អន្តរជាតិ
ឌូ​ទើ​តេ ប្រាប់​ឈ្មួញ​គ្រឿងញៀន​៖ បើ​ចង់​រស់​បានយូរ រក​ផ្លូវ​ទៅ​ដេក​ក្នុង​គុក​
23, May 2018 , 9:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (កណ្ដាល) ឈរអមដោយមន្រ្តីជាន់ខ្ពស់ស៊ីវិល និងយោធានាខួបកំណើតទ័ពជើងទឹក (រូបភាពហ្វេសប៊ុក Presidential Communications)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (កណ្ដាល) ឈរអមដោយមន្រ្តីជាន់ខ្ពស់ស៊ីវិល និងយោធានាខួបកំណើតទ័ពជើងទឹក (រូបភាពហ្វេសប៊ុក Presidential Communications)
​នៅ​ថ្ងៃទី​២២ ខែឧសភា ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ផ្ញើ​សារ​ព្រមាន​ខ្លាំង​មួយទៀត​ដល់​ជនសង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​។ ដោយ​ចង់​សំដៅ​ដល់​ឈ្មួញ​គ្រឿងញៀន​នៅ​ខេត្ត​ភាគ​កណ្ដាល​ហ្វីលីពីន លោក ឌូ​ទើ​តេ បាន​ប្រាប់​ឲ្យ​ពួកគេ​រក​ផ្លូវ​ចូលទៅក្នុង​ពន្ធនាគារ​ដោយ​ខ្លួនឯង បើ​ពួកគេ​ចង់​មានជីវិត​រស់នៅ​បានយូ​រ​ទៅមុខទៀត​។ ទោះ​រង​ការរិះគន់​ខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស​នានា​ក្ដី លោក​ក៏​អះអាងថា សង្គ្រាម​គ្រឿងញៀន​នៅ​ហ្វីលីពីន​ទៅមុខ​រហូត​។



​នាឱកាស​ខួបកំណើត​កងទ័ពជើងទឹក​ហ្វីលីពីន លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រាប់​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​គ្រឿងញៀន​ពី​វិធីសាស្ត្រ​រក្សា​ជីវិត​ឲ្យ​រស់នៅ​បានយូរ និង​មិន​អស់​ជីវិត​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក​។ លោក ឌូ​ទើ​តេ មិនបាន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​ជាក់លាក់​ឡើយ តែ​លោក​បាន​សំដៅ​ដល់​ឈ្មួញ​ដែលមាន​បាន​ដោយសារ​ការរកស៊ី​លក់​គ្រឿងញៀន​នៅក្នុង​ខេត្ត​សេ​ប៊ូ​ភាគ​កណ្ដាល​ហ្វីលីពីន​។

​ចំពោះមុខ​យោធា​ជើង​ទឹក​ហ្វីលីពីន​ជាច្រើន​នាក់​ដែល​ចូលរួម​កម្មវិធី​នៅ​ថ្ងៃទី​២២ ខែឧសភា លោក ឌូ​ទើ​តេ និយាយ​បែប​ព្រមាន​ជនសង្ស័យ​ទាំងនោះ​ថា​៖ «​អ្នកដឹង​ទេ បើ​ខ្ញុំ​នៅ​សេ​ប៊ូ ខ្ញុំ​នឹង​ស្នាក់​នៅក្នុង​ពន្ធនាគារ​។ អ្នក​ចង់​រស់​បានយូរ​? ដេក​ក្នុង​គុក​ទៅ​»​។ យោងតាម​សារព័ត៌មាន ABC News ប្រមុខ​ដឹកនាំ​ហ្វីលីពីន​រូបនេះ​ក៏​ប្រាប់​ឲ្យ​ពួកគេ​ទាំងនោះ​បង្កើត​មូលហេតុ​ដើម្បី​ឲ្យ​បាន​ចូលក្នុង​គុក និង​មិនត្រូវ​ចាកចេញ​ចាកចេញ​ពី​គុក​ឡើយ ព្រោះ​វា​មិនមាន​សុវត្ថិភាព​ទេ​។

​មិន​ត្រឹមតែ​គំរាម​ឈ្មួញ​គ្រឿងញៀន​ឡើយ លោក ឌូ​ទើ​តេ ក៏​ឆ្លៀត​ព្រមាន​ប៉ូលិស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ផង​។ ដោយ​ទទួលស្គាល់ថា មាន​មន្ត្រីប៉ូលិស​ហ្វីលីពីន​ជាច្រើន​ជាប់​ទាក់ទិន​គ្រឿងញៀន​នេះ ប្រធានាធិបតី​មាត់​អត់​គម្រប​រូបនេះ​បាន​ព្រមាន​ថា ប្រសិនបើ​ពួកគេ​ឃុបឃិត​ក្នុង​សំណុំរឿង​គ្រឿងញៀន មន្ត្រីប៉ូលិស​ទាំងនោះ​នឹងត្រូវ​អស់​ជីវិត​មុនគេ​។ លោក​ក៏បាន​រំឭក​ករណី​សម្លាប់​ប៉ូលិស និង​ចៅហ្វាយក្រុង​ខ្លះ​ដែលមាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​។​

​ស្របពេល​មនុស្ស​ជាង​បួន​ពាន់​បាន​ស្លាប់​ក្នុង​សង្គ្រាម​គ្រឿងញៀន​ដែល​ចាប់ផ្ដើម​នៅ​ដើម​អាណត្តិ​មក​នោះ លោក ឌូ​ទើ​តេ បានប្រកាស​ជាថ្មី​ថា យុទ្ធ​ការ​បោសសម្អាត​នេះ​នឹងមិន​បក​ក្រោយ​ឡើយ​។ លោក​សង្កត់ធ្ងន់ថា វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​របស់លោក​មាន​អ្នក​មិន​ចូលចិត្ត​ដែរ តែ​មិន​មានការ​ត្រឡប់ក្រោយ​ឡើយ ហើយ​លោក​នឹង​បន្ត​ដឹកនាំ​យុ​ទ្ធា​នា​ការ​នេះ​ទៀត​។

​សង្គ្រាម​គ្រឿងញៀន ពិតជា​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក និង​ស្ថាប័ន​អន្តរជាតិ​នានា​ផង ដោយ​ចាត់ទុកជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ពាក្យរិះគន់​ទាំងនោះ​រង​ការឆ្លើយតប​ដោយ​ពាក្យសម្ដី​ធ្ងន់ៗ​របស់លោក ឌូ​ទើ​តេ ។ អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា សហភាព​អឺរ៉ុប ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ សុទ្ធតែ​ត្រូវបាន​លោក ឌូ​ទើ​តេ វាយប្រហារ​ដោយ​សម្ដី​មិនសូវ​សមរម្យ​ជា​បន្តបន្ទាប់​៕


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com