី​ទូត​អាមេរិក​ពាក់ព័ន្ធ​ការរៀបចំ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ទាំង​នយោបាយ យោធា និង​សេដ្ឋកិច្ច​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ា​ឌូ​រ៉ូ ប្រកាស​ចាត់ទុក​មន្ត្រី​ទូត​អាមេរិក​ជា​ជន​មិនគួរ​ទទួល​ស្វាគមន៍ (personae non gratae)​នេះ នៅតាម​កញ្ចក់​ទូរទស្សន៍ ក្រោយ​ពេលដែល​លោក​ប្រកាស​ពី​ជ័យជម្នះ​ជា​ផ្លូវការ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃអាទិត្យ​។

​លោក ម៉ា​ឌូ​រ៉ូ​បាន​និយាយ​ដូច្នេះ​៖«​ពួកគេ​ត្រូវ​ចាក​ចេញពី​ប្រទេស​ក្នុង​រយៈពេល ៤៨ ម៉ោង ដើម្បី​ការពារ​ភាពថ្លៃថ្នូរ​របស់​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​។ វា​គ្រប់គ្រាន់​ហើយ​សម្រាប់​សកម្មភាព​ប៉ុនប៉ង​ប្រឆាំង​រដ្ឋាភិបាល​នេះ​»​។​

​មន្ត្រី​ទូត​ពីរ​នាក់​ដែល​ត្រូវ​វេ​ណេ​ស៊ុយ​អេ​ឡា​បណ្តេញចេញ​នោះ​មាន​ម្នាក់​ជា​ភារៈធារី និង​អនុប្រធាន​បេសកកម្ម​ការទូត​អាមេរិក​ផងដែរ​។ ក្រោយ​មានការ​បណ្តេញចេញ​មន្ត្រី​ខ្លួន ក្រសួងការបរទេស​អា​មេ​រិ​កបាន​គំរាម​ប្រើប្រាស់​វិធានការ​ឆ្លើយតប​វិញ​ផងដែរ ប៉ុន្តែ​ឥឡូវនេះ​អាមេរិក​មិនទាន់​បានទទួល​ព័ត៌មាន​ការទូត​ពី​ខាង​វេ​ណេ​ស៊ុយ​អេ​ឡា​នៅឡើយ​ទេ​។ 

​តាមពិតទៅ​ការសម្រេច​បណ្តេញ​មន្ត្រី​ទូត​អាមេរិក​នេះ​ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ សម្រេច​បន្តឹង​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​។ ទណ្ឌកម្ម​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ម៉ា​ឌូ​រ៉ូ ប្រឈម​ការលំបាក​ក្នុង​ការលក់​ទ្រព្យសម្បត្តិ​រដ្ឋ​។

​ការសម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​គ្មាន​បក្សប្រឆាំង​ចូលរួម និង​មាន​អ្នក​ទៅ​បោះឆ្នោត​ត្រឹម ៤៦,១ ភាគរយ​។ លោក ម៉ា​ឌូ​រ៉ូ ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ ហើយ​អាច​កាន់កាប់​តំណែង​ប្រធានាធិបតី​ក្នុង​រយៈពេល​ប្រាំ​មួយឆ្នាំ​ទៀត​ខណៈដែល​ប្រទេស​នេះ​បន្ត​ធ្លាក់ខ្លួន​ជ្រៅ​ក្នុង​វិបត្តិ​។

​ក្រៅពី​សហរដ្ឋអាមេរិក​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​មាន​ទាំង​សមាជិក​ក្រុម​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន ២០ (G20) និង​ប្រទេស​សមាជិក​ក្រុម​លី​ម៉ា (Lima Group) ដែលជា​យន្តការ​ពហុភាគី​បង្កើតឡើង​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា​នោះ  ក៏​ពិចារណា​ដាក់ទណ្ឌកម្ម​ប្រឆាំង​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរ ក្រោម​ហេតុផល​ថា ការបោះឆ្នោត​គ្មាន​ភាពស្រប​ច្បាប់​ឡើយ​។ វេ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​ឯកោ​លើ​ឆាក​អន្តរជាតិ ហើយ​ទណ្ឌកម្ម​ថ្មី​នឹងធ្វើ​ឲ្យ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​ដុនដាប​ខ្លាំង​ស្រាប់​នោះ​កាន់តែ​លំបាកលំបិន​ថែមទៀត​។​
 
​ត្រឡប់មកវិញ វ៉ាស៊ីនតោន និង​ក្រុង​កា​រ៉ា​កាស​មិនមាន​ការផ្លាស់ប្តូ​រឯក​អគ្គរដ្ឋទូត​ជាមួយគ្នា​ចាប់តាំងពី​ឆ្នាំ ២០១០ ម្ល៉េះ ហើយ​ទំនាក់ទំនង​នេះ​ល្អក់កករ​តាំងពី​ឆ្នាំ ១៩៩៩ ពេលដែល​លោក ហ៊ូ​ហ្គោ ឆា​វេស (Hugo Chavez) ឡើងកាន់តំណែង​ផងដែរ​៕


Tag:
 នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​
  អាមេរិក​
  វេ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com