ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​ថៅកែ​ចិត្តចោរ​» វណ្ណ​កម្ម​អក្សរសិល្ប៍​ទំនើប ដែល​ស្តែង​ថា​អយុត្តិធម៌​មាន​តាំង​ពីមុន​
29, May 2018 , 7:19 pm        
រូបភាព
​ល្ខោននិយាយ​«​រឿង​ថៅកែ​ចិត្តចោរ​» ជា​វណ្ណ​កម្ម​អក្សរសិល្ប៍​ទំនើប ដែលជា​ស្នាដៃ​និពន្ធ​របស់លោក អ៊ុំ ឈឺ​ន និង​លោក ពៅ យូ​ឡេង ក្នុង​ឆ្នាំ​១៩៥៦​។ រឿងនេះ​ជា​អក្សរ​សិ​ល្បិ៍​ខ្មែរ​បែប​ទំនើប ដែល​បានបង្ហាញ​អំពី​តថភាព​សង្គម​ខ្មែរ​នា​សម័យ​នោះ ដែលមាន​ទាំង ភាពអយុត្តិធម៌​ក្នុងសង្គម ភាព​ឆោតល្ងង់​របស់​កម្មករ​គ្មាន​ចំណេះដឹង ភាពទាល់ច្រក​ព្រោះ​ក្រីក្រ និង​ភាពមិនប្រាកដប្រជា​រប​ស់​យុវជន ទៅលើ​ភាពអយុត្តិធម៌​សង្គម​។ តថភាព​ទាំងនេះ ក៏​នៅតែ​បន្ត​មាននៅ​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​ដែរ​។​



​លោក សិទ្ធ ពិសី ជា​និស្សិត​មួយរូប​ដែល​បាន​មើល​ល្ខោននិយាយ​រឿង «​ថៅកែ​ចិត្តចោរ​» បាន​និយាយថា រឿងនេះ​ដ្បិតតែ​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​កាល​ពីស​ម័​យ​នោះ​ក្ដី តែ​ទិដ្ឋភាព​ទាំងនោះ​នៅតែមាន​មកដល់​បច្ចុប្បន្ន​។ លោក​ហ៊ាន​អះអាង​ដូច្នេះ ព្រោះ​គ្រួសារ​របស់លោក ក៏​ធ្លាប់​ទទួលរង​ភាពអយុត្តិធម៌ លើ​ការកាត់ក្ដី​ដែរ​។ លោក សិទ្ធ ពិសី បញ្ជាក់ថា​៖«​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ មាន​អំពើពុករលួយ​បែបនេះ​។ ជាក់ស្ដែង​រឿងនេះ ដូចជា​រឿង​គ្រួសារ​ខ្ញុំ​អីចឹង​។ មាន​អ្នក​ស៊ីសំណូក ក្នុង​រឿងក្ដី​បែបនេះ​ដែរ​។ រឿងនេះ មាន​តាំង​ពីមុន​រហូតដល់​ឥឡូវ​»​។



​អ្នកទស្សនា​មួយរូប​ទៀត គឺ​អ្នកស្រី ស្អាត ស៊ី​វន អាយុ​៦៦​ឆ្នាំ ហាក់​មិនសូវ​សប្បាយចិត្ត​ឡើយ នៅពេលដែល​រឿងនេះ បញ្ចប់​ត្រង់ចំណុច ឱ្យ​មនុស្ស​ការពារ​យុត្តិធម៌​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ព្រោះតែ​ការស៊ីសំណូក អ្នកស្រី​យល់ថា​ការណ៍​នេះ​មិនបាន​ផ្ដល់​យុត្តិធម៌​ឱ្យដល់​អ្នក​ស្លូតត្រង់​។ អ្នកស្រី ស៊ី​វន បញ្ជាក់​៖«​រឿងនេះ​បង្ហាញ​ពី​បញ្ហា​សង្គម​ពិតៗ​។ វា​ពិត​ជាមាន​បែបនេះ​មែន តែ​ខ្ញុំ​មិនសូវ​ពេញចិត្ត​នៅ​វគ្គ​បញ្ចប់​ទេ​។ ខ្ញុំ​ចង់ឱ្យ​គេ​រក​យុត្តិធម៌​ឱ្យ​អ្នក​ស្លូតត្រង់ មិនមែន​ចាប់​គេ​ដាក់គុក​ទេ​»​។



​ជា​សាស្ត្រាចារ្យបង្រៀន​ផ្នែក​នាដសាស្ត្រនិយាយ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​លោក អន សុភៈ ដែល​បាន​ដើរតួ​ជា​ថៅកែ ក្នុង​រឿងនេះ បាន​លើកឡើងថា​ល្ខោននិយាយ​រឿង​«​ថៅកែ​ចិត្តចោរ​»​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ភាពអវិជ្ជមាន ច្រើនជាង​វិជ្ជមាន ដើម្បីឱ្យ​អ្នកមើល​បាន​ពិចារណា​ឱ្យឃើញថា ត្រូវធ្វើ​យ៉ាងណា​ឱ្យ​កើតមាន​ភាពយុត្តិធម៌​ក្នុងសង្គម​។



​លោក​បាន​សង្កត់ធ្ងន់ថា ក្នុង​វគ្គ​មួយ​បង្ហាញ​ពី​យុវជន​មួយរូប ដែល​ទើប​បញ្ចប់​ការសិក្សា គេ​មិន​ហ៊ាន​និយាយថា គេ​នឹងមិន​ទទួល​សំណូក​ឡើយ ប្រសិនបើ​គេ​ធ្វើការ​ក្នុង​រាជការ​។ លោក​ថា យុវជន​ខ្មែរ​មួយចំនួន​នៅក្នុង​សង្គម​បច្ចុប្បន្ន ក៏​ស្ថិត​ក្នង​សភាព​ដូច​យុវជន​នៅក្នុង​រឿងនេះ​ដែរ ព្រោះ​ពេល​គេ​នៅ​រៀន គេ​តែង​ជេរ​អ្នកប្រព្រឹត្ត​អំពើរ​ពុករលួយ តែ​ដល់​ខ្លួន​បានធ្វើការ​នោះ​រិញ ក៏​ប្រព្រឹត្ត​ដូច​គេ​ដែរ​។ លោក អន សុភៈ បញ្ជាក់​៖«​យុវជន គាត់​មិនទាន់​យល់ច្បាស់​ទេ ថា​អ្វី​ជា​យុត្តិធម៌​សង្គម​។ មកដល់​បច្ចុប្បន្ន ក៏មាន​យុវជន​បែបនេះ​ដែរ​។ ឃើញ​គេ​ពុករលួយ ត្មះតិះដៀល​គ្រប់បែបយ៉ាង តែ​ដល់​ខ្លួន​ឡើងវិញ​ដូច​គេ​ដែរ​»​។​

​សូម​ស្ដាប់​សំឡេង​រឿង​«​ថៅកែ​ចិត្តចោរ​» ត្រង់​ឈុត តៃកុង​ហំ សួរ​ទៅ​យុវជន​ទើប​បញ្ចប់​ការសិក្សា​ពី​បញ្ហា​ស៊ីសំណូក​របស់​មន្ត្រីរាជកា​រ​៖




​តួ​សម្តែង​នីមួយៗ ត្រូវបាន​ជម្រុះ​ដល់​ទៅ​៣​ដង ដើម្បី​រក​តួ​ដែល​ត្រូវ​នឹង​ចរិត​តួអង្គ​។ ចំណែកឯ​ពេលវេលា​ហាត់​សម​វិញ គឺ​បាន​ចំណាយពេល​កន្លះ​ឆ្នាំ ដើម្បី​មក​សម្ដែង​លើ​ឆាក​តែ​រយៈពេល​ជិត​មួយ​ម៉ោង​តែប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក សួង សុ​ភ័​ក្រ អ្នកដឹកនាំ​ការសម្តែង​ល្ខោននិយាយ​រឿង «​ថៅកែ​ចិត្តចោរ​»​។​



​លោក សួង សុ​ភ័​ក្រ លើកឡើង​បន្តថា រឿងនេះ​មាន​ក្នុង​កម្មវិធីសិក្សា​របស់​ក្រសួង ហើយ​វា​បានផ្ដល់​តម្លៃ​គំនិត​អប់រំ​ច្រើន​ដល់​សង្គម​។ លោក សុ​ភ័​ក្រ ក៏មាន​គម្រោង​យក​រឿងនេះ ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​នៅពេល​ខាងមុខ​ផងដែរ ដែល​គ្រោង​ចំណាយ​ដើមទុន​ជិត​១៥​ម៉ឺន​ដុល្លារ​។ គម្រោង​ផលិត​ជា​ភាពយន្ត​នេះ គឺ​មិន​ត្រឹមតែ​សម្រាប់​បញ្ចាំង​នៅតាម​បណ្តា​រោងភាពយន្ត​នោះទេ តែ​លោក សុ​ភ័​ក្រ​ក៏មាន​មហិច្ឆតា បញ្ចាំង​នៅក្នុង​តំបន់​អាស៊ី អ៊ឺរ៉ុប និង​អាច​សហការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​យកទៅ​បញ្ចាំង​ឱ្យ​សិស្ស​មើល​ផងដែរ​។​លោក សួង សុ​ភ័​ក្រ បញ្ជាក់​៖ «​ខ្ញុំ​សប្បាយចិត្ត ថ្ងៃនេះ​មាន​អ្នកទស្សនា​ច្រើន​។ វា​ជា​ជោគជ័យ​ហើយ​។ ខ្ញុំ​សំណូមពរ​ឱ្យ​យុវជន​គ្រប់រូប​គាំទ្រ ឱ្យ​តម្លៃ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់​ទាំងអស់​។ រឿងនេះ ខ្ញុំ​បាន​បំបែក​ជា​ភាពយន្ត​រួចហើយ​។ ពេលនេះ​កំពុង​ស្វែងរក​ដៃគូ​សហការ​ផលិត​។ បើសិនជា​អាច ខ្ញុំ​ចង់​សហការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​យក​រឿងនេះ ទៅ​ចាក់ឱ្យ​សិស្ស​មើល អាចដាក់​ក្នុង​កម្មវិធីសិក្សា​តែម្ដង តែ​យើង​មិនដឹងថា នឹង​អាច​សម្រេចបាន​ប៉ុណ្ណា​ឡើយ​ វា​គ្រាន់តែ​ជា​គម្រោង​សិន​»៕

​សូម​ស្ដាប់​សំឡេង​រឿង​”​ថៅកែ​ចិត្តចោរ​” ត្រង់​ឈុត​នគរបាលជាតិ ទទួល​សំណូក ពី​ថៅកែ និង​ចាប់​តៃកុង​ហំ និង​កម្មករ​៖





Tag:
 ល្ខោននិយាយ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com