ខ្មែរ​ក្រហម
ជាតិ
អ្នកជំនាញ​៖ ទាហាន​អាមេរិកាំង​ប្រយុទ្ធ​នឹង​ខ្មែរក្រហម​រំដោះ​កប៉ាល់ ​Mayaguez មិនទាន់​ទទួល​កិត្តិយស​ស័ក្តិសម​
30, May 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ការប្រយុទ្ធ​ចុងក្រោយ​រវាង​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក​និង​ខ្មែរក្រហម​បាន​កើតមានឡើង​នៅលើ​កោះតាង​នៅ​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​១៩៧៥​គឺ​ជិត​មួយខែ​បន្ទាប់ពី​ក្រុមខ្មែរក្រហម​បាន​ចូលកាន់​អំណាច​។ ការប្រយុទ្ធ​កើតឡើង​នៅពេលដែល​កង​យោធា​សហរដ្ឋអាមេរិក​បាន​ចូលទៅ​រំដោះ​យក​កប៉ាល​ដឹកទំនិញ​ពី​ក្រុមខ្មែរក្រហម​មកវិញ​។​



​ប៉ុន្តែ​ជាង​៤៣​ឆ្នាំ​ក្រោយមក ពលិកម្ម​របស់​ទាហាន​ទាំងនោះ​នៅ​មិនទាន់​ទទួលបាន​ការផ្តល់​កិត្តិយស​ស័ក្តិសម​នៅឡើយ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រាវជ្រាវ​។​

​កាលពី​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​១៩៧៥ ទូក​ល្បាត​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បាញ់​ឃាត់​កប៉ាល​ដឹកទំនិញ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះថា​ម៉ា​យ៉ា​ហ្គេ​យ៍​និង​បាន​បង្ខំ​ឱ្យចូល​ចត​នៅ​កោះតាង​របស់​កម្ពុជា​ហើយ​បាន​បង្កឱ្យមាន​វិបត្តិ​អន្តរជាតិ​។​

​នាវា​ម៉ា​យ៉ា​ហ្គេ​យ៍​បាន​ដឹក​កុងតឺន័រ​ចំនួន​២៧៤​ដែល​ក្នុងនោះ​មាន​កុងតឺន័រ​ចំនួន​៧៧​ជា​របស់​រដ្ឋាភិបាល​និង​យោធា​។ ទំនិញ​នោះ​យក​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​ព្រៃនគរ​កាលពី​៩​ថ្ងៃមុន​ពេលដែល​របប​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ធ្លាក់ចូល​ក្នុង​ដៃ​ពួក​កំ​ម្មុយ​នី​ស្ត​វៀតណាម​។​

​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Gerald Ford បានអនុញ្ញាត​ឱ្យធ្វើ​ប្រតិបត្តិការ​យោធា​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​។ ក្រុម​ប្រតិបត្តិការ​នេះ​ប្រើ​ឧទ្ធម្ភាគចក្រ​ចំនួន​៨​គ្រឿង​និង​កងកម្លាំង​ម៉ា​រី​ន​ចំនួន​១៧៩​នាក់​ដោយ​ចាក​ចេញពី​មូលដ្ឋាន​យោធា​អូ​តា​ប៉ាវ​នៅ​ប្រទេស​ថៃ​ហើយ​ការប្រយុទ្ធ​មាន​រយៈពេល​១៤​ម៉ោង​តាំងពីព្រឹក​ព្រលឹម​រហូតដល់​យប់​ងងឹត​។​


រូបឯកសារ៖ លោក​ប្រធានាធិបតី Gerald Ford និង​លោក​រដ្ឋមន្ត្រី​ការបរទេស Henry Kissinger ចាប់​ដៃ​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ១៩៧៥។ មុន​នេះ​លោក​ប្រធានាធិបតី​បាន​ប្រកាស​ថា កង​ម៉ារីន​របស់​អាមេរិក​បាន​រកឃើញ​កប៉ាល Mayaguez និង​មនុស្ស​៤០នាក់​នៅ​ក្បែរ​កោះតាង។ (រូបថត AP)

​រយៈពេល​៤៣​ឆ្នាំ​ក្រោយមក លោក​ព្រឹន្ទបាលឯក Fofomaitulagi Tuitele ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅពេល​នោះបាន​រំលឹក​ពី​ព្រឹត្តិការណ៍​ដ៏​ប្រល័យ​នោះ​ថា​៖

«​ស្ថានភាព​ចម្លែក​ខ្លាំងណាស់​ពីព្រោះ​នៅពេលដែល​យើង​ចេញទៅ​កោះ​នោះ គ្រប់គ្នា​គិតថា​ឧទ្ធម្ភាគចក្រ​និង​ចុះចត​ហើយ​យើង​អាច​រត់ចេញ​ឬ​លោត​ចុះ​ប៉ុន្តែ​ការណ៍​ពិត​មិន​ដូច្នោះ​ទ‍េ​»​។​

​លោក Fofomaitulagi Tuitele ដែល​មិត្តភក្តិ​និយម​ហៅថា​Fofo Tuitele ឬ «​ព្រឹន្ទបាលឯក ធ‍ី​» បាន​រៀបរាប់ថា​គ្រាប់កាំភ្លើង​ក្រុម​ទាហាន​ខ្មែរក្រហម​ដែល​នៅ​យាម​កោះ​នោះបាន​បាញ់ស្រោច​មកលើ​ឧទ្ធម្ភាគចក្រ​ដែល​មិនអាច​ឱ្យ​ឧ​ទ្ទ​ម្ភា​គ​ចក្រ​ចុះចត​បាន​ដោយ​ងាយស្រួល​។​

«​ខ្ញុំ​មិនដែល​ឃើញ​ឧទ្ធម្ភាគចក្រ​ណាមួយ​ដែល​ត្រូវ​ចុះចត​ដោយ​ឈប់​កម្ពស់​មួយ​ម៉ែត្រ​ពី​ដី​ហើយ​នៅតែ​បើក​ទៅមុខទៀត​ដូច្នេះ​យើង​ត្រូវតែ​ហក់​ចេញ​ហើយរ​ត‍់​»​។​

​ប្រតិបត្តិ​ការរំដោះ​នោះបាន​បណ្តាលឱ្យ​ទាហាន​អាមេរិកាំង​រងរបួស​៥០​នាក់​និង​ពលី​ជីវិត​ចំនួន​៤១​នាក់​ក្នុងនោះ​បីនាក់​បាន​ជាប់​នៅលើ​កោះ​ហើយ​ត្រូវ​ទាហាន​ខ្មែរក្រហម​ចាប់បាន​និង​សម្លាប់ចោល​នាពេល​ក្រោយមក​។​

​ការស្លាប់​បាត់បង់​ជីវិត​ខាង​ភាគី​អាមេរិកាំង​អាច​ច្រើនជាង​នេះ​បើសិនជា​គ្មាន​វីរភាព​អ្នក​ប្រយុទ្ធ​ដ៏​ក្លាហាន​ដូចជា​លោក​ព្រឹន្ទបាលឯក Fofomaitulagi Tuitele​។ លោក​បាន​លប​ឆ្មក់​ចូល​វាយ​ដល់​ទំ​តាំង​កាំភ្លើងយន្ត​របស់​ក្រុមខ្មែរក្រហម​ដើម្បី​បើកផ្លូវ​ឱ្យ​ឧ​ទ្ទ​ម្ភា​គ​ចក្រ​ដឹក​កងទ័ព​បន្ថែម​អាច​ចុះចត​បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​អតីត​សហការី​និង​អ្នកស្រាវជ្រាវ​។​

​លោក អាល់ ប៊ែ​ល​លី អតីត​ទាហាន​ម៉ា​រី​ន​ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅថ្ងៃនោះ​បាន​រំលឹកថា​៖

«​គាត់​បាន​ឡើងទៅ​នៅពេល​គាត់​ឮ​កាំភ្លើង​នៅ​ទីតាំង​មួយ​ហើយ​បន្ទាប់មក​ក៏​ស្ងាត់បាត់​សំឡេង​។ បន្ទាប់មក​គាត់​ឮស្នូរ​កាំភ្លើង​នៅ​កន្លែង​មួយទៀត​។ ហើយ​វា​ក៏​ស្ងាត់បាត់​។ បន្ទាប់មក​គាត់​ទៅ​ទីតាំង​ទី​បី​ហើយ​វា​ស្ងាត់​ទៀត​។ ខ្ញុំ​គិតថា​គាត់​ចំណាយពេល​ប្រហែល​៣០​នាទី​ឬ​២០​នា​ទ‍ី​»​។​

​នៅពេលដែល​លោក Fofo Tuitele ចេញមក​វិញ​គាត់​បាន​យកជ័យ​ភណ្ឌ​មកជា​មួយ​មាន​អាវុធ​អាកា​៤៧​ចំនួន​ពីរ​ដើម ប៊ីដុង​ទឹក កែវយឹត ស្បែកជើងកង់ឡាន បារី និង​វត្ថុ​ជាច្រើន​ទៀត​។ ការ​សម្រុក​ចូលក្នុង​ទីតាំង​របស់​ក្រុមខ្មែរក្រហម​នេះ​គឺ​លោក Fofo Tuitele ធ្វើឡើង​តែម្នាក់ឯង​ប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អាល់ ប៊ែ​លី​។​

​លោក​បាន​បន្តទៀតថា​៖

«​សកម្មភាព​របស់គាត់​បាន​ផ្លាស់ប្តូរ​ប្រៀប​ក្នុងការ​ប្រយុទ្ធ​គឺ​ស្នូរ​កាំភ្លើង​បាន​ថយចុះ​ហើយ​បន្ទាប់មក​មានការ​បាញ់​គាំទ្រ​តាម​អាកាស​ថែម​និង​មាន​ឧទ្ធម្ភាគចក្រ​ដឹក​កងទ័ព​ថែម​ទៀ​ត‍​»​។​

​លោក Fofo Tuitele បាន​ពន្យល់​ពី​ការសម្រេចចិត្ត​ធ្វើ​ប្រតិបត្តិការ​តែម្នាក់ឯង​ចូលក្នុង​ទីតាំង​របស់​ទាហាន​ខ្មែរក្រហម​ថា​៖

«​ខ្ញុំ​មិន​ចង់យក​អ្នកណា​តាម​ទេ​ដោយសារ​មិន​ចង់​បរាជ័យ​។ ខ្ញុំ​មិនចាំបាច់​បារម្ភ​ពី​ជីវិត​ដៃគូ​។ ខ្ញុំ​អាចធ្វើ​ប្រតិបត្តិការ​ដោយ​រហ័ស​ជាជាង​ប្រាប់​គេ​ថា​ត្រូវធ្វើ​ម៉េច​និង​មិន​ត្រូវធ្វើ​អី​ខ្លះ​។ ខ្ញុំ​អាច​គិតថា​ត្រូវធ្វើ​យ៉ាងម៉េច​ដោយ​ស្ងាត់​ស្ងៀ​ម‍​»​។

​ក្នុងចំណោម​អ្នក​ដែល​ចូលរួម​ប្រយុទ្ធ​ស្ទើរតែ​ទាំងអស់​ជា​ទាហាន​ក្មេងៗ​ដែល​កំពុង​ហាត់​ហ្វឹកហ្វឺន​នៅឡើយ​គឺមាន​អ្នក​ធ្លាប់​ប្រយុទ្ធ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។ ភាគច្រើន​នៃ​ទាហាន​ទាំងនោះ​អាយុ​ពី​១៨​ដល់​២១​ឆ្នាំ​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ​ស្មារតី​ប្រយុទ្ធ​របស់​ពួកគេ​ខ្លាំងក្លា​។ នេះ​បើ​យោងតាម​ការរៀបរាប់រ​បស់​អតីត​មេបញ្ជាការ​ខ្មែរក្រហម​ដែល​ដឹកនាំ​ការប្រយុទ្ធ​នាពេលនោះ​។​

​លោក អែម សោម មេបញ្ជាការ​នៅលើ​កោះតាង​បានបញ្ជាក់​ប្រាប់​លោក Peter Maguire ដែលជា អ្នកស្រាវជ្រាវ​ថា​៖ «​ខ្ញុំ​អាច​និយាយថា​ពួកគេ​ក្លាហាន​។ ពួកគេ​មិន​ខ្លាច​ស្លាប់​ទ‍េ​»​។​

​ទាហាន​ខ្មែរក្រហម​បាន​ស្លាប់បាត់​បង់ជីវិត​ប្រហែល​ជាង​២០​នាក់​។ រីឯ​សហរដ្ឋអាមេរិក​ក្រៅពី​មាន​អ្នកស្លាប់​និង​របួស​គឺ​បាន​ខូចខាត​ឧទ្ធម្ភាគចក្រ​ចំនួន​៣​គ្រឿង​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៅតែ​ចោទសួរ​ពី​វិធី​ដោះស្រាយ​បញ្ហា​ដែល​សហរដ្ឋអាមេរិក​ប្រើប្រាស់​នៅពេលនោះ​ដូចជា​ការប្រើប្រាស់​កម្លាំង​ដែល​មិនមាន​បទពិសោធន៍ ការបរាជ័យ​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​ព្រោះ​ពួកគេ​មិនមាន​ព័ត៌មាន​គ្រប់គ្រាន់​មុនពេល​ប្រយុទ្ធ​ហើយ​នឹកស្មានថា​មិនមាន​ការ​តដៃ​ខ្លាំងក្លា​ទេ​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិនត្រូវ​នឹង​សភាពការណ៍​ពិត​ជាដើម​ពីព្រោះ​រដ្ឋាភិបាល​ខ្មែរក្រហម​បានសម្រេច​ដោះលែង​ចំណាប់ខ្មាំង​ទាំង​៤០​នាក់​និង​កប៉ាល​មុននឹង​ប្រតិបត្តិការ​យោធា​ចាប់ផ្តើម​។​

​លោក Peter Maguire ប្រធាន​មូលនិធិ Fainting Robbin និង​ជា​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា​៖

«​វា​គឺជា​ប្រតិបត្តិការ​យោធា​មួយ​ដែល​មិនចាំបាច់​ទាល់តែសោះ​។ ពួកគេ​ត្រូវ​បញ្ជូនទៅ​កោះ​មួយ​ដើម្បី​ដោះលែង​ចំណាប់ខ្មាំង​និង​នាវា​ដឹកទំនិញ​អាមេរិកាំង​។ នៅពេលដែល​ពួកគេ​ចុះចត​លើ​កោះ​គឺ​កប៉ាល​នោះ​ត្រូវបាន​គេ​ដោះលែង​មកវិញហើយ​។ ដូច្នេះ​គ្មាន​អ្វីដែល​ត្រូវឱ្យ​ពួកគេ​ឡើង​កោះ​នោះ​សោះ​។ ធម្មតា​ការមើល​ថយក្រោយ​ហើយ​រិះគន់​ការសម្រេចចិត្ត​នានា​ជាការ​ងាយស្រួល ប៉ុន្តែ​បើ​និយាយ​ដោយ​យុត្តិធម៌​ទៅ​ក៏​ប្រតិបត្តិការ​នេះ​នៅតែ​ជា​បញ្ហា​រញ៉េរញ៉ៃ​ដ​ដែ​ល‍​»​។​

​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់មាន​ការទទួលស្គាល់​ស្នាដៃ​ទាហាន​ពលី​និង​នៅរស់​រាន​ឱ្យ​ស័ក្តិសម​នឹង​ស្នាដៃ​របស់​ពួកគេ​នៅឡើយ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ម៉ាក់​ខ្វៃ​។​

​កាលពី​ឆ្នាំ​២០១៦ លោក Mark Meadows សមាជិកសភា​ប្រចាំ​រដ្ឋ​North Carolina និង​លោកស្រី Tulsi Gabbard សមាជិកសភា​ប្រចាំ​រដ្ឋ Hawaii បានស្នើ​សេចក្តីព្រាងច្បាប់​មួយ​ផ្តល់​មេដាយ​សង្គ្រាម​វៀតណាម​ដល់​កងកម្លាំង​យោធា​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នាវា Mayaguez នោះ​ផងដែរ ប៉ុន្តែ​មិនបាន​សម្រេច​ជោគជ័យ​ដោយ​អ្នកខ្លះ​លើកឡើងថា​វា​មិនមែនជា​ផ្នែក​មួយ​នៃ​សង្គ្រាម​វៀតណាម​បើទោះបីជា​ឈ្មោះ​របស់​ពួកគេ​មាន​ចារ​នៅឯ​វិមាន​រំលឹក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​ក្នុង​សង្គ្រាម​វៀតណាម​ក៏ដោយ​។​

​លោក Peter Maguire កំពុង​ខិតខំ​ជាថ្មីទៀត​ដើម្បីឱ្យ​ពួកគេ​ទទួលបាន​មេដាយ​កិត្តិយស​នេះ​។ លោក​មិន​យល់ថា​ហេតុអ្វី​បានជា​ការខិតខំ​ប្រឹងប្រែង​លើក​មុន​បាន​បរាជ័យ​៖ «​ខ្ញុំ​មិនដឹងថា​ហេតុអ្វី​ទេ​។ ខ្ញុំ​មិន​យល់ថា​ហេតុអ្វី​បានជា​ឈ្មោះ​របស់​ពួកគេ​នៅលើ​ជញ្ជាំង​វិមាន​នេះ​ប៉ុន្តែ​ពួកគេ​មិន​ទទួលបាន​មេដាយ​សង្គ្រាម​នៅ​វៀត​ណា​ម‍​»​។​


រូបឯកសារ៖ លោក​ Peter Maguire ​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍» (រូបទាញចេញ​ពី​បទសម្ភាសន៍​ជាវីដេអូ​របស់ VOA)

​លោក Peter Maguire យល់ថា​វីរភាព​របស់លោក Fofo Tuitele នៅថ្ងៃនោះ​ក៏​មិនទាន់​ទទួលបាន​ការផ្តល់​កិត្តិយស​ស័ក្តិសម​នឹង​ស្នាដៃ​របស់គាត់​នៅឡើយ​ទេ​ហើយ​លោក​សមតែ​ទទួលបាន​មេដាយ Navy Crox ឬ មេដាយ​កិត្តិយស​ពី​សភាជាតិ​(Congressional Medal of Honor)​។ អតីត​សហការី​ជាច្រើន​នាក់​ដោយ​ក្នុងនោះ​មាន​លោក​Al Bailey បាន​សរសេរ​លិខិតបញ្ជាក់​ពី​សកម្មភាព​របស់លោក Fofo Tuitele នៅ​គ្រានោះ​។​

VOA បាន​ទាក់ទង​ទៅ​ការិយាល័យ​របស់​អ្នកតំណាងរាស្ត្រ​ទាំងពីរ​នាក់ ប៉ុន្តែ​បុគ្គលិក​របស់លោក Mark Meadows ថា​លោក​មិនមាន​ពេលទំនេរ​នឹង​ឆ្លើយតប​បានឡើយ​ក្នុងខណៈ​ពេលដែល​ការិយាល័យ​របស់លោក​ស្រី Tulsi Gabbard មិន​ឆ្លើយតប​នឹង​ការសាកសួរ​ជា​បន្តបន្ទាប់​។​

​លោក​បាន Fofo Tuitele កើត​នៅ​ភូមិ Vailoa នៅលើ​កោះ Savai’I នៃ​ដែនដី Samoa របស់​សហរដ្ឋអាមេរិក​។ លោក​បាន​ចូល​ធ្វើជា​កង​ម៉ា​រី​ន​នៅពេលដែល​លោក​មាន​អាយុ​១៨​ឆ្នាំ​ហើយ​ស្ថិតនៅក្នុង​អង្គភាព Golf Company 2/9, 3 Marine Regiment​ហើយ​បាន​ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​វៀតណាម​ចំនួន​២​ដងដោយ​លោក​ទទួលបាន​មេដាយ Bronze Star និង Purple Heart​។ ក្រោយពី​បម្រើ​ការងារ​ក្នុង​កង​ម៉ា​រី​ន​ជាង​២៣​ឆ្នាំ​លោក​បាន​លាឈប់​ហើយ​បន្តធ្វើ​ការងារ​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​រយៈពេល​ជិត​២០​ឆ្នាំ​ទៀត​។​

​លោក Fofo Tuitele មាន​អាយុ​៧១​ឆ្នាំ​ហើយ​និង​មានកូន​បីនាក់​និង​មាន​ចៅស្រី​ម្នាក់​។ នៅពេលនេះ​លោក​ហ្វូ​ហ្វូ​បាន​ចូលនិវត្តន៍​ហើយ​ស្នាក់នៅ​ទីក្រុង​រី​យូ រែ​ន​ចូ ក្នុង​រដ្ឋ​ញ៉ូ​មិ​ក​ស៊ិ​កូ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com