អន្តរជាតិ
អាមេរិក​និង​កូរ៉េខាងជើង​ចាប់ផ្ដើម​ពិភាក្សា​ការរៀបចំ​ជំនួប​ត្រាំ​-​គីម ឡើងវិញ​
28, May 2018 , 11:37 am        
រូបភាព
​នៅ​ថ្ងៃទី​២៧ ខែឧសភា មន្ត្រី​អាមេរិក​និង​កូរ៉េខាងជើង​បាន​ជួបគ្នា​នៅ​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​ដើម្បី​ជជែក​ពី​ការរៀបចំ​ឡើងវិញ​នូវ​ជំនួប​រវាង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក​ប្រធាន គីម ជុង​អ៊ុន ។ លោក ត្រាំ អះអាងថា ជំនួប​ប្រវត្តិសាស្ត្រ​នេះ​នឹង​ជួយ​ឲ្យ​កូរ៉េខាងជើង​ស្គាល់​ពន្លឺ​ភ្លឺស្វាង​ផ្នែក​សេដ្ឋកិច្ច​មិន​ខាន​។ ក្រៅពី​កូរ៉េខាងជើង មន្ត្រី​អាមេរិក​មួយក្រុម​ទៀត​បានធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី​ដើម្បី​ជជែក​ពី​ការរៀបចំ​ជំនួប​នេះដែរ​។



​មន្ត្រី​អាមេរិក​មួយក្រុម​បាន​ឆ្លង​ចូល​ទឹកដី​កូរ៉េខាងជើង​ដើម្បី​ចាប់ផ្ដើម​ការរៀបចំ​ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ប្រតិភូ​អាមេរិក​ដឹកនាំ​ដោយ​លោក Sung Kim អតីត​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង បាន​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង Choe Son Hui នៅ​ថ្ងៃទី​២៧ ខែឧសភា នៅ​ប៉ែក​ខាងជើង​ខ្សែ​ព្រំដែន​បែងចែក​ឧបទ្វីប​កូរ៉េ​។ ជំនួប​នេះ​រំពឹងថា បន្តធ្វើ​រយៈពេល​ពីរ​ថ្ងៃ​ទៀត​។​

​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​សុទ្ធតែ​បង្ហាញ​ជំហរ​ចង់​ឲ្យ​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម ធ្វើឡើង​តាម​គម្រោង​នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​ដដែល បន្ទាប់ពី​លោក ត្រាំ ប្រកាស​លុបចោល​រួចមក​។ តាមរយៈ​បណ្ដាញ​សង្គម Twitter លោក ត្រាំ សរស​រថា មន្ត្រី​អាមេរិក​បាន​ទៅដល់​កូរ៉េខាងជើង​ដើម្បី​រៀបចំ​ជំនួប​នៅ​ខែក្រោយ ដែល​លោក​ជឿថា នឹង​អាចធ្វើ​ឲ្យ​កូរ៉េ​ខាង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច និង​ហិរញ្ញ​ល្អ​នៅ​ថ្ងៃ​ណាមួយ​។   

​ក្នុងជំនួប​លើក​ទី​ពីរ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៦ ខែឧសភា លោក​ប្រធាន គីម បាន​បញ្ជាក់ថា​ម្ដងទៀត​ពី​ជំហរ​ឥត​ងាករេ​របស់​កូរ៉េខាងជើង​ក្នុងការ​បោះបង់​នុយក្លេអ៊ែរ និង​ជោគជ័យ​នៃ​ជំនួប​ជាមួយ​លោក ត្រាំ ។ យ៉ាងណាមិញ ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង​មិនទាន់​ជឿជាក់​ទាំងស្រុង​លើ​ការធានា​សុវត្ថិភាព​នៃ​របប​ដឹកនាំ​របស់ខ្លួន​ឡើយ នៅពេល​ខ្លួន​យល់ព្រម​រំសាយ​ក្លេ​អ៊ែរ​មែន​នោះ​។

​ទាក់ទង​បញ្ហា​នេះ លោក​ប្រធានាធិបតី ត្រាំ ធ្លាប់​និយាយ​ហើយ​ថា លោក គីម អាច​បន្ត​ដឹកនាំ​កូរ៉េខាងជើង​ទៀត​ដដែល បើ​សុខចិត្ត​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​នោះ​។ លើសពីនោះ អាមេរិក​ក៏​ត្រៀម​ធ្វើ​សម្បទាន​ច្រើន​ទៀត​ទាំង​ការវិនិយោគ ក៏ដូចជា​ការលើកលែង​ទណ្ឌកម្ម​ជាដើម​ឲ្យ​តែ​កូរ៉េខាងជើង​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​ខណៈ​ការចរចា​នៅ​ភូមិ​ប៉ាន់​មុន​ជុម​រវាង​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ធ្វើឡើង មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​មួយក្រុម​ទៀត​បានធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី​ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​ជំនួប​ប្រវត្តិសាស្ត្រ​នេះដែរ​។ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders និយាយថា ក្រុមការងារ​អាមេរិក​មួយក្រុម​បាន​ទៅ​ចាកចេញ​ទៅកាន់​សិង្ហ​បុរី​នៅ​ថ្ងៃទី​២៧ ខែឧសភា ដើម្បី​ជជែក​ពី​កិច្ចការ​ដឹកជញ្ជូន និង​ភស្តុភារ​សម្រាប់​ជំនួប​លោក ត្រាំ និង​លោក គីម ៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com