អន្តរជាតិ
អាមេរិក​ឲ្យ​ឥណ្ឌា​ពិចារណា​ផលវិបាក​ទាំងឡាយ​សិន មុន​ទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 ពី​រុស្ស៊ី​
30, May 2018 , 10:39 pm        
រូបភាព
ប្រព័ន្ធការពារអាកាស S-400 របស់រុស្ស៊ី (រូបភាព AFP)
ប្រព័ន្ធការពារអាកាស S-400 របស់រុស្ស៊ី (រូបភាព AFP)
​សហរដ្ឋអាមេរិក​បាន​ព្រមាន​ឥណ្ឌា​ពី​ផលវិបាក​ទាំងឡាយ​ដែល​អាច​កើតឡើង បើ​សម្រេចចិត្ត​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ដ៏​មាន​ឥទ្ធិពល S-400 របស់​រុស្ស៊ី​។ ឥណ្ឌា​ដែលជា​ម៉ូយ​ដុំ​របស់​អាមេរិក និង​រុស្ស៊ី អាច​ប្រកាស​បំណង​ទិញ​ប្រព័ន្ធ​ការពារ​នេះ​នៅ​ដំណាច់​ឆ្នាំនេះ ដែល​វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អាមេរិក​មិនសូវ​សប្បាយចិត្ត​ឡើយ​។ មុននេះ​អាមេរិក​ក៏​ទើប​គំរាម​ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី​ដែល​ចង់​ទិញ​អាវុធយុទ្ធភណ្ឌ​របស់​រុស្ស៊ី​ដូចគ្នា​ដែរ​។​



​ផែន​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី​ពី​សំណាក់​ឥណ្ឌា ធ្វើ​ឲ្យ​អាមេរិក​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​។ លោក Mac Thornberry ប្រធាន​គណៈកម្មាធិការ​កិច្ចការ​កងទ័ព​ដ៏​មាន​ឥទ្ធិពល​របស់​សភា​អាមេរិក​និយាយថា ការទិញ​ស​ញ្វ​វុ​ធ​ពី​រុស្ស៊ី នឹង​រារាំង​ដល់​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​ឥណ្ឌា និង​អាមេរិក ហើយ​អាមេរិក​អាច​លែង​ចែករំលែក​ព័ត៌មាន​ឲ្យ​ឥណ្ឌា​ផងដែរ​។ លោក​បាន​ប្រាប់​ឲ្យ​ឥណ្ឌា​ពិចារណា​ពី​ផលវិបាក មុននឹង​សម្រេចចិត្ត​ទិញ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ឥណ្ឌា Economics Times នៅ​ថ្ងៃទី​២៩ ខែឧសភា លោក Thornberry បញ្ជាក់ថា ទាំង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ទាំង​សភា សុទ្ធតែ​បារម្ភ​ពី​គម្រោង​ទិញ S-400 នេះ​ទាំងអស់ ហើយ​ក៏បាន​ប្រាប់​ពី​ការព្រួយបារម្ភ​នេះ​ទៅកាន់​អង្គភាព​ពាក់ព័ន្ធ​គ្រប់​កម្រិត​ដែរ​។ សមាជិក​សភាព​ដែល​កំពុង​ទស្សនកិច្ច​នៅ​ឥណ្ឌា​រូប​បន្តថា អាមេរិក​ក៏​ពិបាក​ចែករំលែក​បច្ចេកវិទ្យា​សំខាន់​ទៅ​ឲ្យ​ឥណ្ឌា​ដែរ ដោយសារ​ការ​ផែនការ​ទិញ S-400 នេះ​។​

«​វា​ជាការ​ព្រួយបារម្ភ​នៅពេល​ប្រទេសមួយ​ទិញ​ប្រព័ន្ធ​ការពារ​ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​សមត្ថភាព​ធ្វើការ​ជាមួយ​យោធា​អាមេរិក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Thornberry មុននឹង​និយាយ​បែប​ក្រើនរំឭក​ឥណ្ឌា​ឲ្យ​ចំណាយពេល​គិតគូរ​ឲ្យ​ម៉ត់ចត់​ជុំវិញ​ការទិញ​អាវុធ​របស់​រុស្ស៊ី​។ លោក​ក៏បាន​ភ្ជាប់​ករណីនេះ​ទៅកាន់​គម្រោង​ផ្ទេរ​បច្ចេកវិទ្យា​អាមេរិក​ទៅ​ឲ្យ​ឥណ្ឌា​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការផលិត​យន្តហោះ​ចម្បាំង​ផង​។​

​ផែន​ការទិញ​ប្រព័ន្ធ​ការពារ S-400 នេះ អាច​ត្រូវ​ចុះហត្ថលេខា​ផ្លូវការ​នៅក្នុង​ខែតុលា​ខាងមុខ ហើយ​វា​នឹង​ប៉ះពាល់​ដល់​គម្រោង​លក់​យន្តហោះ​គ្មាន​អ្នកបើក​របស់​អាមេរិក​ផង ខណៈ​រដ្ឋបាល​លោក ត្រាំ បាន​ទើបបាន​ប្រកាស​ផែនការ​សម្រួល​ការទិញ​អាវុធ​ពី​សំណាក់​ប្រទេស​។ ផែនការ​ថ្មី​នេះ​មាន​គោលដៅ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិក​លក់​អាវុធ​ទៅ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​ផ្ទាល់ ដោយ​មិនចាំបាច់​ឆ្លងកាត់​ក្រសួងការបរទេស មន្ទីរ​បញ្ច​កោណ និង​សភា​ឡើយ​។​

​ឥណ្ឌា​មិនមែនជា​ប្រទេស​ទីមួយ​ដែល​រង​សម្ពាធ​ពី​អាមេរិក​ឲ្យ​ពិចារណា​ការទិញ​ប្រព័ន្ធ​ការពារ​របស់​រុស្ស៊ី​ឡើងវិញ​ឡើយ​។ តួ​ក​គី ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក និង​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ដែរនោះ ក៏​រង​ការគំរាមកំហែង​ពី​អាមេរិក​ដែរ​។ ក្រុង​វ៉ាស៊ីនតោន​បាន​គំរាម​ឈប់​លក់​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប F-35 បើ​ក្រុង​អង់កា​រ៉ា​នៅតែ​ជម្នះ​ទិញ S-400 របស់​រុស្ស៊ី​នោះ​៕
 

Tag:
 អាមេរិក​
  ឥណ្ឌា​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com