ជាតិ
កុមារី ៣ក្រុម ជាប់ជ័យលាភីក្នុងកម្មវិធី Technovation ដែលនិយាយពីផែនការអាជីវកម្ម រូបភាពពី development-innovations
× ភ្នំពេញ៖ កុមារីចំនួន ៣ក្រុម បានជាប់ជ័យលាភី និងមួយក្រុមផ្សេងទៀត បានជាប់ជ័យលាភីប្រជាប្រិយភាព ក្នុងការប្រកួតប្រជែងថ្នាក់ជាតិ កម្មវិធី Technovation ២០១៨នេះ។ ការប្រកួតប្រជែងថ្នាក់ជាតិនេះ តម្រូវឲ្យក្រុមកុមារីចំនួន១៤ក្រុម មានអាយុពី១០ ទៅ១៨ឆ្នាំ ធ្វើបទបង្ហាញពីផែនការអាជីវកម្មតាមរយៈកម្មវិធីទូរស័ព្ទ ដែលពួកគេបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាសង្គមនៅកម្ពុជា។
Technovation ២០១៨នេះ បានរៀបចំការប្រកួតប្រជែងថ្នាក់ជាតិរបស់ខ្លួន កាលពីថ្ងៃទី ២០ ឧសភាកន្លងទៅនេះ ដោយរកឃើញក្រុមជ័យលាភីចំនួន ៣ ក្រុម និងក្រុមកុមារី ដែលមានប្រជាប្រិយភាព។ ការប្រកួតថ្នាក់ជាតិនេះ មានការចូលរួមពីក្រុមកុមារី និងយុវតី ចំនួន ១៤ក្រុម ដែលលើកឡើងពីផែនការអាជីវកម្មរបស់ពួកគេតាមរយៈកម្មវិធីទូរសព្ទ។
ក្នុងការប្រកួតថ្នាក់ជាតិនេះ ជ័យលាភីលេខ១ សម្រាប់ក្រុមកុមារីថ្នាក់វិទ្យាល័យ បានទៅលើក្រុម Tech Girls Cambodia ដែលនិយាយពី E-Lab។ E-Lab ជាកម្មវិធីសម្រាប់សិស្សថ្នាក់ទី៧ដល់ទី១២ ដែលចូលចិត្តសាកល្បងពិសោធន៍វិទ្យាសាស្ត្រដោយខ្លួនឯង និងចង់ទទួលបានបទពិសោធន៍ថ្មីៗ។ រីឯក្រុមជ័យលាភីលេខ២ គឺក្រុម ABC (Always Be Close) ដែលលើកឡើងពី My Cam Guide។ My Cam Guide អាចជួយទេសចរស្វែងរកមគ្គុទេសក៍ទេសចរណ៍សម្រាប់ដំណើរកំសាន្តនៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ ជ័យលាភីលេខ១ សម្រាប់ក្រុមកុមារីថ្នាក់អនុវិទ្យាល័យវិញ បានទៅលើក្រុម Five Infinities ដែលនិយាយពី MEP Center។ MEP Center ជាកម្មវិធីទូរសព្ទ អាចឲ្យអ្នកផ្ដល់សេវាកម្ម និងអតិថិជន ដែលស្ថិតក្នុងវិស័យមេកានិច អគ្គិសនី និងប្រព័ន្ធទឹកអាចស្វែងរកគ្នាទៅវិញទៅមកដើម្បីទិញសេវាកម្ម។
មុនការប្រកួតប្រជែង កុមារីទាំងនេះ ទទួលការបណ្ដុះបណ្ដាលអំពីការសរសេរកូដ គំនិតបង្កើតកម្មវិធីទូរស័ព្ទដៃ ការរៀបចំផែនការអាជីវកម្ម និងការធ្វើបទបង្ហាញទៅកាន់គណៈកម្មការ។ វគ្គបណ្ដុះបណ្ដាល ដែលនិយាយពីសហគ្រិនភាពនិងបច្ចេកវិទ្យានេះ មានរយៈពេល១២សប្ដាហ៍ មានកុមារីចូលរួមជាង១៨០នាក់ មកពីសាលារដ្ឋនិងឯកជននៅទីក្រុងភ្នំពេញ សៀមរាប និងបាត់ដំបង។
សូមបញ្ជាក់ថា កម្មវិធី Technovation មានការគាំទ្រពីគម្រោង Development Innovations របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ កម្មវិធី Technovation ជាកម្មវិធីបង្រៀនសហគ្រិនភាពសង្គមនិងបច្ចេកវិទ្យាសម្រាប់កុមារីអាយុពី១០ទៅ១៨ឆ្នាំ។ គម្រោងនេះ បានជួយគាំទ្រកុមារីជាង៥០០នាក់ ដែលមានចំនួន១០០ក្រុម ដើម្បីចូលប្រកួតក្នុងកម្មវិធីនេះ។ បន្ថែមលើនេះ វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីនេះ នឹងប្រព្រឹត្តឡើងនៅស៊ីលីខិនវ៉ាលី (Silicon Valley) ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៅខែសីហានេះ។ នេះបើតាម Development Innovations៕
Tag:
Technovation
កុមារី
ទូរសព្ទ
អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com