អន្តរជាតិ
ស្ត្រីទីមួយម៉ាឡេស៊ី សុំឲ្យប្រជាជនឈប់ជូនអំណោយដល់គ្រួសារលោកស្រី ហើយបង្វែរទៅជួយអ្នកខ្វះខាតវិញ លោក មហាធៀ និងភរិយាលោកស្រី ស៊ីទី នៅក្នុងឆ្នាំ ២០០៧ (រូបភាព AFP)
× ស្ត្រីទីមួយម៉ាឡេស៊ីលោកស្រីវេជ្ជបណ្ឌិត ស៊ីទី ហាស្មា (Siti Hasmah) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកដែលបន្តជូនពរលោកស្រី និងស្វាមីក្រោយសម្ព័ន្ធបក្សប្រឆាំង Pakatan Harapan ឈ្នះឆ្នោត។ ប៉ុន្តែលោកស្រីក៏បានសុំចិត្តឲ្យប្រជាជនឈប់ជូនអំណោយដល់លោកស្រី និងស្វាមីទៀត ហើយបង្វែរវាទៅជាអំណោយមនុស្សធម៌ដល់ជនខ្វះខ្វាតវិញ។
បន្ទាប់ពីលោក មហាធៀ មហាម៉ាត់ ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី ៧ គេឃើញមានការបន្តសាទរ និងការជូនពរឲ្យលោក និងក្រុមគ្រួសារមានសុខភាពល្អ និងបន្តដឹកនាំប្រទេសទៅមុខទៀត។ ប៉ុន្តែមានខ្លះទៀតជូនអំណោយដល់លោក មហាធៀ និងភរិយាផងដែរ។
ពាក់ព័ន្ធនឹងការបន្តជូនអំណោយនេះ លោកស្រី Marina Mahathir បាននាំសារម្តាយរបស់លោកស្រី ស៊ីទី ហាស្មា ទៅកាន់ជនរួមជាតិម៉ាឡេស៊ី ដោយបានសុំចិត្តឲ្យប្រជាជនទាំងអស់ដែលគោរពស្រលាញ់ក្រុមគ្រួសារលោកស្រីបន្តជូនពរជាពាក្យសម្តីបានហើយ មិនចាំបាច់ផ្តល់អំណោយឡើយ។
«ម្តាយខ្ញុំបានសុំឲ្យខ្ញុំនាំសារនេះទៅជូនអ្នកទាំងអស់គ្នា។ ចាប់ពីបោះឆោ្នតមកនេះរយៈពេលពីរសប្តាហ៍មកនេះ គាត់បានទទួលការជូនពរច្រើនណាស់ពីអ្នកទាំងអស់គ្នា ហើយមានការអបអរសាទរគាត់និងឪពុកខ្ញុំផង។ ម៉ាក់ខ្ញុំគាត់សប្បាយចិត្ត និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្តអ្នកទាំងអស់ដែលជូនពរ និងបួងសួង។
«ប៉ុន្តែភ្ជាប់ជាមួយសារជូនពរ វាក៏មានផ្កា ចំណីអាហារ និងអំណោយផ្សេងទៀតដែរ។ គាត់សុំឲ្យខ្ញុំស្នើសុំទៅអ្នកទាំងអស់គ្នាឲ្យឈប់ជូនអំណោយដល់ពួកគាត់ទៀតដែរ។ គាត់សុំឲ្យអ្នកទាំងអស់គ្នាយោគយល់ដោយឈប់ជូនអំណោយនេះទៅគាត់ទៀត។ ផ្ទុយទៅវិញ ម្តាយខ្ញុំគាត់សុំឲ្យអ្នកទាំងអស់គ្នាផ្តល់អំណោទៅកាន់សកម្មភាពមនុស្សធម៌តាមសមានចិត្តរបស់ខ្លួនចុះ។ វាជារឿងដែលធ្វើឲ្យម្តាយខ្ញុំសប្បាយចិត្តខ្លាំងបំផុត»។ នេះសាររបស់លោកស្រី Marina Mahathir តាមគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
កូនស្រីរបស់លោក មហាធៀ ខាងលើបានពន្យល់ថា ហេតុផលដែលម្តាយលោកស្រីសុំចិត្តប្រជាជនបែបនេះដោយសារហេតុផលពីរ។ ទីមួយគឺ វិន័យរបស់គណបក្ស Pakatan Harapan ដែលកំពុងដឹកនាំរដ្ឋាភិបាលគឺកម្រិតមិនឲ្យអ្នកនយោបាយទទួលអំណោយពីគេឡើយ វាលែងតែអំណោយនោះជាផ្កា ឬជាចំណីអាហារ។
ទីពីរ គឺទាក់ទងនឹងបញ្ហាផ្ទាល់ខ្លួនរបស់លោក មហាធៀ និងលោកស្រី ស៊ីទី។ បញ្ហានោះគឺថា លោកមហាធៀ មិនបានរើទៅនៅនិវេសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីនៅក្រុង Putrajaya ឡើយ ផ្ទុយទៅវិញលោកស្រីនិងស្វាមីបន្តរស់នៅផ្ទះខ្លួនឯងដដែល។ លោកស្រី Marina Mahathir បន្ថែមថា ឪពុកនិងម្តាយលោកស្រីចូលចិត្តរស់ផ្ទះខ្លួនឯងជាង ប៉ុន្តែសំខាន់វាមិនមានកន្លែងច្រើនសម្រាប់ដាក់អំណោយដែលគេជូនទៀតឡើយ៕
Tag:
មហាធៀ មហាម៉ាត់
ស៊ីទី ហាស្មា
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com