កីឡាអន្តរជាតិ
អន្តរជាតិ
Bale មាន​ភាគរយ​ច្រើន​ទៅ Man Utd ក្រោយ​ចង់​ចេញពី Real Madrid
29, May 2018 , 7:59 am        
រូបភាព
Manchester United ជា​ក្រុម​នាំមុខគេ​ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​ឆ្នើម Gareth Bale ដែល​កំពុង​ស្រពេចស្រពិល​ពី​អនាគត​របស់គេ​នៅ Real Madrid ក្រោយ​មិនជា​ប់​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់លោក Zinedine Zidane​។



Bale បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ជួយ Real Madrid យកឈ្នះ Liverpool ៣-១ ដើម្បី​លើក​ពាន UEFA Champions League ៣​រដូវ​កាល​ជាប់​គ្នា​។ បើ​ទោះ​ក្លាយជា​វីរបុរស​សម្រាប់​ការប្រកួត​នេះ​ក្តី តែ​ខ្សែប្រយុទ្ធ​សញ្ជាតិ​វេ​លស៍​រូបនេះ​មិន​សប្បាយចិត្ត​នោះទេ ដោយសារ​មិន​ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ និង​ការប្រកួត​ក្នុង​លី​គ​កន្លងមក​។​

Metro បាន​ផ្សាយ​ដូច្នេះ​ថា អតីត​ខ្សែបម្រើ​ស្លាប​របស់ Tottenham Hotspur វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ប្រ​លយ​សម្តី​បន្ទាប់ពី​ការប្រកួត​នេះ ថា​រូបគេ​អាច​នឹង​ចាក​ចេញពី​ទឹកដី Bernabeu នៅ​រដូវ​កាល​ក្រោយ​។​



«​ខ្ញុំ​ត្រូវ​ការលេង​រៀងរាល់​សប្តាហ៍ មិនមែន​ដូច​រដូវ​កាល​នេះឡើយ​»​។ ខ្ញុំ​ត្រូវ​អង្គុយ​កៅអី​ក្នុងនាម​កីឡាករ​បម្រុង​ស្ទើ​ពេញ​មួយ​រដូវ​កាល​នេះ ដូច្នេះ​ខ្ញុំ​ចង់​ជជែក​ពី​អនាគត​របស់ខ្ញុំ​ជាមួយនឹង​ភ្នាក់ងារ​របស់ខ្ញុំ ហើយ​ខ្ញុំ​ចង់​ចេញពី​ទីនេះ​។ ជាការ​ពិតណាស់ ខ្ញុំ​មានការ​ខកចិត្ត​ខ្លាំង​ដែល​មិនអាច​ផ្តើម​ការប្រកួត​សម្រាប់​ជម្រើស​ដំបូង ដូច្នេះ​អ្វីដែល​ល្អ​បំផុត​គឺ​ការចាកចេញ ហើយ​នេះ​ជា​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​»​។ Bale និយាយ​ដូច្នេះ​ក្នុង​សន្និសីត​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត នៅ​ទីក្រុង​កៀរ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ការលើកឡើង​របស់ Bale បានធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម​មាន​ភាគរយ​ខ្ពស់​ដើម្បី​នាំ​រូបគេ​មកកាន់​ទឹកដី Old Trafford បើទោះជា​បរាជ័យ ៣​លើ​កម​ករូច​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​ប្រសិនបើ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Jose Mourinho ចង់បាន​រូបគេ​មែន​នោះ គឺ​ត្រូវ​ចំណាយ​រហូត ១០០​លាន​ផោន (១៣៣​លាន​ដុល្លារ​) ទៅ​ឲ្យ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ និង​ផ្តល់​ថ្លៃ​ពលកម្ម ៤​សែន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល​និយាយថា​វត្តមាន Bale អាចមក​ដោះស្រាយ​បញ្ហា​ប្រយុទ្ធ​នៅ​តំបន់​ស្លាប​របស់ Man Utd បាន បើទោះបី​គេ​មាន​បញ្ហា​របួស​កន្លងមក​ក៏ដោយ​៕


Tag:
 បាល់ទាត់​
  Gareth Bale
  Manchester United
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com