FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Salah អាចអវត្តមាន២ប្រកួតដំបូង ខណៈអ្នកគាំទ្រនាំគ្នាបន់ឲ្យឆាប់ជា អ្នកគាំទ្រអេហ្ស៊ីបបន់ស្រន់ឲ្យ Salah ឆាប់ជាសះស្បើយ
× Mohamed Salah ប្រឈមនឹងអវត្តមានយ៉ាងហោចណាស់ពីរប្រកួតដំបូងឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល A ពានរង្វាន់ FIFA World Cup នៅរុស្ស៊ី ឆ្នាំ២០១៨ បន្ទាប់ពីក្រុមគ្រូពេទ្យប្រចាំក្លិប Liverpool អះអាងថា ខ្សែប្រយុទ្ធឆ្នើមរូបនេះត្រូវទទួលការសម្រាកពីរបួសស្មាចន្លោះពី៣ ទៅ៤សប្តាហ៍។
តារាបាល់ទាត់ដែលកំពុងលេចធ្លោខ្លាំង ចាប់តាំងពីផ្លាស់មកកាន់ទឹកដី Anfield ក្នុងរដូវកាលដំបូង បានទទួលរងរបួសស្មាយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបង្ខំចិត្តដើរចេញពីទីលានទាំងទឹកភ្នែកអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយ Sergio Ramos ខ្សែការពារ Real Madrid។
Foxsports បានចុះផ្សាយដូច្នេះថា លោក Ruben Pons គ្រូពេទ្យជំនាយកាយសម្បទារបស់ហង្សក្រហម បានវាយតម្លៃលើអាការរបួសរបស់ Salah ថាយ៉ាងហោចណាស់ក៏ត្រូវការរយៈពេល៣ទៅ៤សប្តាហ៍ដែរដើម្បីជាសះស្បើយពីបញ្ហាសរសៃស្មាខាងឆ្វេងនេះ។
រយៈពេលសម្រាកជិតមួយខែ មានន័យថាខ្សែប្រយុទ្ធវ័យ២៥ឆ្នាំនេះ អាចចូលមកកាន់ទីលានវិញឆាប់បំផុតត្រឹមថ្ងៃទី១៩ ខែមិថុនា ហើយយ៉ាងយូថ្ងៃទី២៦ ខែមិថុនា ដែលនឹងអាចប៉ះពាល់ដល់ការបង្ហាខ្លួនក្នុងព្រឹត្តិការណ៍ World Cup ចំនួន២ប្រកួតដំបូង។
អេហ្ស៊ីបត្រូវជួប អ៊ុយរូហ្គាយនៃការប្រកួតដំបូងក្នុងពូល A នៅថ្ងៃទី១៥ ខែមិថុនា និងជួបម្ចាស់ផ្ទះរុស្ស៊ីនៅថ្ងៃទី ២០ មិថុនា ដែលស្ថិតក្នុងអំឡុងពេល Salah កំពុងសម្រាក។ ដូច្នេះអតីតសមាជិក Chelsea និង Roma រូបនេះអាចបង្ហាញខ្លួនតែមួយប្រកួតប៉ុណ្ណោះពេលប៉ះជាមួយអារ៉ាប៊ីសាអូឌីត ថ្ងៃទី២៥ ខែមិថុនា ក្នុងវគ្គសន្សំពិន្ទុ។
ព្រឹត្តិការណ៍ World Cup លើកទី២២ ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨៕
Tag:
បាល់ទាត់
Mohamed Salah
FIFA World Cup
GroupA
© រក្សាសិទ្ធិដោយ thmeythmey.com