អន្តរជាតិ
មហាសេដ្ឋី​ម៉ាឡេស៊ី Robert Kuok ប្រា​ប់លោក មហា​ធៀ​៖ «​លោក​បាន​សង្គ្រោះ​ប្រទេស​ម៉ាឡេស៊ី​»
24, May 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មហាសេដ្ឋី​ម៉ាឡេស៊ី​លោក Robert Kuok បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ជា​លើកដំបូង​បន្ទាប់ពី​សម្ព័ន្ធ​បក្សប្រឆាំង​ជាប់ឆ្នោត​។ ក្នុងជំនួប​នោះ​លោក Kuok បាន​គោរព និង​ថ្លែងអំណរគុណ​ដល់​លោក មហា​ធៀ ដែល​បាន​សង្គ្រោះ​ប្រទេសជាតិ​កន្លងមក​ថែម​ទៀតផង​។​



 ក្រោយ​ត្រូវបាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធបុរស (CEP) លោក Robert Kuok ដែល​ត្រូវគេ​ស្គាល់​ថា​ជា មហាសេដ្ឋី​ម៉ាឡេស៊ី​ហើយ​រស់នៅ​ហុងកុង បាន​អញ្ជើញ​មកជួប​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់​នៅ​សប្តាហ៍​នេះ​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៅ​ក្រុង Putrajaya​។

​នៅក្នុង​ខ្សែអាត់​វីដេអូ​ដែល​ចុះផ្សាយ​ដោយ​អង្គការ​នយោបាយ  Kelab Chedet ដែល​ចុះផ្សាយ​ថ្ងៃ​ពុធ​ទី ២៣ ខែឧសភា លោក Kuok បាន​គោរព និង​ថ្លែងអំណរគុណ​ដល់​ការប្រឹងប្រែង​របស់លោក មហា​ធៀ ក្នុងការ​សង្គ្រោះ​ប្រទេសជាតិ​ផងដែរ​។​



​លោក Kuok ដែលមាន​វ័យ ៩៤ ឆ្នាំ​នោះ​និយាយ​ទៅកាន់​លោក មហា​ធៀ ដូច្នេះ​៖« ខ្ញុំ​គោរព​លោក​។ លោក​បាន​សង្គ្រោះ​ប្រទេស​ម៉ាឡេស៊ី​។ ពិត​ហើយដោយ​មានការ​ជួយ​ពី​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Daim Zainuddin»​។​

​ថ្លែង​ចប់​ភ្លាម លោក មហា​ធៀ បាន​ឆ្លើយតប​វិញ​ថា​៖« ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ត្រូវការ​ឲ្យ​លោក​ជួយ​វិញ​ម្តង​»​។
​លោក Kouk ត្រូវបាន​គេ​ស្គាល់​ថា​ជា​មហាសេដ្ឋី​កំពូល​របស់​ម៉ាឡេស៊ី ហើយ​លោក​ត្រូវបានតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធបុរស​បច្ចុប្បន្ន​។  បើតាម​ទស្សនា​វ​ដ្តី Forbes លោក Robert Kuok មានទ្រព្យ​សរុប ២០ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នេះ​ធ្វើ​ឲ្យ​លោក​ក្លាយជា​អ្នកមាន​ជាងគេ​នៅ​ម៉ាឡេស៊ី និង​មហាសេដ្ឋី​លំដាប់​ទី​ប្រាំមួយ​នៅ​អាស៊ីអាគ្នេយ៍​ផង​។

​តាមពិតទៅ ក្រុមប្រឹក្សា​ព្រឹទ្ធបុរស​ដែលមាន​សមាជិក​ប្រាំ​រូប​សុទ្ធតែជា​មនុស្ស​ល្បី​និង​មានបទពិសោធន៍​ខ្ពស់​នេះ មាន​តួនាទី​សំខាន់​ក្នុងការ​ប្រឹក្សា​យោបល់​ដល់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រដ្ឋ​ផងដែរ​។​

​តាម​ការសន្យា​ក្នុងពេល​ឃោសនា លោក មហា​ធៀ សន្យា​ធ្វើយ៉ាងណា​បោសសម្អាត​អំពើពុករលួយ​ដែល​កំពុង​ហ៊ុមព័ទ្ធ​ស្ថាប័ន​សាធារណៈ​ម៉ាឡេស៊ី និង​ធានា​ដណ្តើម​យកលុយ​រដ្ឋ​ដែល​បាត់បង់​ទៅមក​វិញ​ផង​។ ក្រៅពីនេះ​រដ្ឋាភិបាល​លោក​ក៏​យកចិត្តទុកដាក់​លើ​ការដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​សាធារណៈ​ដូចជា​ការកើនឡើង​នូវ​បំណុល​រដ្ឋ និង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្នុងនោះ​មានការ​លុបចោល​ពន្ធ​លើ​ទំនិញ និង​សេវាកម្ម ហើយ​ឈានទៅ​ផ្តល់​ការឧបត្ថម្ភ​ធន​លើ​ប្រេង​ផងដែរ​។

​ម្សិលមិញ​លោក មហា​ធៀ បានប្រកាស​កាត់លុយ​ស​មា​ជិ​ក​គណៈរដ្ឋមន្ត្រី ១០​ភាគរយ​ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គោលនយោបាយ​ត្បិតត្បៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​សាធារណៈ​ផងដែរ​៕


Tag:
 ម៉ាឡេស៊ី​
  Robert Kuok
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com