អន្តរជាតិ
សភា​មី​យ៉ាន់​ម៉ា​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​បើកផ្លូវ​ឲ្យ​អង្គភាព​ប្រឆាំង​ពុករលួយ​ស៊ើប​មន្ត្រី​ដែលមាន​បាន​ខុស​ប្រក្រតី​
25, May 2018 , 2:40 pm        
រូបភាព
ដោយ:
​សភា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា បានអនុម័ត​លើ​សេចក្តីស្នើច្បាប់​វិសោធនកម្ម​ពាក់ព័ន្ធ​នឹង​ការផ្តល់​សិទ្ធិអំណាច​បន្ថែម និង​កាន់​តែមាន​ឥទ្ធិពល​សម្រាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយរ​។ ការអនុម័ត​លើ​សេចក្តីស្នើច្បាប់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាព​ស្អាតស្អំ​របស់​មន្ត្រី​រដ្ឋាភិបាល ដែលជា​គោលនយោបាយ​ចម្បង​មួយ​របស់​រដ្ឋាភិបាល​ស៊ីវិល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ។



​បើ​មិនមាន​ការជំទាស់​ពី​សភា​ជាន់​ទាប​មី​យ៉ាន់​ម៉ា​នោះទេ សេចក្តីស្នើច្បាប់​វិសោធនកម្ម ដែល​ផ្តល់​សិទ្ធិអំណាច​កាន់តែ​ធំ​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​បំពេញបេសកកម្ម​បោសសម្អាត​អំពើពុករលួយ និង​សូកប៉ាន់ នឹងត្រូវ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ធរមាន​នាពេល​ឆាប់ៗ​នេះហើយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy នៅ​ថ្ងៃ​២៣ ឧសភា ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ សេចក្តីស្នើច្បាប់ ដែល​ទើបតែ​អនុម័ត​ដោយ​សភា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​នេះ បានផ្តល់​សិទ្ធិអំណាច​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ស៊ើបអង្កេត​ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​របស់ខ្លួន​លើ​រាល់​មន្ត្រី​ស៊ីវិល​ទាំងឡាយណា ដែល​ត្រូវបាន​មើលឃើញថា មាន​ភាពមានបាន​ឬ​សម្បូរបែប​ខុសពី​ប្រក្រតី ខណៈ​ច្បាប់​មុន អង្គភាព អាចធ្វើ​បាន​ដោយ​តាមរយៈ​បណ្តឹង​ផ្លូវការ​ប៉ុណ្ណោះ ។

​ជាមួយគ្នានេះ តាម​ការអះអាង​របស់​សមាជិកសភា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​លោក Aung Thein វិសោធនកម្ម​ច្បាប់​នេះ មាន​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងការ​កម្ចាត់​បញ្ហា​អំពើពុករលួយ ដែលមាន​ចាស់​ឬ​ស​យ៉ាងជ្រៅ ទាំង​លើ​សកម្មភាព​លួច​កញ្ចប់​ថវិការដ្ឋ​ដោយ​ស្ថាប័ន និង​ដោយ​មន្ត្រី​ជាដើម ។

​គួរ​ជម្រាប​ផងដែរ​ថា នាឱកាស​បុណ្យ​ទឹក ឬ​បុណ្យចូលឆ្នាំ​មី​យ៉ាន់​ម៉ា​កន្លងទៅ ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា ក៏បាន​ប្រកាស​ព្រមាន​រួចទៅហើយ​អំពី​ចំណាត់ការ​របស់លោក​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​នៅក្នុង​អង្គភាព​សាធារណៈ​។ នាពេលនោះ លោក​ប្រធានាធិបតី បានលើកឡើង​ពី​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​រិះរក​មធ្យោបាយ​ដំឡើង​ប្រាក់បៀវត្ស ដូច្នេះ មន្ត្រី​ស៊ីវិល ក៏​គួរតែ​បំពេញការងារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​៕


Tag:
 មី​យ៉ាន់​ម៉ា
  ពុករលួយ
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com