ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ម្ចាស់ផ្ទះ យកចិត្តទុកដាក់​លើ​អ្នកបម្រើ​តាម​ផ្ទះ​
23, May 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ម្ចាស់ផ្ទះ ដែលមាន​លទ្ធភាព​ជួល​អ្នកបម្រើ​ជួយ​មើលថែរក្សា​ផ្ទះ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហាលំបាក​របស់​ពួកគេ ចៀសវាង​គិតតែ​ពី​អារម្មណ៍​ខ្លួនឯង ដែលជា​ម្ចាស់ផ្ទះ​។



​សម្ដេច ហ៊ុន សែន ចាត់ទុក​ការងារ​បម្រើ​តាម​ផ្ទះ គឺជា​ការងារ​លំបាក ដែល​តម្រូវ​ម្ចាស់ផ្ទះ ផ្ដល់​ការគោរព​និង​ឲ្យ​តម្លៃ​ចំពោះ​ពួកគេ​ផងដែរ​។ ថ្លែង​ចំពោះមុខ​កម្មករ នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បានស្នើ​ម្ចាស់ផ្ទះ​ទាំងអស់​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ​ចំពោះ​អ្នក​ដែលមាន​លទ្ធភាព​ទាំងឡាយ ធ្វើ​ចិត្តធម៌​ចំពោះ​អ្នក​ដែល​យើង​នាំមក​ដាំបាយ​ឬ​នាំមក​បម្រើ​នៅក្នុង​ផ្ទះ​របស់​យើង ។ កម្មករ​នៅក្នុង​ផ្ទះ ធ្វើការ​ហត់នឿយ​ជាង​កម្មករ​នៅតាម​រោងចក្រ​ទៅទៀត អត់​មាន​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ អត់​មាន​ថ្ងៃបុណ្យ​ទេ​។ សូម​អំពាវនាវ​អ្នក​ដែលមាន​លទ្ធភាព យក​អ្នក​ពី​ខាងក្រៅ ចូលរួម​ដើម្បី​ធ្វើជា​មេផ្ទះ ជា​អ្នក​ថែទាំ​ផ្ទះ​នៅ​ជាមួយ​យើង ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ទាំងនេះ​»​។​

​បន្ថែម​ពីនេះ​រដ្ឋាភិបាល ស្នើ​ឲ្យ​ម្ចាស់ផ្ទះ​ទាំងនោះ ផ្ដល់ប្រាក់​បៀវត្ស​ឲ្យ​បាន​ខ្ពស់ ដល់​អ្នកបម្រើ​ខ្លួន ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់ សម្រាប់​យកទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល កំពុង​រក​ដំណោះស្រាយ​លើ​បញ្ហា​កម្មករ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​នេះ​៕



Tag:
 ហ៊ុន សែន​
  អ្នកបម្រើ​តាម​ផ្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com