អន្តរជាតិ
តួអង្គសំខាន់​ដែល​នៅ​ពីក្រោយ​ការរៀបចំ​ជំនួប​ត្រាំ​-​គីម​
30, May 2018 , 7:39 pm        
រូបភាព
ឆ្វេងទៅស្ដាំ៖ លោក ម៉ៃ ប៉ុមប៉េអូ, លោក ចូ ហេគីន, លោក សុង គីម, លោក គីម យ៉ុងឈុល, លោក គីម ចាងសុន, លោកស្រី ឆូ សុនហ៊ី
ឆ្វេងទៅស្ដាំ៖ លោក ម៉ៃ ប៉ុមប៉េអូ, លោក ចូ ហេគីន, លោក សុង គីម, លោក គីម យ៉ុងឈុល, លោក គីម ចាងសុន, លោកស្រី ឆូ សុនហ៊ី
​ការរៀបចំ​ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន កំពុង​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ​។ មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​ដែល​ទទួលបន្ទុក​ការរៀបចំ​ជំនួប​នេះ បាន​ជួបគ្នា និង​គ្រោង​ជួបគ្នា​នៅ​បី​ទីតាំង​ផ្សេងគ្នា​ដើម្បី​ជជែក​ពី​បញ្ហា​នានា​ពាក់ព័ន្ធ​ធានាថា ជំនួប​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី​១២ ខែមិថុនា ដែល​គ្រោង​ធ្វើ​នៅ​សិង្ហ​បុរី អាចធ្វើ​ដំណើរការ​ដោយ​រលូន ជោគជ័យ និង​ទទួលបាន​លទ្ធផល​ល្អ​។​



​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី ដែល​បាន​ស្លាប់​ម្ដង​ហើយ​នោះ មានសង្ឃឹម​កើតឡើង​កាន់តែខ្លាំង ស្រប​ពេលដែល​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ប្រឹងប្រែង​រៀប​ដោះស្រាយ​បញ្ហា​ចាំបាច់​ផ្សេងៗ​ដើម្បី​ឲ្យ​ជំនួប​នេះ​លេច​ជា​រូបរាង​តាម​គម្រោង​ចាស់​។ តាម​ការឯកភាព​គ្នា​លើក​មុន ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង នឹងធ្វើ​នៅ​ថ្ងៃទី​១២ ខែមិថុនា ដោយមាន​សិង្ហ​បុរី​ជា​ម្ចាស់ផ្ទះ​។ ភាគី​ទាំងសងខាង​កំពុង​ចរចា​ដើម្បី​បញ្ចប់​ការរៀបចំ​ឲ្យ​ស្រេចបាច់​។​

​នៅ​ប៉ែក​ខាងជើង​នៃ​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ជជែក​ពី​របៀបវារៈ​សំខាន់​នៃ​ជំនួប​នេះ គឺ​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ប្រតិភូ​អាមេរិក​ដឹកនាំ​ដោយ​លោក សុង គីម (Sung Kim) អ្នកជំនាញ​កិច្ចការ​កូរ៉េខាងជើង បាន​អង្គុយ​ចរចា​ជាមួយ​សម​ភាគី​កូរ៉េខាងជើង ឆូ សុន​ហ៊ី (Choe Son-hui) ដែលជា​អនុរដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​កិច្ចការ​អាមេរិក​។ អ្នក​ទាំងពីរ​ជជែក​ពី​ដំណើរការ​នៃ​ការលុបបំបាត់អាវុធ​នុយក្លេអ៊ែ​រ​។

​នៅឯ​សិង្ហ​បុរី​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​លើកដំបូង មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​មួយក្រុម​ទៀត​ក៏​កំពុង​ជជែក​គ្នា​ដែរ​ក្នុងពេល​ស្របគ្នា​នេះ​។ អនុប្រធាន​បុគ្គលិក​សេត​វិមាន ចូ ហេ​គីន (Joe Hagin) បាន​ពិភាក្សា​ជាមួយ​លោក គីម ចាង​សុន (Kim Chang-son) ដែលជា​មនុស្ស​ជំនិត​លោក គីម ។ មន្ត្រី​ដែលមាន​បទពិសោធន៍​ផ្នែក​ពិធីការ​ទាំងពីរ​នេះ ត្រូវ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ ការដឹកជញ្ជូន ពិធីការ និង​ទីតាំង​ជាក់លាក់​នៃ​ជំនួប​ត្រាំ​-​គីម ។

​ក្រៅពី​ជំនួប​មន្ត្រី​ការងារ​ទាំងពីរ​ក្រុម​នេះ នៅ​ថ្ងៃទី​៣០ ខែឧសភា មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់ទៀត​បាន​ចាក​ចេញពី​ទីក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក​ដើម្បី​ចូលរួម​ជំនួប​ថ្នាក់​មន្ត្រី​ក្រុមការងារ​។ មនុស្ស​ជំនិត​មេដឹកនាំ​កូរ៉េខាងជើង លោក គីម យ៉ុង​ឈុ​ល អនុ​ប្រធាគ​ណៈ​ក​ម្មា​ធិ​ការ​មជ្ឈិមបក្ស​ពលករ​កូរ៉េ និង​ជា​អតីត​មេ​ចារកម្ម​ផង​នោះ នឹង​ជួបចរចា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ។ នេះ​បើតាម​ការប្រកាស​របស់​សេត​វិមាន​។​

ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង​ផ្សាយ​ថា ជំនួប​រវាង​លោក គីម និង​លោក ម៉ៃ ទំនងជា​ការជជែក​ចុងក្រោយ​ថា ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​ត្រូវ​បន្ត​តាម​គម្រោងការ​ចាស់​ឬ​យ៉ាងណា ខណៈ​កាលបរិច្ឆេទ​ដែល​ឯកភាពគ្នា​លើក​មុន​ខិតជិត​ដល់​ទៅហើយនោះ​។ មន្ត្រី​ទាំងពីរ​នេះ​ដែលមាន​បទពិសោធន៍​ផ្នែក​ចារកម្ម​ដូចគ្នា បាន​ដើរ​តួនាទីយ៉ាងសំខាន់​ក្នុងការ​រៀបចំ​ជំនួប​នេះ​តាមរយៈ​ការទាក់ទង​គ្នា​ដោយផ្ទាល់​នាពេល​កន្លងមក​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com