កីឡាអន្តរជាតិ
អន្តរជាតិ
មេធាវី​អេ​ហ្ស៊ី​បម្នាក់ ប្តឹង​ទារ Ramos ជាង​១​ពាន់​លាន​ដុល្លារ ពីបទ​ធ្វើ​ឲ្យ Salah របួស​ស្មា​
29, May 2018 , 8:59 am        
រូបភាព
​មេធាវី​ជនជាតិ​អេ​ហ្ស៊ី​បម្នាក់​ដាក់ពាក្យ​ប្តឹង Sergio Ramos ដោយ​ទាមទារ​សំណង ១​ពាន់​លាន​អឺរ៉ូ (១.២​ពាន់​លាន​ដុល្លារ​អាមេរិក​) ពីបទ​ធ្វើ​ឲ្យ Mohamed Salah រងរបួស​ស្មា​ធ្ងន់ធ្ងរ អំឡុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រវាង Real Madrid និង Liverpool កាលពី​ថ្ងៃទី​២៧ ឧសភា​កន្លងទៅ​។ នេះ​បើតាម​ការផ្សាយ​របស់ Goal.com​។​



​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Liverpool បានទទួល​រងរបួស​សរសៃ​ស្មា ហើយ​ត្រូវ​បង្ខំចិត្ត​ដើរចេញ​ពី​ទីលាន​ទាំង​ទឹកភ្នែក ក្រោយ​ប៉ះទង្គិច​គ្នា​ជាមួយ​ប្រធាន​ក្រុម Real Madrid ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ព្រួ​បារម្ភ​ខ្លាំង​ពី​វត្តមាន​របស់​រូបគេ​ក្នុងការ​ប្រកួត World Cup នៅ​រុស្ស៊ី​ខែក្រោយ​។​

​លោក​មេធាវី Bassem Wahba បានដាក់​ពាក្យ​ប្តឹង Ramos ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ក្រោម​បទ​ចោទ​បង្កកំហុស​ដោយ​ចេតនា​មកលើ Salah ដែលជា​ជនរួមជាតិ​អេ​ហ្ស៊ី​ប​ជាមួយ​ខ្លួន​។​



​ក្នុងការ​បង្ហាញខ្លួន​នៅលើ​ទូរទស្សន៍​អេ​ហ្ស៊ី​ប Sada El-Balad លោក Wahba ដែលជា​មេធាវី​ជនជាតិ​អេ​ហ្ស៊ី​ប​មួយរូប បានប្រកាសថា​លោក​បានដាក់​ពាក្យបណ្តឹង​ទៅកាន់ FIFA ដោយ​ចោទប្រកាន់​ខ្សែការពារ​អន្តរជាតិ​អេ​ស្ប៉ា​ញ ពី​ទង្វើ​ដោយ​ចេតនា​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ Salah​។​

​ក្នុង​បណ្តឹង​នេះ លោក​មេធាវី​ខាងលើ បានស្នើ​ទាមទៀរ​សំណង​លើសពី​១​ពាន់​លា​នុ​ល្លារ​សម្រាប់​គ្រោះថ្នាក់​ខាង​ផ្លួ​វ​កាយ និង​ផ្លួ​វ​ចិត្ត​ដែល Ramos បាន​ប្រព្រឹត្តិ​ដោយ​ចេតនា​លើ Salah និង​ប្រជាជាតិ​អេ​ហ្ស៊ី​ប​ទាំងមូល​។​

​បើទោះបី​ម្ចាស់​ពានរង្វាន់​ស្បែកជើង​មាស​ប្រចាំ Premier League បាន​បង្ហោះ​នៅលើ Twitter កាលពី​ថ្ងៃទី​២៧ ខែឧសភា ថា​ខ្លួន​ជឿជាក់​ក្នុងការ​ទៅ​ចូលរួម​ជាមួយ​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​២២ នៅ​រុស្ស៊ី​ក៏ដោយ ក៏​មិន​អាចធ្វើ​ឲ្យ​មេធាវី​រូបនេះ​ទប់ចិត្ត​មិន​ដាក់ពាក្យ​ប្តឹង​ឡើយ​។​



​ប្រសិនបើ​លោក Wahba ឈ្នះ​បណ្តឹង​នេះ​មែន លោក​នឹង​យកប្រាក់​ទាំងអស់នោះ​ទៅ​បរិច្ចាគ​ដល់​មូលនិធិ​សង្គម Long Live Egypt Fund របស់​រដ្ឋ​ទាំងអស់​៕
 

Tag:
 បាល់ទាត់​
  Mohamed Salah
  Sergio Ramos
  Bassem Wahba
© រក្សាសិទ្ធិដោយ thmeythmey.com