អន្តរជាតិ
ប្រមុខ​ការទូត​ចិន​ប្រតិកម្ម ក្រោយ​អាមេរិក​លុបចោល​ការអញ្ជើញ​ឲ្យ​ចូលរួម​សមយុទ្ធ​យោធា​
24, May 2018 , 10:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នៅ​ថ្ងៃទី​២៣ ខែឧសភា បាន​ប្រតិកម្ម​តប​ទៅនឹង​ការសម្រេចចិត្ត​របស់​ម​ន្ទីរ​បញ្ច​កោណ​អាមេរិក​ដែល​លុបចោល​ការអញ្ជើញ​យោធា​ចិន​ឲ្យ​ចូលរួម​សមយុទ្ធ​ជើង​ទឹក RIMPAC ឆ្នាំ​២០១៨ ។ លោក វ៉ាង យី បាន​ហៅ​ការសម្រេចចិត្ត​នេះ​ជា​រឿង​មិនមាន​ប្រយោជន៍​អ្វី​សោះ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។ ការលុបចោល​ការអញ្ជើញ​នេះ ធ្វើឡើង​ខណៈដែល​អាមេរិក និង​ចិន​កំពុង​មិនត្រូវ​គ្នា​លើ​រឿង​ពាណិជ្ជកម្ម​ស្រាប់​ផង​។



​ក្រសួងការពារជាតិ​អាមេរិក​បាន​លុបចោល​ការអញ្ជើញ​កងទ័ព​ជើង​ទឹក​ចិន​ឲ្យ​ចូលរួម​សមយុទ្ធ RIMPAC ឆ្នាំ​២០១៨ ដែល​គ្រោង​ធ្វើ​នៅ​កោះ​ហា​វ៉ៃ​។ ក្រសួងការពារជាតិ​អាមេរិក​បាន​យក​ករណី​ចិន​បង្កើន​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​មូលហេតុ​នៃ​ការលុបចោល​ការអញ្ជើញ​នេះ​។ យោ​ធូប​នីយកម្ម​របស់​ចិន​នៅក្នុង​តំបន់​សមុទ្រ​នេះ​បាន​ក្លាយជា​គូប្រជែង​ឥទ្ធិពល​របស់​អាមេរិក​ក្នុង​តំបន់​ដែលមាន​យូរ​មកហើយ​។​

​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ Christopher Logan និយាយថា ការលុបចោល​ការអញ្ជើញ​នេះ ជាការ​ឆ្លើយតប​បឋម​របស់​អាមេរិក​ចំពោះ​សកម្មភាព​យោធា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​បន្ត​កើតឡើង​។ លោក​ពន្យល់​ទៀតថា សកម្មភាព​យោធា​របស់​ចិន​នៅ​តំបន់​ជម្លោះ​ធ្វើ​ឲ្យ​តំបន់​មាន​អស្ថិរភាព និង​កើន​កម្ដៅ​ទៅវិញ​ទេ ហើយ​វា​ក៏​មិន​សមស្រប​តាម​គោលការណ៍​របស់​សមយុទ្ធ RIMPAC ដែរ​។​

​ឆ្លើយ​ការសម្រេចចិត្ត​របស់​យោធា​អាមេរិក រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ដែល​ស្ថិតនៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក៏បាន​ស្ដីបន្ទោស​តប​វិញ​ដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​អាមេរិក Mike Pompeo នៅ​ថ្ងៃទី​២៣ ខែឧសភា លោក វ៉ាង យី និយាយថា ការសម្រេចចិត្ត​លុបចោល​ការអញ្ជើញ​ពី​សំណាក់​មន្ទីរ​បញ្ច​កោណ​ជា​ជំហាន​មិនមាន​ប្រយោជន៍​ឡើយ និង​ធ្វើឡើង​ដោយ​មិន​យកចិត្តទុកដាក់​។ លោក​បន្តថា វា​មិនបាន​ជួយ​អ្វី​ដល់​ទំនាក់ទំនង​អាមេរិក និង​ចិន​ឡើយ​។​

​តាមពិតទៅ យោធា​ចិន​បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ពីរដង​រួចមកហើយ​ក្នុង​ឆ្នាំ​២០១៤ ម្ដង​និង​ក្នុង​ឆ្នាំ​២០១៦ ម្ដងទៀត ឯ​ក្នុង​ឆ្នាំ​២០១៨ វិញ​យោធា​អាមេរិក​បាន​អញ្ជើញ​យោធា​ចិន​តាំងពី​ឆ្នាំ​២០១៧ ម្ល៉េះ​។ ការលុបចោល​នេះ​ធ្វើ​ឡើយ​បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន​ជុំវិញ​សកម្មភាព​យោធា​ចិន​នៅ​តំបន់​ប្រទាញប្រទង់​សមុទ្រ​ចិន​ខាងត្បូង​។ កាលពី​សប្ដាហ៍​មុន យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន H-6K និង​ង​យន្តហោះ​ចម្បាំង​មួយចំនួនទៀត​បានធ្វើ​លំ​ហាត់​យោធា​នៅ​ម្ដុំ​កោះ​ប៉ា​រ៉ា​សែ​ល​ទៀតផង​។​

​អាមេរិក​មិន​សប្បាយចិត្ត​ពេល​មាន​គូប្រជែង​អានុភាព​ខ្លួន​នៅ​តំបន់​ដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់ខ្លួន​រាប់សិប​ឆ្នាំ​មកហើយ​នោះ​។ ជានិច្ចកាល ក្រុង​វ៉ាស៊ីនតោន​តែង​រិះគន់​ក្រុង​ប៉េកាំង​ជុំវិញ​វត្តមាន​នាវា​ចិន ឬ​យន្តហោះ​ចម្បាំង​នៅ​តំបន់​សមុទ្រ​ដែល​សម្បូរ​ធនធាន និង​ជា​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់បំផុត​មួយ​លើ​ពិភពលោក​។ ការលុបចោល​ជំនួប​នេះ ក៏​ជា​សញ្ញា​បង្ហាញ​ពី​ការប្រឈមមុខ​រវាង​មហាអំណាច​ទាំងពីរ ដែល​កំពុង​ប្រទាំង​ប្រទើស​លើ​រឿង​ពាណិជ្ជកម្ម​៕  


Tag:
 អាមេរិក​
  ចិន​
  វ៉ាង យី​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com