អន្តរជាតិ
ប្រទេស​ណាខ្លះ​ដែល​បាន​ដូរ​ឈ្មោះ​នា​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ?
27, May 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​មហាក្សត្រ​ស្វា​ស៊ី​ឡង់ Mswati ទី​បី កាលពី​ខែមេសា​កន្លងមក បានសម្រេច​ដូរ​ឈ្មោះ ប្រទេស ស្វា​ស៊ី​ឡង់ (Swaziland) របស់ខ្លួន ទៅជា «​រាជាណាចក្រ អ៊ី​ស្វា​ទី​នី​» (eSwatini) វិញ​។ ហេតុផល​សំខាន់​នៃ​ការប្តូរឈ្មោះ​ប្រទេស​នេះ គឺ ដោយសារ​មនុស្ស​ភាគច្រើន​ច្រឡំ​ស្វា​ស៊ី​ឡង់​ជាមួយ​ស្វី​ស (Switzerland)​។ នា​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ប្រទេស និង​រដ្ឋ​ជាច្រើន​ក៏បាន​ប្តូរ​ឈ្មោះ​របស់ខ្លួន​ក្រោម​ហេតុផលៗ​ផងដែរ​។​



​សារព័ត៌មាន Thmey Thmey សូម​លើកយក​ពី​ប្រទេស និង​រដ្ឋ​មួយចំនួន​ដែល​បាន​ប្តូរ​ឈ្មោះ ក្នុងនោះ​ក៏មាន​កម្ពុជា ថៃ និង​មី​យ៉ាន់​ម៉ា ផងដែរ​។​

​មី​យ៉ាន់​ម៉ា​៖
​ភូមា ត្រូវបាន​ប្តូរ​ទៅជា​មី​យ៉ាន់​ម៉ា បន្ទាប់មក​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បន្ទាប់​រដ្ឋប្រហារ​ឆ្នាំ​១៩៨៩​។ បី​ទោះជា​ឈ្មោះ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​មួយចំនួន និង​ក្រុម​ជនជាតិដើម​ភាព​តិច បាន​ច្រានចោល​។ ទើប​ដល់​ឆ្នាំ​២០១០ ឈ្មោះ​នេះ មានការ​ឯកភាព​ប្រើ​ជា​ផ្លូវការ​។​

​ថៃ​៖
​ស្យាម​ស្ថិត​របបរាជានិយម​ដែល​មិន​ធ្លាប់​ស្ថិតក្រោម​អាណានិគម​ប្រទេស​ណាមួយ​ឡើយ​។ នៅ​ឆ្នាំ​១៩៣៩ ពោលគឺ​បន្ទាប់​មាន​រដ្ឋប្រហារ ប្រទេស​បាន​ប្តូរ​ឈ្មោះ​ទៅជា ថៃ ឬ​ថៃឡង់​ដ៍​។​

​អៀរ​ឡង់​៖
​ឈ្មោះ​រដ្ឋ​អៀរ​ឡង់​សេរី (IRISH FREE STATE) ត្រូវបាន​ប្រើប្រាស់ ក្រោម​សន្ធិសញ្ញា​អង់គ្លេស​-​អៀរ​ឡង់​នៅ​ឆ្នាំ​១៩២១​។ បន្ទាប់ពី​ប្រជាមតិ​នៅ​ឆ្នាំ​១៩៣៧ ដើម្បី​ឯករាជ្យភាព​ផ្នែក​ច្បាប់​ពី​អង់គ្លេស ប្រទេស​នេះ បាន​ប្តូរ​ឈ្មោះ​ទៅជា អៀរ​ឡង់ ឬ​សាធារណរដ្ឋ​អៀរ​ឡង់ ដើម្បី​ចែក​ឲ្យ​ដាច់​ពី​អៀរ​ឡង់​ខាងជើង​។​

​បួ​គី​ណា​ហ្សូ​៖
​ឈ្មោះ​សាធារណរដ្ឋ The Repulic Of Upper Volta ត្រូវបាន​ប្រើប្រាស់​រហូតដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​១៩៨៤ បន្ទាប់មក​អតីត​ប្រធានាធិបតី Thomas Sankara បាន​ដូរ​ទៅជា Burkina Faso វិញ​។ បួ​គី​ណា​ហ្វា​សូ មានន័យ​ជារួម​ថា «​មាតុភូមិ​នៃ​មនុស្ស​ស្មោះត្រង់​»​។

​បេ​ណាំង​៖
Dahomey ជា​អតីត​រាជាណាចក្រ​ដ៏​មានអំណាច​មួយ​នៅ​អាហ្វ្រិក​ខាងលិច​នៅមុន​សម័យ​អាណានិគម​។ ក្រោយ​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៦០ ប្រទេស​នេះ​បាន​ប្តូរ​ទៅ​សាធារណរដ្ឋ Dahomey បន្ទាប់មក​ទៅជា​សាធារណរដ្ឋ​ប្រជាមានិត​បេ​ណាំង មុននឹង​ក្លាយជា​សាធារណរដ្ឋ​បេ​ណាំង ចាប់ពី​ឆ្នាំ​១៩៩០ មក​។​

​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​៖
​នៅមុន​ឆ្នាំ​១៩៧១ អារ៉ាប់​រួម​អេ​មី​រ៉ា​ត បា​រ៉ែ​ន និង​កាតា មាន​ឈ្មោះថា​បណ្តុំ​រដ្ឋ TRUCIAL STATES​។ ប៉ុន្តែ​ក្រោយ​ឯករាជ្យ ទឹកដី​ត្រូវបាន​បែងចែក​ដាច់ពីគ្នា ហើយ TRUCIAL STATES ត្រូវ​ប្តូរ​ទៅជា​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​

​ស្រីលង្ការ​៖
CEYLAN ឈ្មោះ​ដើម​របស់​ស្រីលង្ការ ដែល​ស្ថិតក្រោម​អាណានិគម​អង់គ្លេស រហូតដល់​ឆ្នាំ​១៩៧២ ។ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្ការ ត្រូវបាន​ប្រើប្រាស់​រហូតដល់​បច្ចុប្បន្ន​។​

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​៖
​ឈ្មោះ​ហ្សា​អៀរ​ត្រូវបាន​ប្រើប្រាស់​ចន្លោះ​ពីថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​១៩៧១ រហូតដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៩៧​។ បន្ទាប់ពី​លោក Laurent-Désiré Kabila ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី លោក​បាន​ប្តូរ​ទៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ចាប់ពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៩៧​។​

​បុ​ត​ស្វា​ណា​៖
​ចាប់តាំងពី​ការដាក់​អាណានិគម​អង់គ្លេស​នៅ​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​១៨៨៥ បុ​ត​ស្វា​ណា មាន​ឈ្មោះថា Bechuanaland Protectorate ។ ក្រោយ​បាន​ឯករាជ្យ​នា​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​១៩៦៦ ទើប​មានឈ្មោះ​បុ​ត​ស្វា​ណា​។​

​អេ​ត្យូ​ពី​៖
​អាណាចក្រ ABYSSINIA បាន​លាត​សន្ធឹក​នៅលើ​ភាគ​ជើង​ប្រទេស​អេ​ត្យូ​ពី​នាពេល​បច្ចុប្បន្ន រហូតដល់​អេ​រី​ត្រេ​។ ទឹកដី​នេះ ត្រូវបាន​រកឃើញ​នា​អំឡុង​ឆ្នាំ​១២៧០ ។ មិនមាន​ឯកសារ​ច្បាស់លាស់​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ឈ្មោះ​នោះឡើយ ប៉ុន្តែ​ប្រភព​ជាច្រើន​បញ្ជាក់ថា ឈ្មោះ អេ​ត្យូ​ពី ត្រូវបាន​ប្រើ​ចាប់ពី​ដើម​សតវត្សរ៍​ទី​២០​មក​។​

​ស៊ីម​បា​វ៉េ​៖
Colony of Southern Rhodesia គឺជា​ឈ្មោះ​ដែល​ត្រូវបាន​ហៅ​នា​អំឡុង​សម័យ​អាណានិគម ដោយ​លាតសន្ធឹង​ដល់​ភាគ​ខាងជើង​នៃ Limpopo ពី​ឆ្នាំ​១៨៨៨ ដល់​ឆ្នាំ​១៩៧៩​។ ក្រោយ​ទទួលបាន​ឯករាជ្យ ប្រទេស​បាន​ដូរ​ឈ្មោះ​ទៅជា ស៊ីម​បា​វ៉េ វិញ​។​

​បេ​លី​ស​៖
​ក្រោម​អាណានិគម​អង់គ្លេស បេ​លី​ស ត្រូវបាន​ហៅថា «Honduras Britannique»​។ ឈ្មោះ​បច្ចុប្បន្ន ប្រើប្រាស់​ក្រោយ​ទឹកដី​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៨១ ។​

​ហ្សំ​ប៊ី​៖
Northern Rhodesia ជា​ឈ្មោះ​ដែល​ប្រើ​នៅ​សម័យ​អាណានិគម​។ ហ្សំ​ប៊ី ជា​ឈ្មោះ​ដែល​យកតាម​ទន្លេ Zambezi ប្រភព​ផ្តល់​ទឹក​ដ៏​សំខាន់​សម្រាប់​ប្រទេស​ទាំងមូល​។ កាល​អំឡុង​ឆ្នាំ​១៩៥៣ អង់គ្លេស​ព្យាយាម​បង្រួម Northern Rhodesia និង​ភាគខាងត្បូង​ស៊ីម​បា​វ៉េ ជាមួយ​ម៉ាឡាវី​។ ប៉ុន្តែ​ក្រោយ​សង្គ្រាម Northern Rhodesia បាន​រួច​ផុតពី​អាណានិគម ហើយ​បាន​ប្តូរ​ទៅជា​ហ្សំ​ប៊ី ចាប់តាំងពី​ឆ្នាំ​១៩៦៤​មក​។​

​កោះ​វ៉ា​នូ​អា​ទូ (VANUATU)៖
NEW HEBRIDES CONDOMINIUM ជា​ឈ្មោះ​ដើម​របស់​កោះ​វ៉ា​នូ​អា​ទូ​។ នៅ​ឆ្នាំ​១៩៨០ ប្រជុំ​កោះ​ទាំង​៨១​នេះ បានទទួល​ឯករាជ្យ ហើយ​ក៏បាន​ប្រើប្រាស់​ឈ្មោះ វ៉ា​នូ​អា​ទូ រហូតដល់​បច្ចុប្បន្ន​។​

​កម្ពុជា​៖
​កម្ពុជា​ត្រូវ​ប្តូរ​ឈ្មោះ​ជាច្រើនលើក​។ ក្រោយ​សម័យ​អាណាព្យាបាល​បារាំង កម្ពុជា​មានឈ្មោះ​ថា​ជា «​ព្រះរាជាណាចក្រ​កម្ពុជា​» ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ ។ ឈ្មោះ «​សាធារណរដ្ឋ​ខ្មែរ​» ត្រូវ​ប្រើប្រាស់​ក្នុង​របប​លន់ នល់ ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ។ ក្រោម​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មាន​ឈ្មោះថា «​កម្ពុជា​ប្រជាធិបតេយ្យ​។  បន្ទាប់មក មាន​ឈ្មោះថា សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រដ្ឋ​កម្ពុជា មុននឹង​ក្លាយជា «​ព្រះរាជាណាចក្រ​កម្ពុជា​» វិញ ចាប់ពី​ឆ្នាំ​១៩៩៣ មក​។​

​អ៊ីរ៉ង់​៖
​តាម​ប្រវត្តិសាស្ត្រ អ៊ីរ៉ង់ ត្រូវបាន​សរសេរថា Persia ជា​ភាសា​ក្រិ​ក​។ នៅ​ឆ្នាំ​១៩៣៥ រដ្ឋាភិបាល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ផ្សេងៗ ហើយ​ពាក្យ Persia ត្រូវបាន​ជំនួស​ដោយ អ៊ីរ៉ង់ ប៉ុន្តែ​ប្រទេស​លោកខាងលិច​នៅតែ​និយម​ហៅ Persia ដដែល​។ ស្តេច Reza Shah ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី ជា​អ្នក​ផ្តួចផ្តើម​ឲ្យ​មាន​ការដូរ​ឈ្មោះ​ជា​ផ្លូវការ​នេះ​។​

​ហ្ស៊​ក​ដង់​៖
Transjordan ត្រូវបាន​ទទួលស្គាល់​ជា​រដ្ឋ​នៅ​ខែកញ្ញា ឆ្នាំ​១៩២២ ហើយ​បន្ត​ប្រើ​ក្រោម​អាណានិគម​អង់គ្លេស​។ នៅ​ខែឧសភា ឆ្នាំ​១៩៤៦ អាជ្ញាធរ​បាន​ដូរ​ទៅជា «The Hashemite Kingdom of Transjordan» ហើយ​បន្ទាប់មក​ទៅជា​«The Hashemite Kingdom of Jordan​។ បច្ចុប្បន្ន Hashemite ត្រូវបាន​ប្រើប្រាស់​សំដៅលើ​រាជវង្សានុវង្ស រីឯ​ពាក្យ ហ្ស៊​ក​ដង់ យកតាម​ឈ្មោះ​ស្ទឹង Jordan River៕


Tag:
 ប្រទេស​
  រដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com