អន្តរជាតិ
ឥណ្ឌា​បន្ត​រកស៊ី​ជាមួយ​អ៊ីរ៉ង់​និង​វេ​ណេ​ស៊ុយ​អេ​ឡា ដោយ​មិន​ខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក​
29, May 2018 , 2:18 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌា Sushma Swaraj
រដ្ឋមន្រ្តីការបរទេសឥណ្ឌា Sushma Swaraj
​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា Sushma Swaraj នៅ​ថ្ងៃទី​២៨ ខែឧសភា បានប្រកាស​ជំហរ​ច្បាស់លាស់​មួយ​ដោយ​មិន​ខ្វល់ខ្វាយ​នឹង​ការ​គំរាម​របស់​អាមេរិក​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ និង​វេ​ណេ​ស៊ុយ​អេ​ឡា​ឡើយ​។ ពោល គឺ​ឥណ្ឌា​នឹង​បន្ត​រកស៊ី​ជាមួយ​ប្រទេស​ទាំងពីរ​ទៀត ទោះ​ត្រូវ​ប្រឈមមុខ​សម្ពាធ​របស់​អាមេរិក​ក្ដី​។ លោកស្រី Swaraj អះអាងថា គោលនយោបាយ​ការបរទេស​របស់​ឥណ្ឌា​មិន​ពឹង​ផ្អែកលើ​សម្ពាធ​នរណា​ឡើយ ហើយក៏​មិន​ត្រូវការ​ការបង្ខិតបង្ខំ​ពី​ប្រទេស​ណា​ដែរ​។​



​ការ​គំរាម​របស់​អាមេរិក​លើ​ក្រុមហ៊ុន​បរទេស​ដែល​ចង់​រកស៊ី​ជាមួយ​អ៊ីរ៉ង់ និង​វេ​ណេ​ស៊ុយ​អេ​ឡា គ្មាន​ផលប៉ះពាល់​អ្វី​ដល់​ឥណ្ឌា​ឡើយ​។ នេះ​ជា​ចម្លើយ​របស់​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា Sushma Swaraj តប​ទៅកាន់​សំណួរ​ពាក់ព័ន្ធ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់ និង​វេ​ណេ​ស៊ុយ​អេ​ឡា​។ លោកស្រី Swaraj និយាយថា ឥណ្ឌា​មិនមាន​គោលនយោបាយ​ការបរទេស​ក្រោម​សម្ពាធ​របស់​ប្រទេស​ណាមួយ​នោះទេ​។​

​ប្រមុខ​ការទូត​ឥណ្ឌា​និយាយ​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ Mohammad Javad Zarif នៅ​ថ្ងៃទី​២៨ ខែឧសភា​។ លោក Zarif ទៅកាន់​ឥណ្ឌា​ក្នុង​គោលដៅ​ប្រមូល​ការគាំទ្រ​ដើម្បី​ប្រឆាំង​ទង្វើ​របស់​អាមេរិក ដែល​គំរាម​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​ក្រោយ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ អាមេរិក​ក៏​គំរាម​ដាក់ទណ្ឌកម្ម​លើ​វេ​ណេ​ស៊ុយ​អេ​ឡា​ផង ដោយសារ​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ដែល​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ឈ្នះឆ្នោត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Swaraj បញ្ជាក់ថា ក្រុង​ញូវដែលី​មិន​ជឿ​លើ​ន​យោ​បា​ប្រតិកិរិយា​ឡើយ ហើយក៏​មិន​ត្រូវការ​ឲ្យ​អ្នកណា​បង្រៀន​ដែរ​។ លោកស្រី​បន្តថា ឥណ្ឌា​មិន​ចង់​មាន​គោលនយោបាយ​ដែល​រង​សម្ពាធ​ពី​ប្រទេស​ផ្សេង​ឡើយ ហើយ​ឥណ្ឌា​ក៏​ជឿ​លើ​ទណ្ឌកម្ម​ចេញពី​អង្គកា​សហប្រជាជាតិ មិនមែន​ប្រទេស​ណា​នោះឡើយ​។

​តាមពិតទៅ ទាំង​អ៊ីរ៉ង់ ទាំង​វេ​ណេ​ស៊ុយ​អេ​ឡា​សុទ្ធ​តែមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រឹងមាំ​ជាមួយ​ឥណ្ឌា​ទាំងអស់ ហើយក៏​ជា​ប្រភព​ប្រេង​ដ៏​ធំ​របស់​ឥណ្ឌា​ដែរ​។ ពាណិជ្ជកម្ម​ទ្វេភាគី​ឥណ្ឌា​-​អ៊ីរ៉ង់​មាន​ទំហំ​ជិត​១៣​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដោយ​ឥណ្ឌា​នាំចូល​ពី​អ៊ីរ៉ង់​ក្នុង​ទំហំ​ទឹកប្រាក់​១០.៥​ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​ជា​ប្រេង​ឆៅ​។ ក្រៅពី​ពាណិជ្ជកម្ម ឥណ្ឌា​ក៏មាន​ផែនការ​សាងសង់​កំពង់ផែ​មួយ​នៅ​អ៊ីរ៉ង់​ដើម្បី​បញ្ចៀស​ការប្រើប្រាស់​កំពង់​ផែ​របស់​ប៉ា​គី​ស្ថាន​ផង​។​

​សម្រាប់​ទំនាក់​ទំនងជា​មួយ​ក្រុង​កា​រ៉ា​កាស​វិញ ប្រមុខ​ការទូត​ឥណ្ឌា​លើកឡើងថា ការរកស៊ី​នឹង​បន្តធ្វើ​ដដែល ប៉ុន្តែ​ឥណ្ឌា​មិន​ប្រើប្រាស់​រូបិយ​បណ្ណ​អេឡិចត្រូនិក (Cryptocurrency) សម្រាប់​ការដោះដូរ​ក្នុង​ពាណិជ្ជកម្ម​ប្រេង​ឡើយ ព្រោះ​ធន​គារ​ជាតិ​ឥណ្ឌា​ហាមឃាត់​ការប្រើប្រាស់​រូបិយ​បណ្ណ​ប្រភេទ​នេះ​។ យ៉ាងណាមិញ ឥណ្ឌា​នឹង​រក​មធ្យោបាយ​សម្រាប់​ការដោះដូរ​ផ្សេង​ក្នុងការ​រកស៊ី​ជាមួយ​វេ​ណេ​ស៊ុយ​អេ​ឡា​៕


Tag:
 ឥណ្ឌា​
  អ៊ីរ៉ង់​
  វេ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com