អន្តរជាតិ
រដ្ឋបាល ត្រាំ ពិចារណា​ផ្តាច់​វិភាគទាន​ទៅ​ទីភ្នាក់ងារ UN ក្រោយ​ទទួល​ប៉ា​ឡេ​ស្ទី​ន​ជា​សមាជិក​
24, May 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​មិន​ពេញចិត្ត​នឹង​ការផ្តល់​សមាជិកភាព​ពេញលេញ​ដល់​ប៉ា​ឡេ​ស្ទី​ន រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កំពុង​ពិ​ចា​ណា​ផ្តល់ជំនួយ​ទៅកាន់​ទីភ្នាក់ងារ​ពីរ​របស់​អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​ឃ្លាំមើល​ការប្រើប្រាស់​អាវុធ​គីមី​។ ជាធម្មតា អាមេរិក​មាន​វិធានការ​ប្រឆាំង​រាល់​ស្ថាប័ន​ឬ​ទីភ្នាក់ងារ​អន្តរជាតិ​ណាមួយ​ដែល​ផ្តល់​ជា សមាជិកភាព​ពេញសិទ្ធិ​ដល់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​។​



​ប៉ា​ឡេ​ស្ទី​ន​បាន​ក្លាយជា​សមាជិក​ផ្លូវការ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អភិវឌ្ឍ​ពាណិជ្ជកម្ម (UNCTAD) ទីភ្នាក់ងារ​អភិវឌ្ឍ​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ (UNIDO) និង​អនុសញ្ញា​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី (CWC) ហើយ​កាលពី​សប្តាហ៍​មុន​។ វា​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​ស្រមៃ​ចង់បាន​ភាពជា​រដ្ឋ​ស្របច្បាប់ ប៉ុន្តែ​វា​ជា​រឿង​ដែល​អាមេរិក​មិន​ពេញចិត្ត​ឡើយ​។​

​បើតាម​មន្ត្រី​អាមេរិក រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កំពុង​ពិចារណា​លើ​ការផ្តាច់​ជំនួយ​សម្រាប់​ទីភ្នាក់ងារ​ទាំងបី​ខាងលើនេះ ដោយសារ​ការផ្តល់​សមា​ជិ​ក​ភាព​ពេញលេញ​ដល់​ប៉ា​ឡេ​ស្ទី​ន​បែបនេះ​។

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្តី​មន្ត្រី​ម្នាក់​ដែល​មិន​បង្ហាញ​អត្ត​សញ្ញា​ដូច្នេះ​៖ វា​តែងមាន​គោលជំហរ​ដដែល​សម្រាប់​សហរដ្ឋអាមេរិក​ដែល​យល់ឃើញថា រាល់​ការប៉ុនប៉ង​ចូលរួម​របស់​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​អង្គការ​អន្តរជាតិ​នោះ​ជា​រឿង​ឆាប់រហ័ស​ពេក និង​មិនមាន​ផល​វិជ្ជមាន​ឡើយ​»​។​

«​យើង​នឹង​ពិនិត្យមើល​រាល់​បទបញ្ញត្តិ​របស់​អា​មេ​រិ​ក​ដែល​រឹតត្បិត​សមាជិកភាព​របស់​ប៉ា​ឡេ​ស្ទី​ក្នុង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​»​។ នេះ​ជាការ​បន្ថែម​របស់​មន្ត្រី​ខាងលើនេះ​។

​សហរដ្ឋអាមេរិក​មាន​ច្បាប់​ហាមឃាត់​ការផ្តល់​វិភាគទាន​ដល់ទី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ផ្តល់​សមាជិកភាព​ឲ្យ​ប៉ា​ឡេ​ស្ទី​ន ដែល​បច្ចុប្បន្ន​មិន​ត្រូវបានគេទទួលស្គាល់​ជា​រដ្ឋ និង​ត្រឹម​ជា​ភាគី​សង្កេតការណ៍​នៅ​អង្គការសហប្រជាជាតិ​ឡើយ​។​

​ការពិចារណា​ផ្តាច់ជំនួយ​ដល់​ស្ថាប័ន​អង្គការសហប្រជាជាតិ​នេះ​កើតឡើង ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អាមេរិក​ល្អក់កករ​កាន់តែខ្លាំង​ទៀត ដោយសារ​លោក ត្រាំ សម្រេច​ទទួល​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​។ ប៉ា​ឡេ​ស្ទី​ន​ចាត់ទុក​ហ្ស៊េ​រុយ​សា​ឡិ​ម​ភាគ​ខាង​កើតជា​អនាគត​រដ្ឋធានី​របស់​ខ្លួន​ពេល​ខ្លួន​ក្លាយជា​រដ្ឋ​ជា​ផ្លូវការ​។

​តាមពិត​ទៅនេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល​រដ្ឋបាល​អាមេរិក​កាត់ផ្តាច់​លុយ​ចំពោះ​ស្ថាប័ន​អន្តរជាតិ និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដែល​ផ្តល់​សមាជិកភាព​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​នោះ​។ កាលពី​ឆ្នាំ ២០១១ អាមេរិក​សម្រេច​ដក​វិភាគទាន​សម្រាប់​អង្គការ​យូណេស្កូ ដែរ​នៅពេលដែល​ប៉ា​ឡេ​ស្ទី​ន​ចូល​ជា​សមាជិក​ទីភ្នាក់ងារ​នេះ​។ ចំណែក​ឆ្នាំមុន រដ្ឋបាល​លោក ត្រាំ ក៏​សម្រេច​កាត់​ជំនួយ​ដែល​ផ្តល់​ឲ្យ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ហើយ​ការសម្រេចចិត្ត​បែបនេះ​បានធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ប្រឈមមុខ​ការលំបាក​ខ្វះ​ហិរញ្ញវត្ថុ​ក្នុង​ការធានា​កម្មវិធី​អប់រំ និង​សុខាភិបាល​ដែល​ផ្តល់ជូន​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែរ​។

​តាមពិតទៅ ប៉ា​ឡេ​ស្ទី​ន​ក្លាយជា​ភាគី​អង្កេត​ការណ៍​របស់​អង្គការសហប្រជាជាតិ​នៅ ២០១២ ប៉ុន្តែ​ការ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​តម្រូវ​ឲ្យ​មានការ​គាំទ្រ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ គេ​ដឹង​ច្បាស់​ថា វា​ជា​រឿង​មិនអាច​ក្លាយជា​ការពិត​ព្រោះ​អាមេរិក​នឹង​ប្រើប្រាស់​សិទ្ធិ​ជំទាស់​របស់ខ្លួន​ជាក់​ជាមិនខាន​៕



Tag:
 ដូ​ណា​ល់ ត្រាំ​
  ប៉ា​ឡេ​ស្ទី​ន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com