សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទូត​អាមេរិក​និង​ចិន​ទាស់សម្ដី​គ្នា​ក្នុង​កិច្ចប្រជុំ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​
29, May 2018 , 10:19 pm        
រូបភាព
​អគ្គរដ្ឋទូត​អាមេរិក និង​ចិន​បាន​ឆ្លើយឆ្លង​សម្ដី​គ្នា​ទៅមក​ក្នុង​កិច្ចប្រជុំ​មួយ​នៅឯ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ថ្ងៃទី​២៨ ខែឧសភា​។ ទូត​អាមេរិក​បាន​លើកយក​សម្ដី​ចោទប្រកាន់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលថា ចិន​លួច​យក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​អាមេរិក​រកស៊ី​នៅ​ចិន ប៉ុន្តែ​តំណាង​របស់​ចិន​បាន​ទាត់ចោល​ពាក្យ​ប្រកាន់​ទាំងនេះ​។ ដោយសារតែ​ការខ្វែងគំនិត​គ្នា​លើ​រឿង​ពាណិជ្ជ​កម្មនេះ អាមេរិក​និង​ចិន​បានដាក់​ពន្ធ​លើ​ផលិតផល​គ្នា​ទៅមក​។



​អាមេរិក​ប្រកាន់ ចិន​ប្រកែក​។ ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) អាមេរិក​នៅតែ​បន្ត​ចោទ​ចិន​ជុំវិញ​ការផ្ទេរ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​របស់​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​។ តំណាង​អាមេរិក​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លោក Dennis Shea និយាយថា ការបង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ក្រុមហ៊ុន​ចិន ជា​បញ្ញត្តិ​ដែល​ក្រុមហ៊ុន​បរទេស​ត្រូវគោរព​តាម បើ​ចង់រក​ស៊ីក្នុង​ទីផ្សារ​របស់​ចិន ជាពិសេស​នោះ​ក្នុងករណី​រកស៊ី​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន​ទៅទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Shea អះអាងថា នីតិវិធី​អាជ្ញា​បណ្ណ និង​រដ្ឋបាល​របស់​ចិន​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ចែករំលែក​បច្ចេកវិទ្យារ​បស់​ខ្លួន ប្រសិន​ចង់​ធ្វើ​ជំនួញ​នៅ​ទឹកដី​ចិន​។ ជាមួយគ្នា​ដែរ មន្ត្រី​រដ្ឋាភិបាល​អាច​កេងចំណេញ​ពី​ច្បាប់​វិនិយោគ​ដើម្បី​អនុវត្ត​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ដូចគ្នា​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​នៃ​ស្ថាប័ន​ដោះស្រាយ​ទំនាស់​របស់ WTO តំណាង​អាមេរិក​ចាត់ទុក​សកម្ម​ភាព​របស់​ចិន មិនមែនជា​ការអនុវត្ត​នីតិរដ្ឋ​ឡើយ​។​

​ជាការ​ពិត ការផ្ទេ​បច្ចេកវិទ្យា​នេះ ជា​ផ្នែក​មួយ​នៃ​ទំនាស់​ផ្នែក​ពា​ពិ​ជ្ជ​កម្ម​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ​នេះ ខណៈ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អះអាងថា លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន ដ្បិត​ក្រុមហ៊ុន​អាមេរិក​ខាតបង់​ច្រើនណាស់​។ យ៉ាងណាមិញ តំណាង​របស់​ចិន​ប្រចាំ WTO បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងឡាយ​របស់​អាមេរិក ដែលជា​ដើមហេតុ​នាំ​ឲ្យ​មានការ​ដំឡើង​ពន្ធ​លើ​ផលិតផល​គ្នា​ទៅវិញទៅមក​នោះ​។​

​អគ្គរដ្ឋទូត​ចិន​ប្រចាំ WTO លោក Zhang Xiangchen បាន​ប្រាប់​កិច្ចប្រជុំ​ដូចគ្នា ថា មិនមាន​ការបង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​នៅ​ចិន​ឡើយ ឯ​បញ្ញត្តិ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​រំលែក​គំនិត​របស់ខ្លួន​ក៏​គ្មាន​ដែរ​។ ដោយ​ចា​ត​ទុក​ការចោទប្រកាន់​របស់​អា​មេ​រិ​ក​ធ្វើឡើង​ដោយ​ការ​សន្ម​ត់​ទុក​មុន​របស់ មន្ត្រីការទូត​ចិន​ដដែល​នេះ​លើកឡើងថា ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក​ក៏​គ្មាន​ភស្តុតាង​ដើម្បី​ការពារ​អំណះអំណាង​របស់ខ្លួន​ដែរ​។​

​ផ្ទុយ​ពី​ការអះអាង​របស់លោក ត្រាំ តំណាង​របស់​ចិន​ដដែល​លើកឡើងថា ការផ្ទេរ​បច្ចេកវិទ្យា​ជា​សកម្មភាព​ពាណិជ្ជកម្ម​បានផ្ដល់​ផលចំណេញ​ច្រើន​ដល់​អាមេរិក​។ ចំណែកឯ​ការច្នៃប្រឌិត​របស់​ចិន​វិញ​បានមកពី​ការព្យាយាម​របស់​ប្រជាជន​ចិន​ផ្ទាល់ ការវិនិយោគ​លើ​វិស័យ​អប់រំ និង​ការស្រាវជ្រាវ ក៏ដូចជា​ការជំរុញ​ការការពារ​កម្មសិទ្ធិបញ្ញា​ផង​៕


Tag:
 អាមេរិក​
  ចិន​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com